រដ្ឋមន្រ្ដីក្រសួងព័ត៌មាន៖ ​ការលើកកម្ពស់ ការចូលរួមរបស់កុមារ គឺផ្តល់ឱកាសឱ្យកុមារ បាន​ចូលរួមធ្វើការសម្រេចចិត្ត ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់កុមារ

AKP ភ្នំពេញ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ — រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានគូសបញ្ជាក់ថា ការលើកកម្ពស់ ការចូលរួមរបស់កុមារ គឺ​ផ្តល់ឱកាសឱ្យកុមារ បានចូលរួមធ្វើការសម្រេចចិត្ត ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ដែលពាក់ព័ន្ធទៅនឹងកុមារ ព្រោះតែកុមារខ្លួនឯង ទើបដឹងពីស្ថានភាពខ្លួនច្បាស់លាស់​ជាង​អ្នកដទៃ។ក្នុងឱកាសចូលរួមអបអរសាទរខួបលើកទី៧០ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី ១៨ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជា ដែលបានរៀបចំធ្វើ កាលពីព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ការលើកកម្ពស់ការចូលរួមរបស់កុមារ ត្រូវមាន​ការចូលរួមពីក្រុមគ្រួសារ ឳពុកម្តាយ សហគមន៍ សាលារៀន អង្គការជាតិ អន្តរជាតិ អាជ្ញាធរ​គ្រប់លំដាប់ថ្នាក់ ទើបការចូលរួមរបស់កុមារ មានអត្ថន័យពេញលេញ។ ឯកឧត្ដមបាន រម្លឹក​ឡើងវិញ​នូវមហាវិនាសកម្មធ្ងន់ធ្ងរ ដែលបង្កឡើងដោយរបបប្រល័យពូជសាសន៍ប៉ុលពត ដែល​បាន​កាប់សម្លាប់ប្រជាជន និងកុមាររាប់លាននាក់ និងបំផ្លាញហេដ្ឋារចនាសម្ពន្ធ័ សង្គម​ខ្ទេចខ្ទី​ស្ទើរគ្មានសល់។ ទន្ទឹមនេះ កុមារជាច្រើនបានស្លាប់ ដោយសារកង្វះអាហារ និងគ្មានថ្នាំ​ព្យាបាល កុមារខ្លះទៀតរស់នៅដោយលំបាក វេទនាព្រាត់ព្រាស់ ឱពុកម្តាយ រងទារុណកម្ម អំពើហិង្សា និងត្រូវគេបង្ខំឱ្យធ្វើការដូចជាទាសករ។ ឯកឧត្ដមបានបញ្ជាក់ថា ចាប់តាំងពី​ថ្ងៃរំដោះ ៧ មករា ១៩៧៩ ​មក ប្រទេសកម្ពុជា ត្រូវបានរំដោះឱ្យរួចផុតពីគ្រោះមហន្តរាយ ប្រជាជនកម្ពុជាបានខិតខំប្រឹងប្រែង កសាងប្រទេសជាតិ ឡើងវិញពីចំណុចសូន្យ។ ជាមួយគ្នា​នេះ សិទ្ធិរបស់ប្រជាពលរដ្ឋ សិទ្ធិរបស់កុមារ ត្រូវបានលើកកម្ពស់ និងការពារដោយយក​ចិត្តទុកដាក់ ជាពិសេសរាជរដ្ឋាភិបាល បានផ្តល់សច្ចាប័ន លើអនុសញ្ញាពិធីសារបន្ថែម និង​កិច្ចព្រមព្រៀងអន្តរជាតិនានា ដើម្បីការពារឧត្តមប្រយោជន៍របស់កុមារ។ ឯកឧត្តមរដ្ឋមន្រ្ដី​បានលើកឡើងថា ច្បាប់អន្តរជាតិទាំងនោះ គឺស្របទៅនឹងរដ្ឋធម្មនុញ្ញ លិខិតបទដ្ឋាន និង​គោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានលើកកម្ពស់ និងការពារសិទ្ធិជាមូលដ្ឋាន ទាំង៤ របស់កុមារ គឺ សិទ្ធិរស់រានមានជីវិត សិទ្ធិអភិវឌ្ឍន៍ សិទ្ធិទទួលបាននូវការការពារ និង សិទ្ធិចូលរួម។

ឯកឧត្ដមបានចាត់ទុកថា ប្រធានបទសម្រាប់ទិវាកុមារអន្តរជាតិ ១ មិថុនា ក្នុងឆ្នាំនេះ គឺ លើកកម្ពស់សិទ្ធិកុមារ តាមរយៈការលុបបំបាត់ អំពើហិង្សាលើកុមារគ្រប់រូបភាព។ តាមរយៈ​ប្រធាបទខាងលើនេះ បានលើកកម្ពស់តូនាទីយ៉ាងសំខាន់ ដែលត្រូវយកចិត្តទុកដាក់ និងត្រូវ​ធានាចំពោះកុមារ នូវឱកាស ដើម្បីសម្តែងមតិ និងទទួលបានព័ត៌មាន សិទ្ធិជួបដោយសន្តិវិធី។

ឯកឧត្តមរដ្ឋមន្រ្តីក៏បានអរគុណ​ចំពោះ​សប្បុរសជន ដែលបានចូលរួមឧបត្តម្ភជាសម្ភារ ថវិកា ក្នុងកម្មវិធីនេះ ទទួលបានជោគជ័យ ដែលជាការឆ្លុះបញ្ចាំងនូវ ឆន្ទះដ៏ល្អប្រសើរ ក្នុងការ​លើកស្ទួយដល់សិទ្ធិ និងសុខុមាលភាព របស់កុមារកម្ពុជា ស្របតាមអនុសញ្ញាស្តីពីសិទ្ធិកុមារ សម្រាប់កុមារកម្ពុជា និងកុមារគ្រប់សញ្ជាតិ គ្រប់ពណ៌សម្បុរ ដែលកំពុងរស់នៅលើទឹកដី​នៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងឱកាសនោះដែរ លោកជំទាវ ច័ន្ទ ធី រដ្ឋលេខាធិការក្រសួងព័ត៌មាន បាន​បញ្ជាក់ពីការរៀបចំពិធីនេះឡើង ដោយមានការសហការជាមួយអគ្គលេខាធិការក្រុមប្រឹក្សា​ជាតិដើម្បីកុមារ តាមរយៈការជួយឧបត្តម្ភគាំទ្រស្មារតីពី ឯកឧត្តម ខៀវ កាញារីទ្ធ និង​លោកជំទាវ ទេព រង្ស៊ី ក្នុងការចូលរួមអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាល និងអបអរ​ភាពជោគជ័យលើវិស័យកុមារភាព នៅកម្ពុជា៕

ដោយ អ៊ុន រិទ្ធី រូបថត៖ ខឹម សុវណ្ណារ៉ា