ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទទួលជួបតំណាងក្រុមហ៊ុនគ្រឿងចក្រធុនធ្ងន់ជាតិចិន

AKP ភ្នំពេញ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ — ប្រភពពីទូរទស្សន៍ជាតិកម្ពុជាបានឱ្យដឹងថា ក្នុងខណៈដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃ​រាជរដ្ឋា​ភិបាលកម្ពុជា ទៅចូលរួមវេទិកា«ខ្សែក្រវាត់ និងផ្លូវ» ​លើកទី២ សម្រាប់កិច្ចសហប្រតិបត្តិ​ការ​អន្តរជាតិ នៅទីក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០១៩ សម្តេចអ​គ្គ​ម​ហា​សេនាបតីតេជោ ហ៊ុន សែន នាយករ​ដ្ឋ​​មន្រ្តី នៃព្រះរាជាណា​ចក្រ​កម្ពុជា បានអនុញ្ញាតឱ្យតំណាងក្រុមហ៊ុនគ្រឿងចក្រធុនធ្ងន់ជាតិចិន(Chian National Heavy Machinery) ចូលជួបស​​ម្ដែ​ងការគួរសម និងពិភាក្សាការងារ។ នៅក្នុងជំនួបនេះ តំណាងក្រុមហ៊ុនបានលើកឡើងថា ក្រុមហ៊ុនទៅបណ្តាក់ទុននៅ​ប្រទេសកម្ពុជាតាំងពីឆ្នាំ២០០៧ មកម្លេះ ដោយបានសហការជាមួយនឹងក្រសួងពាក់ព័ន្ធ ជាពិសេសក្រុមហ៊ុនបានកសាងវារីអគ្គិសនីនៅស្ទឹងតាតៃ ហើយជួយកែលម្អក្របខ័ណ្ឌ​អគ្គិសនី​នៅប្រទេសកម្ពុជា​តែម្ដងនៅស្ទឹងអាតៃនៅឆ្នាំ២០១២ ក្នុងគម្រោងថវិកា ៥០៤លានដុល្លារ​សហរដ្ឋ​អាមេរិក។

សម្ដេចតេជោ ហ៊ុន សែន ក៏បានស្នើ​និងជំរុញឱ្យមានការវិនិយោគទៅលើថាមពល​នៅកម្ពុជាបន្ថែមទៀត ហើយតំណាងក្រុមហ៊ុន ក៏បានរាយការណ៍ជូនសម្ដេចតេជោថា ការ​ធ្វើពាណិជ្ជកម្មលើថាមពលនេះគឺ​បានដំណើរការទៅមុខដោយរលូន។ លោកក៏បានអរគុណ​សម្ដេចតេជោ​ចំពោះការគាំទ្រគម្រោងនេះ ហើយលោកបានចាត់ទុកថា ការដឹកនាំរប​ស់​សម្ដេច​តេជោ ជាពិសេសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះគឺសេដ្ឋកិច្ចកម្ពុជា​មានការកើន​ឡើងយ៉ាងឆាប់រហ័ស ពិសេសជាងនេះទៅទៀតលើវិស័យថាមពលអគ្គិសនី ដែលមានតម្រូវ​ការសំខាន់របស់ពលរដ្ឋនោះ។ ក្រុមហ៊ុនក៏បានស្នើដល់សម្ដេចតេជោ គឺចង់បន្តអភិវឌ្ឍន៍​ក្រុមហ៊ុនថ្មីទៀតនៅ​ពេលខាងមុខខាងថាមពលនេះ ហើយកន្លងមកលោកក៏បានចាប់ដៃសហ​ការជាមួយនឹងស្ថាប័នរដ្ឋរបស់កម្ពុជាជាពិសេសក្រសួងរ៉ែ និងថាមពល។ លោកសង្ឃឹមថា ក្រុមហ៊ុនរបស់លោកនឹងទទួលបានការគាំទ្រពីសម្ដេចតេជោនាយកមន្ត្រី ដើម្បីឱ្យ​គាត់បានបន្ត​ផលិតថាមពលថាមពលអគ្គិសនីជា​ពិសេសគម្រោងថ្មីនាពេលខាងមុខ។

សម្តេចតេជោ ក៏បានស្វាគមន៍ និងអរគុណចំពោះក្រុមហ៊ុន ដែលមកបណ្ដាក់ទុនជួយ​អភិវឌ្ឍន៍ដល់វិស័យថាមពលនៅប្រទេសកម្ពុជា ដើម្បីបន្តធ្វើយ៉ាងណាឱ្យការអភិវឌ្ឍវិស័យ​ថាមពលមានការវិវត្តន៍ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនកម្ពុជា ជាពិសេស​សេដ្ឋ​កិច្ច ពាណិជ្ជកម្មរបស់កម្ពុជា និងធ្វើយ៉ាងណាឱ្យតម្លៃអគ្គិសនីមានការថយចុះបន្ថែមទៀត៕

ដោយ ជឹម ណារី