ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បន្តអំពាវនាវមន្ត្រីរាជការកម្លាំងប្រដាប់​អាវុធសប្បុរសជន រួមគ្នាជួយប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ

AKP បន្ទាយមានជ័យ ថ្ងៃទី២៩ ខែមេសា​ឆ្នាំ២០១៩ -ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង ញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានបន្តធ្វើការអំ ពាវនាវដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សប្បុរសជននានាឱ្យរួមគ្នាជួយដល់ប្រជាពល រដ្ឋដែលទទួលរងគ្រោះដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ដែលបានវាយប្រហារផ្ទួនៗមកលើ តំបន់ខ្លះក្នុងខេត្តបន្ទាយមានជ័យ ក្នុងពេលថ្មីៗនេះ ដែលបានបំផ្លាញផ្ទះសម្បែងប្រជាពល រដ្ឋជាច្រើននោះ។

ការថ្លែងអំពាវនាវបែបនេះក្នុងឱកាសឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ​បាន បន្តចុះសំណេះសំណាលសួរសុខទុក្ខ ប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្រ្តាក់ ​ក្នុង ស្រុកមង្គលបុរី​ ព្រះនេត្រព្រះ ស្វាយចេក ម៉ាឡៃ អូរជ្រៅ និងក្រុងសិរីសោភ័ណ ខេត្តបន្ទាយ មានជ័យចំនួន ៤៨២គ្រួសារ កាលពីថ្ងៃអាទិត្យ ៧រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩។

នៅចំពោះមុខប្រជាពលរដ្ឋរងគ្រោះទាំងអស់ឯកឧត្តម កែ គឹមយ៉ាន បានសម្ដែងនូវ ការសោកស្ដាយចំពោះការខូចខាតផ្ទះសម្បែង ទ្រព្យសម្បត្តិពីគ្រោះធម្មជាតិខ្យល់កន្រ្តាក់ ដែលជាគ្រោះមហន្តរាយគ្មាននរណាម្នាក់ចង់ជួបប្រទះនោះឡើយ។ ឯកឧត្តមក៏បានក្រើនរម្លឹក​ដល់ប្រជាពលរដ្ឋយើងសូមឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ខណៈដែលមានភ្លៀង ផ្គររន្ទះ ខ្យល់ កន្ត្រាក់ត្រូវប្រញាប់ប្រញាល់រកទីកន្លែងជ្រកដែលមានសុវត្ថិភាពដើម្បីចៀសវាងគ្រោះថ្នាក់ ដល់អាយុជីវិត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងទៀតថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេច តេជោ ហ៊ុន សែន តែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ តម្កល់ប្រយោជន៍ប្រជាពលរដ្ឋជាធំ ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយ។ ឯកឧត្តម បញ្ជាក់ទៀតថា ទីណាមានការលំបាកខ្វះខាតទីនោះ គឺមានវត្តមានថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងកាកបាទក្រហមចុះជួយអន្តរាគមន៍ដោះស្រាយ ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ ដែលជួបការលំបាកចោលដោយមិនបានដោះស្រាយនោះឡើយ។

​​ក្នុងឱកាសនោះឯកឧត្តម កែ គឹមយ៉ាន បាននាំយកអំណោយជាសម្ភារ និងថវិកា របស់សប្បុរសជន និងផ្ទាល់ខ្លួន ចែកជូនអ្នករងគ្រោះ​ទាំងប្រជាពលរដ្ឋ៤៨២គ្រួសារ ក្នុង១ គ្រួសារៗទទួលបាន​ អង្ករ២៥គីឡូក្រាម ត្រីខ១០កំប៉ុង មី១កេស ប្រេងឆា ១លីត្រ ទឹកស៊ីអ៊ីវ ៣ដប នំធុង១ធុង ទឹកបរិសុទ្ធ១កេស មុង១ សារុង២ ក្រមា២ ភួយ១ ថវិកា៥ម៉ឺនរៀល។ ដោយឡែកថវិកាមួយចំនួនទៀតក៏បានផ្តល់ដល់កងកម្លាំងយោធា នគរបាល កងរាជអាវុធ ហត្ថ អាជ្ញាធរមូលដ្ឋានក្រុមការងារដែលបានចុះអន្តរាគមន៍ជួយជួសជុលផ្ទះជូន​ប្រជាពលរដ្ឋ ​និងផ្តល់ស័ង្កសីចំនួន ២​៤.០០០​សន្លឹក សម្រាប់​ទុកប្រើប្រាស់ជួយប្រជាពលរដ្ឋ។

យោងតាមរបាយការណ៍ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា នៅ ក្នុងខែមេសានេះ ដោយគិតពីថ្ងៃទី១ដល់២៨ ខែមេសា ឆ្នាំ២០១៩ ក្នុងមូលដ្ឋានមួយចំនួន ក្រុង ស្រុកទាំង៩របស់ខេត្តបន្ទាយមានជ័យ បានទទួលរងគ្រោះធម្មជាតិខ្យល់កន្ត្រាក់ផ្ទួនៗ ដោយ បានបំផ្លាញផ្ទះសម្បែង និងសំណង់សាធាណៈចំនួន ១.៤២៩ខ្នង ក្នុងនោះផ្ទះប្រជាពលរដ្ឋ ១.៣៩៧​ខ្នង ដែលរងការខូច​ខាតធ្ងន់​ ១៩៥ខ្នង ស្រាល ១.២០២ខ្នង សាលារៀន១៦ ខ្នង សាលាបាលី២ខ្នង កុដិ៤ខ្នង សាលា​ឆាន់៣ខ្នង រោងដាក់ម៉ាស៊ីន និងសម្ភារ ៦ខ្នង រន្ទះ បាញ់បណ្តាលឱ្យស្លាប់មនុស្ស ៥នាក់ របួស៦នាក់ និងងាប់គោ១៣ក្បាល ខូចម៉ូតូ៣គ្រឿង​គោយន្ត១គ្រឿង  និងឆេះផ្ទះ១ខ្នង ផង៕

ដោយឈុន សារ៉ាត

​​​