គ.ជ.ប នឹងរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្ដីពីការចាប់ផ្តើមពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត

វិទ្យុជាតិកម្ពុជា៖ ដោយ អ៊ី កនិកា
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប នឹងរៀបចំកិច្ចប្រជាមួយភាគីពាក់ព័ន្ធស្ដីពីការចាប់ផ្តើមពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ-សង្កាត់ និងនីតិវិធីចុះឈ្មោះបោះឆ្នោតនៅឃុំ-សង្កាត់ និងបញ្ជូនទិន្នន័យ មក គ.ជ.ប នៅថ្ងៃស្អែកនេះ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប បានឱ្យដឹងថា កិច្ចប្រជុំនេះនឹងធ្វើឡើងនៅថ្ងៃទី៣០ ខែមេសានេះ ដែលប្រព្រឹត្តទៅនៅទីស្តីការ គ.ជ.ប នឹងមានចូលរួមមកពីក្រុមប្រឹក្សាធម្មនុញ្ញ ព្រឹទ្ធសភា និងរដ្ឋសភា ក្រសួងពាក់ព័ន្ធនានា គណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ តំណាងស្ថានទូតជប៉ុន និងអ្នកសារព័ត៌មានជាតិ-អន្តរជាតិ។
អ្នកចូលរួម នឹងត្រូវបានផ្តល់ឱកាសឲ្យសួរនាំ ផ្តល់មតិយោបល់ និងឆ្លើយបំភ្លឺជុំវិញការចាប់ពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនិង នីតិវិធីចុះឈ្មោះបោះឆ្នោតនៅ ឃុំ-សង្កាត់ សម្រាប់ឆ្នាំ២០១៩នេះ។
គ.ជ.ប នឹងធ្វើការចុះបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០១៩ សម្រាប់អ្នកទើបគ្រប់អាយុបោះឆ្នោត ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២២ ខែឧសភាខាងមុខនេះ នៅតាមសាលាឃុំ សង្កាត់ និងនៅតាមភូមិមួយចំនួនក្នុងឃុំ-សង្កាត់ទូទាំងប្រទេស ដើម្បីឲ្យបញ្ជីបោះឆ្នោតសម្រាប់អាណត្តិក្រោយមានភាពពេញលេញ ត្រឹមត្រូវ និងប្រកបដោយភាព បន្ទាប់ពីប៉ាន់ស្មាន់ថា មានអ្នកត្រូវចុះឈ្មោះថ្មីប្រមាណជាង៣៧ម៉ឺននាក់។
គ.ជ.ប បញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៩នេះ មានគោលដៅធានាឲ្យបញ្ជីបោះឆ្នោតមានភាពពេញ ភាពត្រឹមត្រូវ និងមានបច្ចុប្បន្នភាពប្រកបដោយសុវត្ថិភាព តាមរយៈការស្រង់ និងលុបឈ្មោះអ្នកបោះឆ្នោតដែលបានទទួលមរណភាព អ្នកដែលត្រូវបានដកហូតសិទ្ធិបោះឆ្នោតជាបណ្តោះអាសន្ន អ្នកដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចេញទៅឃុំ សង្កាត់ផ្សេងដោយមានឯកសារជាសំអាងត្រឹមត្រូវ និងច្បាស់លាស់ ដើម្បីលុបចេញពីបញ្ជីបោះឆ្នោត ។ជាមួយគ្នានេះ ក៏ដើម្បីកែតម្រូវឈ្មោះ ឬទិន្នន័យអ្នកបោះឆ្នោត តាមសំណើរបស់សាមីខ្លួនដោយផ្អែកលើឯកសារសំអាងត្រឹមត្រូវ ការចុះឈ្មោះបោះឆ្នោតប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោត ហើយមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក ប្រជាពលរដ្ឋខ្មែរដែលទើបគ្រប់អាយុ១៨ឆ្នាំ ប្រជាពលរដ្ឋខ្មែរដែលបានផ្លាស់លំនៅ ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី។ ប្រជាពលរដ្ឋខ្មែរ ត្រូវទៅចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ដែលសាមីខ្លួនកំពុងរស់នៅ ឬស្នាក់អាស្រ័យនៅ៕