ឯកសារចំនួន ៦ ត្រូវបានចុះហត្ថលេខាក្រោយជំនួបទ្វេភាគីរវាងសម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តមនាយករដ្ឋមន្រ្តីចិន

AKP ភ្នំពេញ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ — ប្រភពពីទូរទស្សន៍ជាតិកម្ពុជាបានឱ្យដឹងថា បន្ទាប់ពីជំនួបពិភាក្សាទ្វេភាគីដែលបានចំណាយ​ពេល​ប្រមាណ​២៥នាទី រវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណា​ច​ក្រ​កម្ពុជា និងឯកឧត្ដម លី ខឺឈាង នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជា​មានិត​ចិន នា​ព្រឹ​ក​ថ្ងៃ​ទី ២៨ ខែមេសា ឆ្នាំ២០១៩ នៅផ្ទះសំណាក់រដ្ឋទៀវអ៊ីថាយ ក្នុងទីក្រុង​ប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន​រួចមក ប្រមុខរដ្ឋាភិបាល នៃប្រទេសទាំងពីរកម្ពុជា-ចិន បានអញ្ជើញធ្វើជាសាក្សី នៃពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងសំខាន់ៗ​ចំនួន​៦ផងដែរ។ ឯកសារសំខាន់ៗទាំងនោះរួមមាន៖ ទី១. អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីបញ្ជី​គម្រោងគន្លឹះវង់ទី២ សម្រាប់កិច្ចសហប្រតិបត្តិការសមត្ថភាពផលិត និងការវិនិយោគ ចុះហត្ថ​លេខា​រវាងឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយ ឯកឧត្តម ចាង យុង អនុប្រធានគណៈកម្មការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិរបស់ប្រទេសចិន។ ទី២. អនុស្សរណៈនៃការយោគយ​ល់​គ្នា ស្តីពីកិច្ចសហ​ប្រតិបត្តិការនៃការជួយគ្នាទៅវិញទៅមកក្នុងកិច្ចការគយ ចុះហត្ថលេខារវាង ឯកឧត្តមអគ្គ​បណ្ឌិត​សុភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧប​នា​យករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាមួយឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតវិសាមញ និងពេញ សមត្ថភាព​នៃ​សាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ទី៣. អនុស្សារណៈ នៃការ​យោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការស្តីពីការនាំអង្ករកម្ពុជាចំនួន៤០ម៉ឺ​នតោន ចូលទីផ្សារ​ចិន ចុះហត្ថលេខារវាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា ជាមួយ លោក លូ ជុន ប្រធានក្រុមហ៊ុនសាជីវកម្ម COFCO របស់ប្រទេសចិន។ ទី៤. អនុស្សរណៈ​នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ ក្រោម​យុទ្ធសាស្រ្តចតុកោ​ណ​ និងគំនិតផ្តួច​ផ្តើមខ្សែក្រវាត់ និងផ្លូវ ចុះហត្ថលេខារវាង ឯកឧត្តមអគ្គបណ្ឌិតសុភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយឯកឧត្តម លីវ លានកី ប្រធានធនាគារចិន។ ទី៥. ផែនការសកម្មភាព ស្តីពីការបង្កើតសហគមន៍វាសនារួម កម្ពុជា-ចិន ចុះហ​​ត្ថលេខារវាង ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ជាមួយឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន។ ទី៦. កិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិ​ការសេដ្ឋកិច្ច និងបច្ចេកទេស ជាហិរញ្ញប្បទានឥតសំណង ចុះហត្ថលេខារវាងឯកឧត្តមអគ្គ​បណ្ឌិតសុភាចារ្យ អូន ព័ន្ធមុ​នី​រ័ត្ន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាមួយតំណាងទីភ្នាក់ងារសហប្រតិបត្តិការអភិឌ្ឍន៍អន្តរជាតិ របស់ប្រទេសចិន៕

ដោយជឹម ណារី