លោកជំទាវ ម៉ាណ ណាវី អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ នាំយកអំណោយសប្បុរសធម៌ចែកជូនបងប្អូនប្រជាពលរដ្ឋខ្មែអ៊ិស្លាម នៅស្រុកបារាយណ៍

AKP កំពង់ធំ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ -លោកជំទាវ ម៉ាណ ណាវី អ្នកតំណាង រាស្ដ្រមណ្ឌលភ្នំពេញ បាននាំយកអំណោយសប្បុរសធម៌ ជាកញ្ចប់អាហារស្រាយបួស ចែកជូនបងប្អូនពលរដ្ឋខ្មែរអ៊ិស្លាម ក្នុងខែបួសរ៉ាម៉ាឌន ចំនួន ១១០គ្រួសារ នៅភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ ខេត្ដកំពង់ធំ ។ ដោយមានការចូលរួមពីគណៈកម្មការអ៊ីមាំ និងបងប្អូនៗយុវជនសម្ព័ន្ធមូស្លីមកម្ពុជា(CMYA) ខេត្ត កំពង់ធំ ដែលបានប្រព្រឹត្ដទៅកាលពីរសៀលថ្ងៃអាទិត្យ ៩រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ នៅវិហារអ៊ិស្លាមភូមិត្រពាំងឈូក ។

លោកជំទាវ ម៉ាណ ណាវី បានមានប្រសាសន៍ថា អំណោយដែលយកមកចែកជូនបងប្អូននៅពេលនេះ ដោយបានសហការជួយឧបត្ថម្ភពីលោក សេន មុះស្តាហ្វា និងគ្រួសារ មកចែកជូនលោកយាយ លោកតា បងប្អូន មីងមា សម្រាប់ខែបួសរ៉ាម៉ាឌន ដែលនឹងខិតចូលមកដល់រយៈពេលដ៏ខ្លីខាងមុខនេះ សូមពរពីអល់ឡោះឱ្យក្មួយនិងក្រុមគ្រួសាររកស៊ីមានបាន អល់ឡោះផ្តល់រីហ្សាកីច្រើនៗទ្វេដងទៀត ហើយខ្ញុំក៏បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនជូនចាស់ជរា ចំនួន៣នាក់ ៥0ម៉ឺនរៀល និងជូនថវិកាដល់ក្មួយៗកុមារា កុមារីចំនួន២៥0នាក់ ស្មើ៥0ម៉ឺនរៀល និង ថ្នាំឡេការពារកន្ទួលរមាស់ មួយកេះធំផងដែរ ។

លោកជំទាវ បានបន្តថា ដោយសារគោលនយោបាយ សុខដុមបនីយកម្ម របស់រាជរដ្ឋាភិបាលកម្ពុជា សហគមន៍អ៊ីស្លាម មានភាពកក់កក្ដៅ និង រីកចម្រើនជាបន្តបន្ទាប់តាមគោលនយោបាយឈ្នះឈ្នះ និងភាពជោគជ័យដ៏ត្រចះត្រចង់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ខណៈកម្ពុជាក៏មានបងប្អូនអ្នកកាន់សាសនាអ៊ិស្លាម បាននិងកំពុងរួមរស់ រួមសុខរួមទុក្ខក្រោមដំបូលសន្តិភាពតែមួយ របស់ព្រះរាជាណាចក្រកម្ពុជា ដែលមានសាសនាព្រះពុទ្ធជាសាសនារបស់រដ្ឋ ។ មិនតែប៉ុណ្ណោះបងប្អូនសាសនិកអ៊ិស្លាមនៅកម្ពុជា ក៏ទទួលបាននូវគោលនយោបាយល្អដើម្បីបំពេញ នឹងរាល់តម្រូវការចាំបាច់ របស់សហគមន៍ខ្មែរអ៊ិស្លាម ជាពិសេសការបើកសិទ្ធិទូលំទូលាយ ឱ្យទទួលយកការប្រតិបត្តិតាមជំនឿសាសនារបស់ខ្លួនទំនៀមទម្លាប់ប្រពៃណី និងការអនុញាត្តឱ្យទទួលបានការងារក្នុងជួររាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា និងតាមក្រសួងមន្ទីរនានាផងដែរ ។

អំណោយសប្បុរសធម៌ដែលនាំយកមកចែកជូនបងប្អូនចំនួន ១១០គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបានទឹកដោះគោ២កំប៉ុង ស្ករស៦៤គីឡូក្រាម, ទឹកក្រូច១.៥លីត្រ, ប្រេងឆា១លីត្រ, អូវ៉ាទីន ១ដបធំ១ដប និងថវិកាមួយចំនួន ៕

ដោយសួសសំរិត