អភិបាលខេត្តរតនគិរី ចុះដោះស្រាយបញ្ហាទឹកជូនប្រជាពលរដ្ឋនៅស្រុកអូរយ៉ាដាវ

AKP រតនគិរី ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ -នៅថ្ងៃអាទិត្យ ៨រោច ខែចេត្រ​ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩  ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី បានចុះពិនិត្យ និង ដោះស្រាយទឹកជូនប្រជាពលរដ្ឋចំនួន៣ឃុំក្នុងស្រុកអូរយ៉ាដាវ  គឺឃុំប៉ាតេ សោមធំ និងឃុំប៉ក់ញ៉ៃ ដែលកុំពុងប្រឈមនឹងកង្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ។

លោក ម៉ា វិចិត្រ  អភិបាលស្រុកអូរយ៉ាដាវបានឱ្យដឹងថា ដោយសារទទួលរងនូវ ឥទ្ធិពល អ៊ែនីណូ ធ្វើឱ្យរដូវប្រាំងបានអូសបន្លាយ មានរយៈពេលយូរមានសភាពក្តៅហួតហែងខ្លាំងបណ្តាលឱ្យប្រភពទឹកក្នុងឃុំមួយចំនួនទទួលរងនូវការរីងស្ងួតអណ្តូងទឹកតាមខ្នងផ្ទះប្រជាពលរដ្ឋក៏រីងស្ងួត ជាហេតុធ្វើឱ្យប្រជាពលរដ្ឋកង្វះខាតទឹកប្រើប្រាស់ តាំងពីខែកុម្ភៈ ឆ្នាំ២០១៩ មកម្លេះ។ ដោយមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋដែលខ្វះខាតទឹកប្រើប្រាស់ រដ្ឋបាលស្រុក បានប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុបចុះអន្តរាគមន៍ជួយដល់ប្រជាពលរដ្ឋដែលជួបនឹងកង្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃភ្លាមៗផងដែរ។

ក្នុងឱកាសនេះ ឯកត្តម ថង សាវុន បានធ្វើការណែនាំដល់អាជ្ញាធរស្រុកអូរយ៉ាដាវ ក៏ដូជាមន្ទីរជំនាញពិនិត្យលទ្ធភាព ដើម្បីធ្វើការស្តារអណ្តូងទឹកតាមខ្នងផ្ទះប្រជាពលរដ្ឋ និង ជីកអាងតង់សម្រាប់ស្តុកទឹកឱ្យបាន២អាង ក្នុងភូមិគងធំនេះ បន្ថែមពីលើស្រះចំនួន៤ ដែលរដ្ឋបាលស្រុកបានជីកជូនប្រជាពលរដ្ឋចំនួន ២៧០គ្រួសារ ក្នុងភូមិរួចមកហើយនោះ។ ដោយឡែកនៅភូមិសោមកានិញ ឃុំសោមធំ មន្ទីរធនធានទឹកនិងឧតុនិយមខេត្តត្រូវសហការជាមួយស្រុកអន្តរាគមន៍ជាបន្ទាន់ ជីកស្រះឱ្យបានចំនួន៣ស្រះដោយស្រះនីមួយៗ  មានទំហំ ១០គុណ១០ ដើម្បីឆ្លើយតបនឹងសំណូមពរ របស់ប្រជាពលរដ្ឋ ៣៤៤គ្រួសារក្នុងភូមិ ចំពោះភូមិប៉ក់ធំឃុំប៉ក់ញ៉ៃ ឯកឧត្តមអភិបាលខេត្តក៏បានឆ្លើយតបនឹងសំណូមពររបស់ប្រជាពលរដ្ឋដោយបានឱ្យមន្ទីរធនធានទឹក ជីកស្រះ១ និងប្រឡាយ ១០០ម៉ែត្រជូនផងដែរ ។

ក្នុងឱកាសនោះដែរឯកឧត្តម អភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋឱ្យចេះថែរក្សាទឹកទុកឱ្យបានត្រឹមត្រូវ និងប្រើប្រាស់ដោយសន្សំសំចៃ ដោយសាររដូវប្រាំងក្តៅខ្លាំង  ដូច្នេះតម្រូវការទឹកក៏មានច្រើន។ អាជ្ញាធរខេត្តនឹងនៅតែបន្តជួយដល់ប្រជាពលរដ្ឋដែលមាន កង្វះខាតទឹក សម្រាប់ប្រើប្រាស់រហូតដល់រដូវវស្សាចូលមកដល់ ៕

ដោយ ណយ នឿន(ប្រភព រដ្ឋបាលខេត្តរតនគិរី)