សម្ដេចតេជោ ហ៊ុន សែន ទទួលជួបប្រធានក្រុមហ៊ុន Huawei Technology ប្រចាំតំបន់អាស៊ីអាគ្នេយ៍

AKP ភ្នំពេញ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ — សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី ២៨ ខែមេសាឆ្នាំ ២០១៩នេះ បានអនុញ្ញាតឱ្យលោក វ៉ុ វ៉ៃតាវ ប្រធានក្រុមហ៊ុន Huawei Technology ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ចូលជួបសម្ដែងការគួរសម និងពិភាក្សា​​ការ​ងារ នៅទីក្រុងប៉េកាំង ក្នុងខ​ណៈដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ទៅចូល​រួមវេទិកា«ខ្សែក្រវាត់ និងផ្លូវ» លើកទី២ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ នៃសាធារណ​រដ្ឋ​ប្រជាមានិតចិន។

ប្រភពពីទូរទស្សន៍ជាតិកម្ពុជាបានឱ្យដឹងថា នៅក្នុងជំនួបនោះ លោកប្រធានក្រុមហ៊ុន Huawei Technology ប្រចាំតំបន់អាស៊ីអាគ្នេយ៍បានថ្លែងអំណរគុ​ណ​ចំពោះសម្ដេចតេជោ​នាយករដ្ឋមន្ត្រីដែលបានអនុញ្ញាតឱ្យរូបលោក និងប្រតិភូរបស់លោកបានចូលជួបសម្ដែងការ​គួរសម និងពិភាក្សាការងារ។ លោកប្រធានក្រុមហ៊ុន បានជម្រាបជូនសម្តេចតេជោ​នាយក​រដ្ឋមន្ត្រីថា កន្លងមកក្រុមហ៊ុនរបស់លោកក៏បានបើកការិយាល័យនៅក្នុងប្រទេសកម្ពុជា តាំងពី​ឆ្នាំ១៩៩៨ មកម្ល៉េះ ហើយឥឡូវនេះមានរយៈពេល២០ ឆ្នាំហើយៗ រហូតដល់ពេលនេះ​បានធ្វើ​ការវិនិយោគបានជោគជ័យនៅក្នុងប្រទេសកម្ពុជាក្នុងការសហការជាមួយនឹងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា។

នៅក្នុងជំនួបនេះ លោកក៏បានជ​ម្រាបជូនសម្ដេចតេជោនាយក​រដ្ឋមន្ត្រីថា កាលពីឆ្នាំកន្លងទៅនេះ ក្រុមហ៊ុនរបស់គាត់មានការគាំទ្រយ៉ាងច្រើនពីសំណាក់​បងប្អូ​ន​ប្រជាពលរដ្ឋកម្ពុជាក៏ដូ​​ចជាទូទាំងពិភពលោកផងដែរ ដោយសារក្រុមហ៊ុនមាន​ឯកទេស​គ្រប់គ្រាន់ក្នុងការបម្រើសេវាកម្មដែលធ្វើឱ្យក្រុមហ៊ុន Huawei ជាក្រុមហ៊ុនមួយ​ឈាន​មុខគេក្នុងវិស័យទូរគនាគមន៍ ក៏ដូចជាការផ្ដល់បច្ចេកវិទ្យានេះ។ លោកក៏បានជម្រាបជូន​សម្ដេចតេជោបន្ថែមថា បច្ចុប្បន្នក្រុមហ៊ុន Huawei បានចុះហត្ថលេខាជាមួយបណ្ដាប្រទេស​ប្រមាណជាង៤០ ប្រទេសហើយ។ ជាមួយគ្នា​នេះ លោកប្រធានក្រុមហ៊ុន ក៏បានជ​ម្រា​ប​ជូនសម្តេចតេជោនាយករដ្ឋមន្ត្រីដែរថា ប្រទេសកម្ពុជាជាប្រទេសទីមួយហើយនៅក្នុងតំបន់​អាស៊ានដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអ​ភិវឌ្ឍន៍​ទៅលើបច្ចេកវិទ្យាថ្មីគឺ5G ហើយ​តាមរយៈវិស័យឌីជីថលនេះគឺពិតជាអាចជួយដល់វិស័យអប់រំនៅក្នុងប្រ​ទេ​សកម្ពុជាក៏ដូច​ជា​រាជ​​រដ្ឋាភិ​បាល​កម្ពុជា។ ក្រៅពីនេះ លោកក៏បានជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីថា ក្រុមហ៊ុននឹងសហការជាមួយនឹងក្រ​សួង ស្ថា​ប័នរបស់រាជរដ្ឋាភិបាលកម្ពុជាបន្ថែមទៀត​ព្រម​ទាំងបន្តពង្រឹងបន្ថែមជាមួយនឹងក្រសួង ស្ថាប័ននានាទៅលើវិស័យឌីជីថលនៅកម្ពុជា។ ក្នុងឱកាសនេះដែរ លោកប្រធានក្រុមហ៊ុន Huawei ក៏បានថ្លែងអំណរគុណដល់​សម្តេចតេ​ជោដែលកន្លងមក បានគាំទ្រផ្ដល់ឱកាសឱ្យក្រុមហ៊ុនមានលទ្ធភាពក្នុងការធ្វើពា​ណិជ្ជកម្មនៅ​ក្នុង​ប្រទេសកម្ពុជាបានយ៉ាងជោគជ័យ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា ប្រសិនបើប្រទេស​កម្ពុជា​មាន​ប្រព័ន្ធបច្ចេកវិទ្យាអ៊ីនធឺណិត5G នេះគឺពិតជាល្អបំផុត ព្រោះអ៊ិនធឺណេតដើរលឿន។ សម្ដេចតេជោក៏បានណែនាំឱ្យក្រុមហ៊ុនធ្វើការខិតខំប្រឹងប្រែងជាបន្តទៀតក្នុងការសហការជាមួយក្រសួង ស្ថាប័ននានានៅកម្ពុជា ដោយសម្ដេចតេជោក៏បានគូសបញ្ជាក់ផងដែរថា សម្ដេច​ចង់​ឱ្យ​ក្រុមហ៊ុន Huawei ជួយកសាងសមត្ថភាព ជាពិសេសទៅវិស័យបច្ចេកវិទ្យា បង្កើនសេវា​ល្បឿនលឿន៕

ដោយ ជឹម ណារី