ប្រធានាធិបតីចិន ប្រកាសផ្ដល់ថវិកាចំនួន ៦០០លានយ័ន ដល់វិស័យការពារជាតិកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ — ឯកឧត្ដម ស៊ី ជិនពីង(Xi jinping) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនបានប្រកាសថា នឹង​ផ្ដ​ល់ថវិកាចំនួន ៦០០ លានយ័ន ដើម្បីជួយដល់វិស័យការពារជាតិរបស់កម្ពុជា។
នេះបើតាមការឱ្យដឹងរបស់ ឯកឧត្ដម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋ បន្ទាប់​ពី​​​​ជំនួបរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែ​ន ​នាយករដ្ឋមន្ត្រីនៃព្រះរា​ជាណាចក្រ​ក​ម្ពុ​​ជា និងឯកឧត្ដម Xi jinping ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន នាព្រឹក​ថ្ងៃ​ទី ២៩ ខែមេសា ​ឆ្នាំ២០១៩ នៅទីក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងខណៈដែល​ស​ម្ដេច​ដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ទៅចូលរួ​ម​វេទិកា«ខ្សែក្រវាត់ និង​ផ្លូ​វ» លើកទី២សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ។

ឯឧត្តម កៅ គឹមហួន បានលើកឡើងថា នៅ​ក្នុ​ង​​ជំនួបនោះ ឯកឧត្តមប្រធានាធិបតី ស៊ី ជិនពីង  ក៏បានបង្ហាញការរីករាយដែល​បានជួប​ជាមួ​យ​សម្ដេចសារជាថ្មីម្ដងទៀតដោយ​យើង​បានចូលរួមក្នុងកិច្ចប្រជុំខ្សែក្រវាត់និងផ្លូវ លើកទី២ ជា​​​មួយគ្នា ការចូលរួមបើកការតាំងពិព័រណ៍ ដែលជាព្រឹត្តិការណ៍ដ៏ល្អ។ ឯកឧត្តមបានមាន​ប្រ​សាសន៍ថា ប្រទេសចិននឹងបន្តគាំទ្រប្រទេស កម្ពុជាក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រ​គ្រប់ជ្រុ​ង​ជ្រោ​យ​ ដោយឯកឧត្តមបានបញ្ជាក់ថា ទំនាក់ទំនង​ទ្វេភាគីរវាងប្រទេសយើងទាំង​ពីរបានឡើ​ងដល់​ក​ម្រិ​តថ្មីមួយទៀត។

