គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបរៀបចំរាត្រីមនុស្សធម៌

AKP សៀមរាប ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ -គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប កាលពីរាត្រីថ្ងៃសៅរ៍ ៨រោច​ ចែត្រ ឆ្នាំកុរ ឯកស័ក ព.ស​២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ នៅសណ្ឋាគារ អង្គរ ភែលែសរីស្សត៍ ខេត្តសៀមរាប បានរៀបចំធ្វើរាត្រីមនុស្សធម៌ ក្នុងគោលបំណងអបអរសាទរខួបទី១៥៦ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ក្រោមប្រធានបទ ខ្ញុំកាកបាទក្រហមកម្ពុជា និងសកម្មភាពចលនាកាកបាទក្រហមកម្ពុជា ដើម្បីជាការកៀរគរប្រមូលនូវធនធានជាថវិកា សម្ភារៈ ស្បៀងអាហារ ដើមី្បយកទៅធ្វើការទ្រទ្រង់ សកម្មភាពរបស់កាកបាទក្រហមកម្ពុជា  ក្នុងការចុះជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយធម្មជាតិ និងឧបទ្ទវហេតុផ្សេងៗទៀតផង ។

រាត្រីមនុស្សធម៌នេះ បានប្រព្រឹត្តទៅក្រោមវត្តមានរបស់ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ ប្រធានកិត្តិយសគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ឯកឧត្តម អ៊ឹង ហឿន អនុប្រធានកិត្តិយសគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមទាំង ឯក ឧត្តម លោកឧកញ៉ា លោកជំទាវ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំ ពាណិជ្ជករ អាជីវករ និង ក្រុមហ៊ុនបរទេសចូលរួមផងដែរ ។ 

នៅក្នុងពិធីនេះ ឯកឧត្តម ទៀ សីហា  បានថ្លែងអំណរគុណចំពោះទឹកចិត្តដ៏សប្បុរសធម៌ ទាំងភ្ញៀវជាតិអន្តរជាតិ ដែលបានចូលរួមគាំទ្រសកម្មភាពនៃចលនាកាកបាទក្រហមកម្ពុជា សំខាន់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ក្នុងការងារមនុស្សធម៌ សម្រាប់ជួយដល់ជនងាយរងគ្រោះនៅទូទាំងខេត្ត។ ឯកឧត្តមបានលើកឡើងផងដែរថា ក្រោមការដឹកនាំ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ ចំពោះកុមារកំព្រា ទុរគតជន និងជនងាយរងគ្រោះទាំងអស់ និងអ្នករងគ្រោះដោយមេរោគអេដស៍ជំងឺអេដស៍។ ទាំងពេលកន្លងមក និងនាពេលបច្ចុប្បន្ននេះក៏ដូចការចូលរួមយ៉ាងស្រាក់ស្រាំនាឆ្នាំកន្លងទៅ ដែលសកម្មភាពនេះសបញ្ជាក់ឱ្យឃើញពីការ រួមចំណែកជាមួយរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ប្រកបដោយគុណធម៌ខ្ពស់ ៕

ដោយឃុត សៅ