ឯកឧត្តម អភិបាលខេត្តមណ្ឌលគិរី ចុះត្រួតពិនិត្យផ្លូវតាមខ្សែបន្ទាត់ព្រំដែន

AKP មណ្ឌលគិរី ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ -នៅថ្ងៃអាទិត្យ ៩រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី និងមន្ទីរអង្គភាពជំនាញ ចុះត្រួតពិនិត្យមើលតាមខ្សែបន្ទាត់ព្រំដែន និង ចុះសួរសុខទុក្ខដល់កងកម្លាំងដែលឈរជើងតាមបន្ទាត់ព្រំដែន ក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍ថា គោលបំណង ដើម្បីចុះពិនិត្យមើលស្ថានភាពព្រំដែន ដែលកងវិស្វកម្មបានឈូសឆាយផ្លូវតាមបន្ទាត់ព្រំដែន និង ពិនិត្យតាមខ្សែបន្ទាត់ព្រំដែនចន្លោះបង្គោលសីមាលេខ ៤៨-៤៧ នៅតំបន់ព្រំដែនកម្ពុជា-វៀតណាម និងបាន​ចុះសាកសួរសុខទុក្ខដល់កងកម្លាំងប៉ុស្តិ៍នគរបាលការ​ពារ​ព្រំដែនគោកក្បាលដំរី ប៉ុស្តិ៍ដាក់ជម និង ប៉ុស្តិ៍ដាក់​ចូរ ថែមទាំងចុះពិនិត្យមើលដីសម្បទានសង្គមកិច្ច សម្រាប់សាងសង់លំនៅឋានជូនកងកម្លាំងដែលឈរជើងនៅតាមបន្ទាត់ព្រំដែនផងដែរ ។

នាឱកាស​នោះដែរ ឯកឧត្តម អភិបាលខេត្ត បានឧបត្ថម្ភដល់កងកម្លាំងនគរបាល និងកងកម្លាំង​យោធា ​ដែលកំពុងឈរជើងនៅតាម​តំបន់ព្រំដែននូវថ្នាំផ្តាសាយ ព្រមទាំងឧបត្ថម្ភថវិកា​ក្នុងមួយប៉ុស្តិ៍ៗទទួលបានថវិកា១លានរៀល ដោយឡែកលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត បានពាំនាំនូវថវិកា ដែលជាអំណោយដ៏ថ្លៃថ្លារបស់​ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជូនដល់ប៉ុស្តិ៍នគរបាលការពារព្រំដែនគោកទាំងបីប៉ុស្តិ៍ ដោយក្នុង​មួយប៉ុស្តិ៍ៗទទួលបានថវិកា ៤០ម៉ឺនរៀលផងដែរ ៕

ដោយ ណយ នឿន (ប្រភពរដ្ឋបាលខេត្តរតនគិរី)