សម្ដេចតេជោ ហ៊ុន សែន បានអរគុណចំពោះឯកឧត្តមប្រធានាធិបតី ស៊ី ជិនពីង​ដែលបានទទួលបដិស​ណ្ឋា​រកិច្ច​យ៉ាងរាក់ទាក់ចំពោះវត្តមានរបស់សម្ដេច និងគណៈប្រតិភូមក កាន់​ប្រទេសចិន ​ជា​​​ថ្មី​ម្ដ​ង​​ទៀតនៅពេលនេះ ហើយសម្ដេចក៏បានសាទរចំពោះជោគជ័យ នៃវេទិកាខ្សែ​ក្រវាត់និងផ្លូវ​លើ​ក​ទី២ ដែលជាគំនិតផ្ដួចផ្ដើមរបស់ប្រទេសចិន ដែលឥឡូវ​នេះ​បានក្លាយទៅជាគោលដៅរួ​មស​ម្រា​ប់យើងទាំងអស់គ្នា។ សម្ដេចតេជោបន្តថា វេទិកាខ្សែ​ក្រវាត់​និងផ្លូវលើកទី២នេះបានចូលរួមចំ​ណែ​ក​យ៉ាងច្រើន ហើយសម្រាប់ប្រទេសកម្ពុជា​ក៏បាន​ទទួលនូវអត្ថប្រយោជន៍ពីគំនិ​តផ្ដួច​ផ្ដើ​ម​ នៃវេទិកាខ្សែក្រវាត់និងផ្លូវនេះ ដែលសម្ដេចពិតជា​មាន​ការរីករាយនិង​សង្ឃឹមថាសម្ដេចនឹង​អញ្ជើញចូលរួមនៅក្នុងវេទិកាខ្សែក្រវាត់និងផ្លូវលើកទី ៣ នៅពេលអនាគត។ ក្នុងជំនួបទ្វេភាគី​នេះ​​សម្ដេចតេជោនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ផងដែរ​ថា អ្វីដែលយើងបានពិភាក្សាគ្នាក្នុងជំនួប កាលពីខែមករា ឆ្នាំ ២០១៩ កន្លងទៅថ្មីៗនេះ យើង បានចុះហត្ថលេខាលើឯកសារមួយចំនួនរួម​ទាំ​ងការចុះហត្ថលេខារវាងឯកឧត្ដមឧបនាយករដ្ឋ​មន្ត្រី ហោ ណាំហុង និងឧបនាយករដ្ឋមន្ត្រី វ៉ាងយី ហើ​យ​ថា កម្ពុជាជាប្រទេស ទីមួយក្នុង ចំណោម ប្រទេសអាស៊ាន ដែលបានចុះហត្ថលេខា​លើ​ឯ​ក​សារនេះ ដោយសម្ដេចចាត់ទុកថា ឯកសារនេះ ជាផែនទីចង្អុលផ្លូវ ជាឯកសារៈសំខាន់ណាស់​ស​ម្រាប់ប្រទេសកម្ពុជា ហើយ​ប្រទេស​ឡាវ នឹងចុះហត្ថលេខាលើឯកសារនេះនៅពេលក្រោយ ដែលយើងបានផ្សារភ្ជាប់នៅ​លើឯកសារ គំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវ ជាមួយនឹង​យុទ្ធសាស្ត្រ​ច​តុ​កោណ របស់រាជរដ្ឋា ភិបាលកម្ពុជា។

សម្ដេចតេជោនាយករដ្ឋមន្ត្រីថ្លែងទៀតថា ឥឡូវនេះ​យើ​ងឃើញថាការវិនិយោគមួយ​ចំនួន​ស្ថិតក្រោមក្របខ័ណ្ឌ ខ្សែក្រវាត់និងផ្លូវនេះ។ ទន្ទឹមនេះ​យើ​ងនៅមានកិច្ចសហប្រតិបត្តិ​ការ​លើវិស័យយោធាផងដែរ។ សម្ដេចតេជោក៏បានលើកឡើងអំពីការគម្រាមដក EBA របស់ សហភាពអឺរ៉ុប ហើយទោះជាយ៉ាងណា​ឯកឧត្តម​ប្រ​ធា​នាធិ​បតីនៃសាធារណរដ្ឋប្រជាមានិត​ចិនក៏បានបញ្ជាក់អំពីការខិតខំរបស់​ឯកឧត្តម ក្នុង​ការជួ​យ​​ដល់ប្រទេសកម្ពុជា។ សម្ដេចតេជោ បានបន្ដថា ឥឡូវនេះកម្ពុជាកំពុងតែធ្វើការ​កែ​ទ​​ម្រង់ផ្ទៃក្នុង ដើម្បីធ្វើយ៉ាងណាឱ្យ​កម្ពុជាមាន​លក្ខណៈប្រកួតប្រជែង ជាពិសេសកាត់បន្ថយសេ​វាពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មនៅក្នុង ប្រទេសកម្ពុជា។ សម្តេចតេជោក៏បានស្នើឱ្យ​ក្រុមហ៊ុនចិ​ន​ ដែលកំពុងវិនិយោគនៅប្រទេស​កម្ពុជាជាពិសេស ក្រុមហ៊ុនចិនដែលមានរោងចក្រ ជាង៧០០ ក្នុងចំណោមជាង ១.០០០ រោងចក្រ ឱ្យនៅបន្តធ្វើការវិនិយោគនៅក្នុងប្រទេសកម្ពុជា និ​ង​សុំឱ្យមានការ ចូលមកវិនិយោគ​ពីបណ្ដាក្រុមហ៊ុនថ្មីៗបន្ថែមទៀត។ ទន្ទឹមនេះ​ សម្តេចក៏បាន​ស្នើ​ឱ្យមានការបើកចំហទីផ្សារ​ប្រទេសចិន​កាន់តែធំជាងមុន សម្រាប់នាំចូលកសិផលពី​ប្រទេ​ស​​កម្ពុជាផងដែរ នឹងខិតខំធ្វើ​យ៉ាង​ណារក្សានូវទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ សម្ដេ​ច​តេជោក៏​បានស្នើឱ្យប្រធានា​ធិប​តី​ចិនស៊ីជីនពីងបន្តធ្វើការជាមួយEU ដើម្បីជួយដល់ប្រទេស​កម្ពុជា​ផ​ង​ដែរ ហើយ​សម្ដេចក៏បានគូសបញ្ជាក់អំពីស្ថានភាព ផ្ទៃក្នុងក៏ដូចជាស្ថានភាពសេដ្ឋកិច្ច កម្ពុជា​គឺ​នៅតែល្អ ជាពិសេសគឺស្ថានភាពល្អជាងក្រោយការបោះឆ្នោត អាណត្តិមុនៗទៅទៀត ខណៈក្នុង​រយៈ​ពេល ៣ ខែដើមឆ្នាំ ២០១៩ នេះគឺកាន់តែល្អប្រសើរ ថែមទៀត។

