កម្ពុជា ចូលរួមពិព័រណ៍សាកវប្បកម្មអន្តរជាតិឆ្នាំ២០១៩ ដើម្បីបង្ហាញ សក្តានុពលបេតិកភណ្ឌវប្បធម៌ និងធនធានធម្មជាតិ

AKP ភ្នំពេញ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ — ដើម្បីផ្សព្វផ្សាយពីបេតិកភណ្ឌវប្បធម៌ និងធនធានធម្មជាតិ សំដៅលើកស្ទួយកិត្តិនាមព្រះរាជា ណាចក្រកម្ពុជា នៅលើឆាកអន្តរជាតិ ក្រសួងពាណិជ្ជកម្ម តាមរយៈអគ្គនាយកដ្ឋានជំរុញ ពាណិជ្ជកម្ម បានចូលរួមពិព័រណ៍សាកវប្បកម្មអន្តរជាតិឆ្នាំ២០១៩ ដែលរៀបចំឡើងនៅទីក្រុង ប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ក្រោមប្រធានបទ «រស់នៅកាន់តែល្អប្រសើរ រស់នៅ ជាមួយបរិស្ថានបៃតង»។ ក្នុងពិធីកាត់ខ្សែបូសម្ពោធសួនកម្ពុជា និងពន្លាជាតិ ត្រូវបានធ្វើឡើងកាលពីទី២៨ ខែមេសា ឆ្នាំ២០១៩ នៅក្នុងវេទិកា «ខ្សែក្រវាត់ និងផ្លូវ» លើកទី២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង​មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់កម្ពុជា-ចិន ប្រមាណជាង ១០០នាក់។

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាអគ្គស្នងការតំណាងកម្ពុជា បានបញ្ជាក់ថា រដ្ឋាភិបាលចិន បានផ្តល់ដីក្នុងការសាងសង់សួនជានិមិត្ដរូបនៃប្រទេសនីមួយៗ ដែលជាប្រទេសដៃគូសហប្រតិបត្តិការ «ខ្សែក្រវាត់ និងផ្លូវ»។ ឯកឧត្តមបានបន្ដថា កម្ពុជាបាន ជ្រើសរើស​យក​រចនាបថខ្មែរសម័យក្រោយអង្គរ ដោយផ្សាភ្ជាប់គ្នារវាងបេតិកភណ្ឌវប្បធម៌ និងធនធាន​ធម្ម​ជាតិ ដើម្បីបង្ហាញពិភពលោក ស្គាល់កាន់តែច្បាស់អំពីទំនៀមទម្លាប់ និង​វប្បធម៌​ប្រពៃណីរបស់ប្រជាជន ព្រមទាំងរុក្ខជាតិតំណាងឱ្យអត្តសញ្ញាណខ្មែរ ដូចជាដើមត្នោត ដើមស្លា និងផ្កាភ្ញី។ ឯកឧត្តមរដ្ឋមន្ត្រីបានឱ្យដឹងទៀតថា រាជរដ្ឋាភិបាលតែងយកចិត្តទុកដាក់ លើការគាំពារបរិស្ថាន និងធនធានធម្មជាតិ ដើម្បីផ្សាភ្ជាប់បរិស្ថានបៃតងទៅនឹងការរស់នៅ របស់ប្រជាជន និងពិភពលោក ហើយតាមរយៈការចូលរួមព្រឹត្តិការណ៍ពិព័រណ៍នេះ ក៏នឹងជួយ ទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិន ចូលទៅទស្សនាប្រទេសកម្ពុជាកាន់តែច្រើន ដើម្បី ឈ្វេង​យល់អំពីសក្តានុពលនានា និងធ្វើធុរកិច្ចថែមទៀត។

នៅក្នុងឱកាសនោះដែរ គណៈប្រតិភូកម្ពុជាដឹកនាំដោយសម្តេចតេជោ ក៏បានអញ្ជើញ ទស្សនាសួន និងពន្លាជាតិកម្ពុជា ដែលមានរៀបចំតុបតែងលម្អដោយឧបករណ៍កសិកម្ម វត្ថុសិល្បៈ រូបចម្លាក់បុរាណ ផ្ទាំងគំនូរអំពីរុក្ខជាតិ និងបុប្ផាកម្ពុជា (ផ្កាចំប៉ី ផ្កាចំប៉ា ផ្កាក្តាំងងារ ផ្ការំដួល ផ្កាចន្ធូ) កម្រងឯកសារស្តីពីសមិទ្ធផលសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ទេស ចរណ៍ និងទំនាក់ទំនងការទូត ព្រមទាំងផលិតផលសក្តានុពល សម្រាប់ធ្វើពិពិធកម្ម និង ជំរុញការនាំចេញ ជាដើម។ល។

សូមជម្រាបថា សួនកម្ពុជានឹងបើកឱ្យភ្ញៀវចូលទស្សនារយៈពេល៦ខែ ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩។ នៅអំឡុងពេលនេះ ក៏នឹងមានការប្រារព្ធ​ទិវា​ជាតិកម្ពុជា ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ ជាមួយកម្មវិធីសម្តែងសិល្បៈ ការដើរព្យុះហយាត្រា វេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងសកម្មភាពពិសេសៗជាច្រើនទៀត ដើម្បី​ផ្សព្វផ្សាយសក្តានុពលបេតិកភណ្ឌវប្បធម៌ ធនធានធម្មជាតិ និងតំបន់ទេសចរណ៍របស់កម្ពុជា ទៅកាន់ពិភពលោក៕

ដោយ ម៉ៅ ចរិយា