សាលារៀនចំនួន៥ បានបញ្ចប់ការសាកល្បងវិធីសាស្រ្តបញ្ចេញកាបូនតិចក្នុងបរិយាកាស

វិទ្យុជាតិកម្ព ុជា៖ ដោយលោកវ៉ាងភក្តី

ភ្នំពេញ៖ សាលារៀនចំនួន៥ បានបញ្ចប់ការអនុវត្តសាកល្បងវិធីសាស្រ្តបញ្ចេញកាបូនតិចក្នុងបរិយាកាស បន្ទាប់ពីបានទទួលការគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសពីសម្ព័ន្ធប្រែប្រួលអាកាសធាតុកម្ពុជា។

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឲ្យដឹងថា សាលារៀនទាំង៥ ដែល ទទួលបានការអនុវត្តសាកល្បងនូវគម្រោងវិធីសាស្រ្តបញ្ចេញកាបូនតិច និងធន់នឹងអាកាសធាតុក្នុងតំបន់ទីប្រជុំជននេះ មានវិទ្យាល័យ ស៊ីសុវត្ថិ វិទ្យាល័យហ៊ុនសែន ប៊ុនរ៉ានីអារុណវត្តី អនុវិទ្យាល័យចតុមុខ អនុវិទ្យាល័យហ៊ុនសែនព្រៃវែង សាលាបឋមសិក្សាភ្លើងឆេះរទេះ។
ថ្លែងក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយសមិទ្ធផលសម្រេចបាន និងបិទបញ្ចប់គម្រោង«រៀបចំបង្កើត និងអនុវត្តសាកល្បងវិធីសាស្រ្ត និងជម្រើសនានាដែលបញ្ចេញកាបូនតិច និងធន់នឹងអាកាសធាតុក្នុងតំបន់ទីប្រជុំជន»នៅថ្ងៃទី២៩ ខែមេសានេះ ឯកឧត្ដម បានបញ្ជាក់ថា គម្រោងសាកល្បងនេះ មានរយៈពេល២ឆ្នាំ និង១ខែ ដោយគិតចាប់ពីដើមខែមេសា ឆ្នាំ២០១៧ ។
ឯកឧត្ដម មានប្រសាសន៍ថា ការអនុវត្តសាកល្បងវិធីសាស្រ្ត និងជម្រើសនានាដែលបញ្ចេញកាបូនតិច និងធន់នឹងអាកាសធាតុក្នុងតំបន់ទីប្រជុំជននេះ បានផ្តោតទៅលើការកសាងសមត្ថភាពស្តីពីគោលការណ៍សាលាមេត្រីបរិស្ថាន ចំណេះដឹងនៃការប្រែប្រួលអាកាសធាតុ ការធ្វើនិងថែទាំសួនជីវៈចម្រុះ ការដាំបន្លែ ការទុកដាក់កាកសំណល់ ការសន្សំសំចៃទឹកដោយប្រើប្រាស់ភ្លៀង ការតម្លើងប្រព័ន្ធសូឡា ការប្រើអំពូល LED ជំនួសអំពូលធម្មតា និងដាក់កង្ហាក្នុងថ្នាក់រៀន ការសង់បង្គន់អនាម័យ និងកន្លែងលាងដៃ ការធ្វើសួនជីវៈចម្រុះនិងដាំដើមឈើ ។
ឯកឧត្ដម បានឲ្យដឹងថា គម្រោងនេះ ក៏មានការសាកល្បងការប្រើប្រាស់ម៉ូតូអាគុយ ចំនួន១២គ្រឿងដោយមន្រ្តីរដ្ឋបាលក្រសួងបរិស្ថាន ដើម្បីបង្ហាញពីការប្រើមធ្យោបាយដឹកជញ្ជូនប្រកបដោយបច្ចេកវិទ្យាប្រើកាបូនតិច និងធ្វើការសិក្សាស្តីពីប្រសិទ្ធភាពសេដ្ឋកិច្ចនៃការប្រើប្រាស់ម៉ូតូអាគុយ ផលចំណេញផ្នែកបរិស្ថាន ព្រមទាំងរៀបចំចងក្រង និងផលិតជាភាពយន្តឯកសារ ស្ពតវីដេអូខ្លី និងចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ វិទ្យុ និងការរៀបចំសារអប់រំស្តីពីបរិស្ថានជាខិត្តប័ណ្ណ និងផ្ទាំងរូបភាព ដើម្បីជាប្រយោជន៍ដល់សិស្សានុសិស្ស និងដល់សង្គមទាំងមូល។
ឯកឧត្ដម មានប្រសាសន៍ថា គម្រោងនេះបានឆ្លើយតបទៅនឹងគោលនយោបាយយុទ្ធសាស្រ្ត និកម្មវិធីរបស់រាជរដ្ឋាភិបាល ជាពិសេសផែនការយុទ្ធសាស្រ្ត កម្មវិធីនិងសកម្មភាពពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិ។
សូមបញ្ជាក់ថា សាលាចំនួន៥ ដែលត្រូវបានជ្រើសរើសឲ្យអនុវត្តសាកល្បងគម្រោងនេះ គឺមានការបំពាក់ប្រព័ន្ធសូឡាចំនួន៤ផ្ទាំងមានកម្លាំង១.១០០វ៉ាត់ ការសន្សំសំចៃទឹកដោយធ្វើអាងត្រងទឹកភ្លៀងចំណុះ៥.០០០លីត្រ ចំនួន២ និងម៉ូទ័របូមទឹក១ បំពាក់អំពូល LED ចំនួន២០ និងកង្ហា២០ និងធុងសម្រាមចំនួន២០ សម្រាប់សាលានីមួយៗ ព្រមទាំងរៀបចំសួនជីវចម្រុះនិងដាំដើមឈើមធ្យម តូច ចំនួន១៣០ដើម និងរុក្ខជាតិតូចៗចំនួន៣៧៥ដើម សម្រាប់សាលាចំនួន៣។
លើសពីនេះទៀត គម្រោងបានសាងសង់បង្គន់ និងកន្លែងលាងដៃសម្រាប់គ្រូនិងសិស្សានុសិស្សប្រើប្រាស់បន្ថែមទៅអ្វីដែលមាននាពេលបច្ចុប្បន្ន និងកសាងធនធានមនុស្សស្តីពីសាលាមេត្រីបរិស្ថាន៕