ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់បាន​ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ

AKP ព្រះវិហារ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ -កាលពីថ្ងៃអាទិត្យ ៩រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ បាននាំយកអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ទៅចែកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់កាលពីល្ងាចថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ នៅភូមិពាក់ស្បែក ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ធ្វើឱ្យរលំផ្ទះ របើកដំបូលចំនួន៥៨គ្រួសារដែលជាគ្រួសារកងទ័ពប្រចាំទិសទី១នៃតំបន់ប្រាសាទព្រះវិហារ។

នៅក្នុងឱកាសនោះឯកឧត្តម អ៊ុន ចាន់ដា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា ចូលរួមសោកស្តាយជាមួយបងប្អូនប្រជាពលរដ្ឋរងគ្រោះ ដែលជួបនូវហេតុការណ៍គ្រោះធម្មជាតិខ្យល់កន្ត្រាក់ ដែលធ្វើឱ្យខូចខាតផ្ទះសម្បែង និងរបស់របរប្រើប្រាស់ជាច្រើនរបស់បងប្អូន ។

ឯកឧត្តម ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នចំពោះហេតុការណ៍ខ្យល់កន្ត្រាក់ ភ្លៀង ផ្គររន្ទះ ត្រូវនាំកូនចៅរកកន្លែងសុវត្ថិភាព ត្រូវបិទទូរស័ព្ទ បិទចរន្តអគ្គិសនីក្នុងផ្ទះ ដើម្បីចៀសវាងពីគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ ព្រមទាំងប្រុងប្រយ័ត្នគ្រោះធម្មជាតិផ្សេងៗជាច្រើនទៀតដោយយើងមិនអាចដឹងមុនបាន ។

អំណោយដែលចែកជូនប្រជាពលរដ្ឋនៅពេលនេះគឺមានគ្រួសារដែលរលំផ្ទះដល់ដីចំនួន១០គ្រួសារទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ សារុង១ ក្រម៉ា១ ភួយ១ មុងសុវត្ថិភាព១ តង់១ និងថវិកា២០ម៉ឺនរៀល។ ដោយឡែកគ្រួសារដែលរងគ្រោះរបើកដំបូលផ្ទះ២គ្រួសារ ក្នុង១គ្រួសារៗទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ សារុវ១ មុង១ ក្រមា១ ភួយ១ តង់១ មុងសុវត្ថិភាព១និងថវិកា៥ម៉ឺនរៀល។ចំពោះគ្រួសារដែលរបើកដំបូលតិចតួចចំនួន៤៦គ្រួសារទៀត ក្នុង១គ្រួសារៗទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ និងថវិការ២ម៉ឺនរៀល ។

ដោយ ទិត ស្រ៊