កិច្ចប្រជុំកំពូលតុមូល នៃវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី២ ក្រោមប្រធានបទ ការជំរុញ​ការតភ្ជាប់ដើម្បីស្វែងរកធនធានថ្មីសម្រាប់ការរីកចម្រើន

AKP ភ្នំពេញ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ — ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងប្រតិភូជាន់ខ្ពស់ នៃ​ប​ណ្តា​​​ប្រទេស​ជាដៃគូសហប្រតិបត្តិ​ការខ្សែក្រវាត់និងផ្លូវ បានយាង និងអញ្ជើញចូលរួមកិច្ចប្រជុំ​កំ​ពូ​លតុមូល នៃ​វេទិកាខ្សែក្រវាត់ និងផ្លូវលើកទី២ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ក្រោម​ប្រ​ធានបទ «ការ​ជំរុញការតភ្ជាប់​ដើម្បីស្វែងរកធនធានថ្មី សម្រាប់ការរីកចម្រើន» ដែលធ្វើឡើង​នៅ​​​រម្មណីដ្ឋានលំហែរកាយ នៃមជ្ឈមណ្ឌលសន្និសីទអន្តរជាតិ ជាយក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន នាព្រឹក​ថ្ងៃទី២៧ ខែមេសាឆ្នាំ២០១៩។ ក្នុងនោះ ​​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋា​ភិបាល នៃប្រទេសជាសដៃគូ​សហប្រតិបត្តិការ នៃខ្សែក្រវាត់និងផ្លូវ ត្រូវ​បាន​​ការធ្វើ​គារវ​កិច្ច​ស្វាគមន៍យ៉ាងកក់ក្តៅបំផុត​ជាថ្មីម្តងទៀតពីសំណាក់ឯកឧត្តម ស៊ី ជិនពីង ប្រ​​​ធានាធិបតី នៃសាធារណរដ្ឋ​ប្រជាមានិតចិន។


ប្រភពពីទូរទស្សន៍ជាតិកម្ពុជាបានឱ្យដឹងថា តាមរបៀបវារៈដែលបានគ្រោងទុក បណ្តា​មេ​​ដឹកនាំ​នៃប្រទេសកិច្ចសហប្រតិ​បត្តិ​ការ ខ្សែក្រវាត់និងផ្លូវ បានធ្វើការពិភាក្សាគ្នាយ៉ាងយក ​ចិ​ត្ត​​ទុក​ដាក់ទៅលើប្រធានបទ ការជំរុញ​ការតភ្ជាប់ដើម្បីស្វែងរកធនធានថ្មី សម្រាប់ការ​រីក ច​ម្រើ​ន​​។ ឆ្លងតាមការពិភាក្សាពេញមួយថ្ងៃទី២​នេះ បណ្តាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និង​ប្រតិភូ​ទាំ​ង​​អស់ បានឯកភាពគ្នាឈានទៅចេញ​សេចក្តី​ថ្លែងការណ៍រួម នៃកិច្ចប្រជុំកំពូល​តុមូលរបស់​ថ្នា​ក់​ដឹកនាំ នៃវេទិកាខ្សែក្រវាត់និងផ្លូវ សម្រាប់កិច្ច​សហប្រតិបត្តិការអន្តរជាតិ មាន​៣៨ចំណុច។ ក្នុ​ង​​​នោះ មេដឹកនាំទាំងអស់ បានចាត់ទុកថា ការតភ្ជាប់​គឺជាការរួមចំណែកដល់​ការជំរុញកំណើន​សេ​​ដ្ឋកិច្ច ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ពាណិជ្ជកម្ម​ទំនើបនិងសេវា ក៏ដូច​ជាការវិនិយោគ ការ​បង្កើនឱកាសការងារ និងការធ្វើឱ្យប្រសើរឡើង ​នៃ​ទំនាក់​ទំនង និងការ​ផ្លាស់ប្តូររវាង​ប្រ​ជា​ជ​ន។ ក្នុងន័យនេះការជំរុញភាពជាដៃគូសកល ស្តីពីការ​តភ្ជាប់ ផ្អែកលើ​តម្លាភាព