មន្រ្តី​ជាន់ខ្ពស់​ក្រសួង​សុខាភិបាល​អំពាវនាវ​ឱ្យមន្រ្តី​ពេទ្យទាំង​អស់​ត្រូវ​ព្យាបាល​អ្នកជំងឺ តាមជំនាញ​របស់ខ្លួន

AKP សៀមរាប ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ -ថ្លែង​នៅ​ក្នុង​ទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្រ្តបន្តលើកទី១០នៅខេត្តសៀមរាប​នៅ​ព្រឹកថ្ងៃអាទិត្យ ៩រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹង​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ២០១៩ ឯក​ឧត្តមសាស្រ្តចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួង​សុខាភិបាល​បាន​មាន​ប្រសាសន៍ថា​គ្រូពេទ្យ ទាំង​អស់គឺជាអ្នកព្យាបាលជំងឺយ៉ាង​ពិតប្រាកដ តែការព្យាបាលនោះ ត្រូវតែធ្វើទៅតាម​ជំនាញ និង​មាន​ការ​ទទួលខុសត្រូវលើអ្នកជំងឺឱ្យអស់ពីលទ្ធភាព​។ ប៉ុន្តែកន្លងមកនេះ មាន​គ្រូពេទ្យមួយចំនួន​តូចបាន​ធ្វើ​ការព្យាបាលអ្នកជំងឺដោយចង់បានតែថវិកា ដោយមិនបាន​ធ្វើទៅតាមជំនាញ​ដែលខ្លួនចេះ ឧទាហរណ៍ គាត់មាន​ជំងឺសើរស្បែក ប៉ុន្តែនៅពេលដែលអ្នកជំងឺបាក់ឆ្អឹងខាងក្នុងត្រូវការវះកាត់ទៅរកគាត់ គឺសម្រាប់គាត់គឺមិនមាន​ជំនាញនេះទេ តែបែរជាគាត់ថាជំងឺនេះមិនអីទេគាត់ឱ្យតែថ្នាំលេបទៅជាហើយ គាត់មិនបញ្ជូនអ្នកជំងឺនេះទៅគ្រូពេទ្យមាន​ជំនាញខាងឆ្អឹងនោះទេ ដោយសារគាត់ចង់បានថវិកាពីអ្នកជំងឺនេះ។ នេះគឺជាទង្វើមួយដែលគ្មានការទទួលខុសត្រូវរបស់គ្រូពេទ្យ និង​បាន​ធ្វើឱ្យប៉ះពាល់ដល់វិស័យសុខាភិបាលទាំង​មូល។

ឯក​ឧត្តម​បន្តថា គ្រូពេទ្យទាំង​អស់មិនអាចចេះព្យាបាលជំងឺគ្រប់មុខជំនាញ​នោះទេ ដូច្នេះឯក​ឧត្តមអំពាវនាវឱ្យគ្រូពេទ្យទាំង​អស់ត្រូវ​ព្យាបាល​អ្នកជំងឺ តាមជំនាញ​របស់ខ្លួន ដោយមាន​ការ​ទទួល​ខុសត្រូវ​ខ្ពស់ ព្យាបាល​ដោយវិជ្ជាជីវៈ មាន​ប្រសិទ្ធភាព​ ធ្វើ​ឱ្យប្រជាពលរដ្ឋ​មាន​ទំនុកចិត្តលើវិស័យសុខាភិបាលកម្ពុជា។

ឯក​ឧត្តម​បាន​បញ្ជាក់ថា គ្រូពេទ្យទាំងអស់ក្រៅពី​ការព្យាបាល​ជំងឺតាមជំនាញ​ហើយនោះ គឺត្រូវ​ធ្វើ​ការតាម​ដាន​ឈ្វេង​យល់ឱ្យបាន​ច្រើន​បន្ថែមទៀត​ពី​ស្ថាន​ភាព​នៃប្រភេទជំងឺថ្មីៗនិង​ការ​ហាម​ប្រាមមិនឱ្យប្រើ​ប្រាស់​ឱសថមួយចំនួន ដែល​ក្រសួង​បាន​ហាម។ ជាក់ស្តែងដូចជានៅថ្ងៃនេះទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្រ្តបន្តលើកទី១០ នៅខេត្តសៀមរាប មាន​សាស្រ្តចារ្យជាច្រើនបាន​មកជួបជុំគ្នា ដើម្បី​ជជែកពិភាក្សាគ្នាអំពីស្ថាន​ភាព​នៃជំងឺដែលកើតឡើងថ្មីៗ និង​រកវិធីសាស្រ្តក្នុងការព្យាបាល​ឱ្យមាន​ប្រសិទ្ធភាព ហើយទិវានេះគឺបាន​ផ្តល់សារប្រយោជន៍ជាច្រើនដល់គ្រូពេទ្យដែលបាន​ចូល​រួមទាំងការដកស្រង់បទពិសោធន៍ ការ​ទទួលបាន​ចំណេះដឹង​និងដំណឹងថ្មីៗ​ពាក់​ព័ន្ធវិស័យ​សុខាភិបាល​នៅ​កម្ពុជា៕

ដោយឃុត សៅ