នាយករដ្ឋមន្ត្រីចិនបញ្ជាក់ពីចំណងមិត្តភាពដ៏រឹងមាំរវាងចិន និងកម្ពុជា បើទោះបីជាមានបញ្ហាអ្វីក៏ដោយ

AKP ភ្នំពេញ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩​ — ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិតចិន បាន​មាន​ប្រសាសន៍​បញ្ជាក់ថា បើទោះបីជាមានបញ្ហាអ្វីក៏ដោយ គឺមិនអាចបំបែកចំណងមិត្តភាព​ដ៏​រឹង​មាំរវាងចិន និង​កម្ពុជាបានឡើយ ហើយចិននឹងបន្តជួយដល់កម្ពុជាលើគ្រប់ផ្នែកទាំងអស់។

នេះបើយោងតាមអ្នកយកព័ត៌មានទូរទស្សន៍ជាតិកម្ពុជាបានឱ្យដឹង បន្ទាប់ពីជំនួប​ពិ​ភា​ក្សា​​ទ្វេភាគីរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណា​ច​ក្រ​កម្ពុជា និងឯកឧត្ដម លី ខឺឈាង នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិតចិន នា​ព្រឹ​ក​ថ្ងៃ​ទី ២៨ ខែមេសា ឆ្នាំ២០១៩ នៅផ្ទះសំណាក់រដ្ឋទៀវអ៊ីថាយ ក្នុងទីក្រុងប៉េកាំង ក្នុងខណៈ​ដែ​ល​​សម្ដេចតេជោនាយករដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ទៅ​ចូ​ល​រួមវេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី២ សម្រាប់កិច្ចសហប្រតិបត្តិការ​អន្តរ​ជាតិ នៅសា​ធា​រ​ណរដ្ឋប្រជាមានិតចិន។

ក្នុងជំនួបនេះដែរ ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្រ្តីចិន បានមានប្រ​សាសន៍បញ្ជាក់ថា ឯកឧត្តមពិតជាមានការសប្បាយរីករាយ ដោយបានជួបពិភាក្សាជាថ្មីម្តងទៀត ជាមួយសម្តេច​តេជោនាយករដ្ឋមន្រ្តី ជាពិសេសឯកឧត្តមសូមអរគុណជូនចំពោះសម្តេចតេជោ ដែ​ល​​បាន​អញ្ជើញចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី២ សម្រាប់កិច្ចសហប្រ​តិបត្តិការ​អន្តរ​ជា​តិ នៅទីក្រុងប៉េកាំង ប្រទេសចិននេះ។ ឯកឧត្តមបន្តថា ប្រទេសកម្ពុជាគឺជាមិត្តដ៏ល្អរបស់​ប្រ​ទេ​ស​​ចិ​ន ហើយប្រទេសចិនជាមិត្តរបស់កម្ពុជា ហើយចិនជឿជាក់ និងទុកចិត្តគ្នាទៅវិញទៅម​ក។

ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ក្នុងគំនិត​ផ្តួច​ផ្តើម​ខ្សែ​​ក្រ​វាត់ និងផ្លូវ បច្ចុប្បន្ននេះ កម្ពុជា-ចិន កំពុងធ្វើយ៉ាងណាឱ្យគំនិតផ្ដួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ និងយុទ្ធសាស្រ្តចតុកោណរបស់កម្ពុជាមានការស៊ីសង្វាក់គ្នា និងមានការតភ្ជាប់គ្នា ពិសេស​កា​រ​​តភ្ជាប់​គ្នាទាំងផ្នែកទុន និងផ្នែករឹង។ សម្តេចតេជោក៏បានលើកឡើងពីយន្តការនៃការ​បន្ត​បង្កើ​ន​កិច្ចសហប្រតិ​បត្តិ​ការជាមួយគ្នា ក្នុងក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ។ ក្នុងជំនួប​ពិ​ភាក្សា​គ្នានោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍អរគុណ ជូនចំពោះរដ្ឋាភិបា​ល​​ចិន​ដែលផ្តើមការពិភាក្សាជាមួយកម្ពុជា ដែលទាក់ទិនទៅនឹងសហភាពអឺរ៉ុប ត្រៀម​ដ​ក​ EB​A​ ពីកម្ពុជា។ តាមរយៈ អ្វីដែលភាគីចិនមានគម្រោងជួយដល់កម្ពុជានោះ សម្តេចតេជោ​បា​ន​ស្នើ​​នៅ​ចំ​ពោះ​មុខឯកឧត្តមនាយករដ្ឋមន្រ្តីចិន ធ្វើយ៉ាងណាជួយជំរុញឱ្យក្រុមហ៊ុនចិន បន្តការ ​ប​ណ្តាក់ទុនវិនិយោគ និងធ្វើពាណិជ្ជកម្ម​ក្នុងប្រទេសកម្ពុជាជាបន្តទៅទៀត។ សម្តេច​តេជោ​បន្តទៀត​ថា​ កម្ពុជានឹងបន្តធ្វើកំណែទម្រង់ផ្ទៃក្នុងខ្លួនឯង ឱ្យកាន់តែស៊ីជម្រៅថែមទៀត ដើម្បី​ធ្វើយ៉ាង​ណា​​ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមាន​ល្បឿនខ្ពស់ជាងមុន។ ក្នុងជំនួប​ពិភាក្សា​គ្នា​នោះ​​ដែរ សម្តេចតេជោក៏បានស្នើដល់ភាគីចិន ជួយដល់ខេត្ត ព្រះសីហនុលើការ​គ្រប់គ្រង ពិសេស​ជួ​យ​​ដល់បញ្ហាទឹកកខ្វក់ តាមរយៈការផ្តល់ហិរញ្ញប្បទានដល់ គម្រោង​អភិវឌ្ឍន៍​ទឹកស្អាត និងការ​អ​ភិ​វឌ្ឍជនបទ ដើម្បីឱ្យខេត្តព្រះសីហនុក្លាយជាខេត្តគំរូ នៃការ​អនុវត្ត​គំនិតផ្តួចផ្តើមខ្សែក្រវាត់ និង​ផ្លូ​វ​នេះ។

