លោកស្រី រ៉ូណា ស្មីត នឹងជួបពិភាក្សាការងារ ជាមួយប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស កម្ពុជា នៅថ្ងៃទី៣០ ខែមេសាស្អែកនេះ

AKP ភ្នំពេញ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ -អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួល​បន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោកស្រី រ៉ូណា ស្មីត នឹងជួបពិភាក្សាការងារទាក់ទងនឹងបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាជាមួយ ឯកឧត្តម កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។ នេះ​បើ​យោងតាមសេចក្តី​ប្រកាស​ព័ត៌មាន​របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។

ក្នុងសេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ថា ក្នុងជំនួបរវាងអ្នករាយការណ៍ពិសេសអង្គ​ការ​សហប្រជាជាតិជាមួយប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នឹងប្រព្រឹត្តទៅ​នាព្រឹកថ្ងៃ ទី៣០ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង៩ព្រឹក នៅស្នាក់ការគណៈកម្មាធិការ​សិទ្ធិមនុស្ស។

ជាមួយគ្នានេះ អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំកម្ពុជា លោកស្រី រ៉ូណា ស្មីត នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី ២៩ ខែ​មេសា ដល់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ ២០១៩។

បើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ការិយាល័យឧត្តមស្នងការអង្គការសហ ប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា បានឱ្យដឹងថា នេះគឺជាដំណើរទស្សន​កិច្ចលើក​ទី៧មកកម្ពុជារបស់លោកស្រី រ៉ូណា ស្មីត ដោយផ្តោតទៅលើស្ថានភាពសិទ្ធិមនុស្ស​នាពេល​បច្ចុប្បន្ន និងតាមដានពីដំណើរវិវត្តន៍នានាចាប់តាំងពីបេសកកម្មរបស់ លោកស្រីកាល​ពីខែ​វិច្ឆិកា ឆ្នាំ២០១៨កន្លងមក៕

ដោយ ប៊ុនរិទ្ធ