ឯកឧត្ដមប្រធានាធិបតីចិន ស៊ី ជីនពីង បានមានប្រសាសន៍ថា កម្ពុជានិងចិនគឺជាមិត្តល្អ ដោយបានចុះហត្ថលេខាលើឯកសារខ្សែក្រវាត់និងផ្លូវ ហើយយើងនឹងបន្តធ្វើការជាមួយគ្នា ទៅ​តា​មផែនការសកម្មភាព ហើយយើងត្រូវតែបន្តថែទាំនូវទំនាក់ទំនងមិត្តភាព រវាងប្រទេស​ទាំ​ង​ពីរ​។ ឯកឧត្តមប្រធានាធិបតីបានបន្ដថា ពាក់ព័ន្ធនឹងផែនការខ្សែក្រវាត់និងផ្លូវនេះ​យើងនឹង​បន្ត ជំរុញការកសាង​តំបន់សេដ្ឋ​កិច្ចពិ​សេ​​ស ផ្លូវល្បឿនលឿន និងព្រលានយន្តហោះ ជាពិសេស នឹងបន្តនាំចូលអង្ករពីប្រទេស​កម្ពុជា​ទៅ​កាន់ទីផ្សារប្រទេសចិន ទៅតាមចំនួនកូតា ដែលបាន ផ្ដល់ជូនចំនួន៤០ម៉ឺនតោននោះ។ ក្រៅពីនេះ ភា​គី​ចិនថា នឹងបន្តជួយដល់វិស័យ​ការពារជាតិ របស់កម្ពុជា ដោយបានប្រកាសថាចិន នឹង​ជួយថវិ​កា​ចំនួន ៦០០ លានយ័ន ដល់វិស័យការពារ ជាតិកម្ពុជា។ ពាក់ព័ន្ធនឹងការដកEBA ដោយEU នេះ ឯកឧត្តមប្រធានាធិបតីចិនបានថ្លែងថា នឹងបន្តជួយដល់ប្រទេសកម្ពុជា ដើម្បីឱ្យកម្ពុជារក្សានូវ​សិ​ទ្ធិ​ស្របច្បាប់របស់ខ្លួន ហើយចំពោះ​ស្ថានភាពដែលកំពុងមានសម្ពាធនេះ ទោះជាយ៉ាងណាក៏​ដោ​យចិននៅតែបន្តគាំទ្រ ប្រទេស កម្ពុជា៕

ដោយ ជឹម ណារី