ជាការឆ្លើយតបទៅនឹងប្រសាសន៍លើកឡើង របស់សម្តេចតេជោ ហ៊ុន សែន ឯកឧត្តម​នា​យក​រដ្ឋមន្រ្តី​ចិនបានថ្លែងថា អ្វីដែលឯកឧត្តមចង់ឃើញគឺការពង្រឹងកិច្ច​សហ​ប្រ​តិ​បត្តិ​កា​រ នៃប្រទេស ទាំងពីរឱ្យកាន់តែរឹងមាំ និងបោះជំហានទៅមុខ និងការបម្រើផលប្រយោជន៍​រួ​ម​​សម្រាប់ប្រទេស និងប្រជាជនប្រទេសទាំងពីរ ពិសេសចិននឹងបន្តគាំទ្រដល់យុទ្ធសាស្រ្ត​ចតុ​កោណដំ​ណា​ក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។​​​​​ ឯកឧត្តមបន្តថា ចិនមានឆន្ទះច្បាស់​លា​ស់​ក្នុង​ការ​ជួយដល់ប្រទេសកម្ពុជា ពិសេសពាក់ព័ន្ធទៅនឹងក្រុមហ៊ុនចិនដែលកំពុងធ្វើ​ពាណិជ្ជ​កម្ម និ​ង​​វិនិយោគនៅកម្ពុជា។ រដ្ឋាភិ​បាលចិន នឹងជំរុញលើកទឹកចិត្តដល់ក្រុមហ៊ុនទាំងនោះ បង្កើ​ន​ខ្សែសង្វាក់ផលិតបន្ថែមទៀត នៅកម្ពុជា។ ឯកឧត្តមមានប្រសាសន៍សង្កត់ធ្ងន់ថា បើ​ទោះ​បី​ជា​មានបញ្ហាអ្វីក៏ដោយ គឺមិនអាច បំបែកចំណងមិត្តភាពដ៏រឹងមាំរវាងចិន​និងកម្ពុជា​បានឡើយ ហើ​យចិនបន្តជួយដល់កម្ពុជាលើគ្រប់ផ្នែកទាំងអស់។ ទាក់ទិនទៅនឹងសំណើ​របស់ សម្តេច​តេ​ជោដែលបានស្នើឱ្យភាគីចិន បន្តបើក​ចំហរ​ទីផ្សារក្នុងប្រទេសចិន ដើម្បី​ទទួលយកនូវ​ផលិត​ផ​លពីប្រទេសកម្ពុជា ឯកឧត្តមនាយករដ្ឋមន្រ្តីចិនបញ្ជាក់បន្ថែមថា ភាគី​ចិន​នឹងពិនិត្យ​លទ្ធ​ភា​ពគ្រប់បែបយ៉ាង ក្នុងការទទួលនូវផលិតផល ពីប្រទេសកម្ពុជាលើអ្វី​ដែល​ប្រទេសចិន​មាន​ត​ម្រូ​វការចាំបាច់នោះ៕

ដោយ ជឹម ណារី