ភាពបើក​ចំ​ហ​រ និងបរិយាប័ន្ន ផ្តល់នូវឱកាសសម្រាប់យើងទាំងអស់គ្នា។ បច្ចុប្បន្ន​នេះ តាមរយៈ​ភាពជា​ដៃ​គូ​ រួមមានគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងសហប្រតិបត្តិការ​យុទ្ធ​សាស្រ្តដទៃទៀត មេដឹកនាំ​បាន​ប្តេជ្ញាចិត្តលើកកម្ពស់ កិច្ចសហប្រតិបត្តិការអន្តរជាតិ ទាំងថ្នាក់​អនុតំបន់ ថ្នាក់តំបន់ និង​ស​ក​លលោក សំដៅឆ្ពោះទៅអនាគតដ៏ត្រចះត្រចង់ និងវិបុលភាព​រួម​គ្នា។ មេដឹកនាំទាំងអស់ ក៏​បាន​គាំទ្រនូវប្រព័ន្ធពាណិជ្ជកម្មពហុភាគី​ ដែលមានលក្ខណៈ​ជាសកល ផ្អែកលើមូលដ្ឋានច្បាប់ បើ​កចំហ មានតម្លាភាព និងគ្មានការរើសអើង ដោយយក​អង្គការ​ពាណិជ្ជ​កម្មពិភពលោកជាស្នូល។ ទន្ទឹមនេះ ដើម្បីរក្សាស្ថិរភាពនៃការអភិវឌ្ឍរួម មេដឹក​នាំទាំង​អស់ បាន​ស្វាគមន៍​គោលនយោ​បា​យម៉ាក្រូសេដ្ឋកិច្ចដ៏រឹងមាំ ជំរុញការពិភាក្សាពាក់​ព័ន្ធនឹងរបៀបវារៈ នៃ​ការ​អភិវឌ្ឍប្រកប​ដោ​យ​​ចីរភាព ហើយធ្វើការរួមគ្នា សំដៅលើកម្ពស់​កិច្ចពិភាក្សាគោល​នយោ​បាយ​ម៉ាក្រូ​សេដ្ឋ​កិ​ច្ច​ នៅអង្គការសហប្រជាជាតិ ក៏ដូចជាវេទិកាពហុ​ភាគីដទៃទៀត និងការលើក​កម្ពស់ការរួម​ប​ញ្ចូ​ល​រវាងផែនការអភិវឌ្ឍ ដែលពាក់ព័ន្ធនឹងគំនិត​ផ្តួចផ្តើមការតភ្ជាប់នានា ដោយ​ផ្អែក​លើវឌ្ឍន​ភាព​ដែលសម្រេចបានកន្លងមក។ ក្នុងន័យនេះ​មេដឹកនាំទាំងអស់ បានសង្កត់ធ្ងន់ផង​ដែរ លើ​កា​​លានុវត្តភាពបានមកពីគំនិតផ្តួចផ្តើម និងក្រ​ប​ខ័ណ្ឌកិច្ចសហប្រតិបត្តិការនានា ក្នុង​ចំណោ​ម​នោះ​រួមមាន ACMECS Master Plan (2019-2023) សហភាពអាហ្រ្វិក ដែលរួម​មាន​កម្ម​វិធី​ស​ម្រា​ប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅទ្វីប​អាហ្រ្វិក (PIDA) ផែនការតភ្ជាប់កិច្ចសហ​ប្រតិបត្តិការ​សេ​ដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) សម្ព័ន្ធអារ៉ាប់ សហគមប្រជាជាតិអាស៊ីអាគ្នេយ៍ រួមទាំង​ផែ​ន​ការ​មេស្តីពីការតភ្ជាប់​អាស៊ាន​២០២៥ បណ្តាញទីក្រុងឆ្លាតអាស៊ាន និងគំនិតផ្តួច​ផ្តើម​អាស៊ាន​ស្តីពី​ការតភ្ជាប់ ក្រុមការងារ​ស្វែង​រកមាគ៌ារបស់ ASEM ស្តីពីការតភ្ជាប់ (SAEM Pathfinder Gro​up​ on Connectivity) , BIMP-East ASEAN Growth Asea) ការ​តភ្ជាប់អាស៊ីកណ្តាល សហគ​ម​ន៍​​​អា​ម៉េរិកឡាទីន និងការាបៀន (CELAC) យុទ្ធសាស្រ្តផ្លូវ​សូត្រ​ឌូបៃ យុទ្ធសាស្រ្តសហភាព​អឺរ៉ុ​ប​ ស្តីពីការតភ្ជាប់​តំបន់អឺរ៉ុប និងអាស៊ី កម្មវិធីតភ្ជាប់ទំនាក់ទំនង​រវាង​សហភាពអឺរ៉ុបនិងចិន ភាព​ជា​ដៃគូអឺរ៉ុប​ខាងកើត សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី កិច្ចសហ​ប្រតិបត្តិការអឺរ៉ុប-អាស៊ី វេទិកាស្តី​ពី​​កិច្ច​សហប្រតិបត្តិការចិន-អាហ្រ្វិក (FOCAC) មហាអនុ​តំបន់​មេគង្គ (GMS) សម្ព័ន្ធភាពការត​ភ្ជា​​ប់​​ហេដ្ឋារចនាសម្ព័ន្ធសកល គម្រោង G-Gobal កិច្ច​សហ​ប្រតិបត្តិការមេគង្គ-ឡានឆាង អង្គ​ការ​នៃបណ្តារដ្ឋនៅទ្វីបអាម៉េរិក សម្ព័ន្ធប៉ាស៊ីហ្វិក វេទិកាកោះ​ប៉ាស៊ី​ហ្វិក សហភាពម៉េឌី​ទែរ៉ា​ណេ​ និងគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអនុតំបន់​រវាង​ដៃគូទាំងអស់។ ដោយ​បាន​ប្តេជ្ញាចិត្តក្នុងការបន្តធ្វើសេរីភាវូបនីយកម្ម និងកិច្ចសម្រួល​ពាណិជ្ជ​កម្មនិងវិនិយោគ មេដឹ​ក​នាំ​ទាំងអស់​បានគូសបញ្ជាក់ថា យើងនឹងបន្តពង្រីកទីផ្សារ​បន្ថែម​ទៀត ច្រានចោលការអនុវត្ត​ការ​គាំពារនិយម ឯកតោភាគីនិយម និងវិធានការដទៃទៀត ដែល​មិន​អនុលោមតាមច្បាប់​រប​ស់​អង្គការពាណិជកម្មពិភពលោក។ មេដឹកនាំទាំងអស់ ក៏បានគូសបញ្ជាក់​ពី​សារៈសំខាន់ នៃប្រ​ព្រឹ​ត្តកម្មពិសេស និងដាច់ដោយឡែក ជាមួយនឹងអ្វីដែលបានលើក​ឡើង​រួម​គ្នានេះ មេដឹកនាំ​ទាំ​ង​​អស់ ក៏បានទទួលស្គាល់នូវសារៈសំខាន់ ក្នុងការកែលម្អកិច្ចសម្របសម្រួល​គយ រួមបញ្ចូល​ទាំង​ការលើកទឹកចិត្ត ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ និងការសម្រប​សម្រួល​ឱ្យកាន់​តែល្អ​ប្រ​សើរ​ឡើង រវាងស្ថាប័នពាក់ព័ន្ធ និងការបញ្ចេញទំនិញនៅតាមព្រំដែន ការផ្តល់​ជំនួយទៅ​វិញ​ទៅមក ការចែករំលែកនិងកិច្ចសហប្រតិបត្តិការព័ត៌មាន ការបន្ស៊ីការអនុវត្ត​នីតិវិធី​គយ និង​នីតិវិធីដឹកជញ្ជូនឆ្លងកាត់ព្រំដែន។ ជាមួយគ្នានេះ មេដឹកនាំទាំងអស់ បានធ្វើការគាំទ្រដល់​ការ​អ​​ភិ​វឌ្ឍ​សេដ្ឋកិច្ចពណ៌ខៀវប្រកបដោយចីរភាព និងអំពាវនាវឱ្យមានការអភិវឌ្ឍបន្ថែម​ទៀត នូវ​ការ​តភ្ជាប់ផ្លូវសមុទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការដែនសមុទ្រអន្តរជាតិ រួមទាំងកំពង់​ផែ និង​ឧស្សាហកម្មដឹកជញ្ជូនតាមនាវា ស្របជាមួយនឹងការគ្រប់គ្រងប្រព័ន្ធអេកូឡូស៊ីសមុទ្រ និង​ឆ្នេរ​សមុ​ទ្រប្រកបដោយចីរភាព។ ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ច ដែលមានការតភ្ជាប់គ្នាទៅវិញ​ទៅ​​​មក មេដឹកនាំបានគាំទ្រដល់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ទូលំទូលាយនិងពហុបំណង ជំ​រុ​ញ​​​កំណើនសេដ្ឋកិច្ច និងលើកកម្ពស់ស្តង់ដារជីវភាពរស់នៅ ដែលជាកាតាលីករជំរុញដោយ​ការ​វិនិ​យោគ​ហេដ្ឋារចនាសម្ព័ន្ធ។ ពិសេសទៅទៀតនោះ មេដឹកនាំទាំងអស់ ក៏បានគាំទ្រការ​អនុ​វត្ត​​គោល​នយោបាយ និងសកម្មភាពនានា ដែលជួយឱ្យបណ្តាប្រទេសពុំមានព្រំប្រទល់​ជា​ប់​សមុទ្រ (Land-Look countries) អាចផ្លាស់ប្តូរទៅជាប្រទេសមានការតភ្ជាប់​ទៅនឹងប្រទេ​ស​ដ​ទៃ​ទៀត (Land-Linked) ដោយរួមបញ្ចូលទាំងការពង្រឹងការតភ្ជាប់ និងកិច្ចសហប្រតិបត្តិការ​លើ​ការដឹក​ជញ្ជូន​ឆ្លង​កាត់ និងហេដ្ឋារចនាសម្ព័ន្ធ។ ជាមួយគ្នានេះ មេដឹកនាំទាំងអស់ ក៏បាន​អំ​ពាវ​​នាវដល់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ក្នុងកិច្ចសហប្រតិបត្តិការខ្សែក្រវាត់និងផ្លូវ រួមគ្នាបំពេញ​នូវ​ការ​ទទួលខុសត្រូវ​ផ្នែក​សង្គម និងអនុវត្តន៍គោលការណ៍នានា ក្រោមកិច្ចព្រមព្រៀងសកល រប​ស់​អង្គការសហប្រជា​ជាតិ​។ ក្នុងការប្តេជ្ញាការពារភពផែនដីពីការបំផ្លាញនានា មេដឹកនាំ​ទាំង​អ​ស់​ បានសម្លឹងឆ្ពោះទៅរក​អនា​គតមួយ ដែលមានធន់ទ្រាំនឹងអាកាសធាតុ និងការពង្រឹង​កិច្ច​ស​ហ​ប្រតិបត្តិការ ក្នុងវិស័យនានា ដូចជាការការពារបរិស្ថាន សេដ្ឋកិច្ចវិលជុំ ថាមពលស្អាតនិង​ប្រសិ​ទ្ធភាពថាមពល ការគ្រប់គ្រង​ធនធានទឹកប្រកបដោយចីរភាព ពិសេសគាំទ្រការអនុវត្ត​សេ​​ចក្តី​សម្រេច របស់អង្គការសហប្រជា​ជាតិ ស្តីពីការពិនិត្យឡើងវិញគ្រប់ជ្រុងជ្រោយ សកម្ម​ភា​ព​ក្នុងទសវត្សរ៍អន្តរជាតិ ហៅថា ទឹក​សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០១៨-២០​២​៨​។ មេដឹកនាំក៏បានគាំទ្រ កិច្ចសហ​ប្រតិបត្តិការ​អន្តរជាតិប្រឆាំងអំពើពុករលួយ និងប្រកាន់​ជំ​ហរ​មិនអត់ឱន ក្នុងការប្រឆាំងនឹងអំ​ពើ​ពុករលួយ អនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិ​យុ​ត្ត​ជាតិ របស់ប្រទេសនីមួយៗ។ ជា​មួយ​គ្នានេះ មេដឹកនាំទាំងអស់ បានស្វាគមន៍កិច្ចខិតខំ​ប្រឹង​ប្រែង​ដើម្បីជំរុញថែមទៀត នូវកិច្ចសហ​ប្រតិបត្តិការទ្វេភាគី និងអន្តរជាតិ ជាមួយនឹង ​ប្រ​ទេ​ស​ចិ​ន​​ ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងគាំទ្រឱ្យមានវេទិកាខ្សែក្រវាត់និងផ្លូវនេះ​ជាទៀង​ទា​ត់ អមដោយកម្មវិធីបន្ទាប់បន្សំផ្សេងទៀត តាមដែលអាចធ្វើទៅបាន។
បន្ទាប់មក មេដឹ​ក​នាំ​ទាំងអស់ ក៏បានថ្លែងអំណរគុណ និងអបអរ​សា​ទរ ប្រទេសចិន ចំពោះ​ការធ្វើជាម្ចាស់ផ្ទះ​វេទិ​កា​​​ខ្សែក្រវាត់ និងផ្លូវលើកទី២ សម្រាប់កិច្ចសហ​ប្រតិ​បត្តិការ​អន្តរ​ជាតិ នឹងទន្ទឹងរង់ចាំចូលរួម​ក្នុ​ង​វេទិកា​ខ្សែក្រវាត់ និងផ្លូវ លើកទី៣បន្តទៀត៕

ដោយ ជឹម ណារី