ក្រុមអ្នកស្រាវជ្រាវរកឃើញសំណល់ផូស៊ីលសត្វសមុទ្រនៅខេត្តមណ្ឌលគិរី

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖


សំណល់ផូស៊ីលសត្វសមុទ្រជាច្រើនប្រភេទ ត្រូវបានក្រុមអ្នកស្រាវជ្រាវ រកឃើញនៅក្នុងភូមិសាស្ត្រាស្រុកកោះញែក ក្នុងដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី ។


លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឲ្យដឹងថា រូបភាពដ៏គួរឲ្យទាក់ទាញនៃផូស៊ីលបានបង្ហាញអំពីស្លាកស្នាមសត្វដែលរស់នៅក្នុងបាតសមុទ្រ ដូចជា ខ្យង លៀស មឹកសមុទ្រ ជាដើម។ លោកបញ្ជាក់ថា ក្រៅពីធនធនធម្មជាតិ និងសត្វព្រៃដ៏សម្បូរបែប ដែនជម្រកសត្វព្រៃស្រែពក ក៏ជាទីតាំងប្រវត្តិសាស្រ្តនៃកំណើតសត្វមានជីវិតរាប់សិបលានឆ្នាំមុនផងដែរ។


ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជា អ្នកនាំពាក្យបរិស្ថាន បានចាត់ទុកផូស៊ីលទាំងអស់នេះ គឺជាស្លាកស្នាមប្រវត្តិសាស្រ្តដ៏មានសារៈសំខាន់ ក៏ដូចជាការផ្តល់នូវរបកគំហើញថ្មី និងព័ត៌មានថ្មីៗពាក់ព័ន្ធនឹងភពផែនដី ជាពិសេសដែនដីខេត្តមណ្ឌលគិរីនៃប្រទេសកម្ពុជា។

ឯកឧត្តម មានប្រសាសន៍ថា ក្រសួងបរិស្ថាន នឹងបន្តសិក្សាស្រាវជ្រាវចងក្រងឯកសារស៊ីជ្រៅបន្ថែមទៀតពាក់ព័ន្ធនឹងសំណាកផូស៊ីលទាំងនេះ ក៏ដូចជាទាក់ទងនឹងប្រវត្តិសាស្រ្តនៃតំបន់នោះឲ្យបានលម្អិតសម្រាប់ផ្តល់ព័ត៌មាបន្ថែមដល់សាធារណជន ក៏ដូចជាខិតខំប្រែងប្រែងសិក្សា អភិរក្សតំបន់ប្រវត្តិសាស្រ្តនោះ ដើម្បីបន្តរក្សាទុកជាកេរតំណែល និងអាចជារមណីយដ្ឋានទេសចរណ៍ធម្មជាតិប្រវត្តិសាស្ត្រផ្សេងៗ៕