រដ្ឋាភិបាលជប៉ុន ប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ទៅសិក្សានៅប្រទេសជប៉ុន សម្រាប់ឆ្នាំ២០២០ខាងមុខ

AKP ភ្នំពេញ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ —  រដ្ឋាភិបាលជប៉ុនបានប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ទៅសិក្សានៅប្រទេស​ជប៉ុនសម្រាប់​ឆ្នាំ២០២០ខាងមុខ។ ការប្រកាសនេះបានធ្វើឡើងនៅក្នុងកម្មវិធីធ្វើបទបង្ហាញ ស្តីពីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន ទៅសិក្សានៅប្រទេសជប៉ុន សម្រាប់ឆ្នាំ២០២០ កាល​ពីល្ងាចថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០១៩​ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC)។លោក កូហេ ហូរី លេខាទី២ នៃស្ថានទូតជប៉ុនប្រចាំនៅកម្ពុជាបានថ្លែងថា អាហារូប​ករណ៍​នេះ មានប្រភេទកម្រិតអាហារូបករណ៍   សម្រាប់ថ្នាក់ក្រោយឧត្តមសិក្សា ថ្នាក់ឧត្តម​សិក្សា ថ្នាក់មធ្យមសិក្សាបច្ចេកទេស និងថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈ។ លោកបានបន្ដថា សម្រាប់​ពាក្យស្នើសុំអាចរកបាននៅការិយាល័យអាហារូបករណ៍ នៃនាយកដ្ឋានទំនាក់ទំនង​វប្បធម៌ និងអាហារូបករណ៍នៃក្រសួងអប់រំ យុវជន និងកីឡា ដែលមានអាស័យដ្ឋាន ផ្ទះលេខ ២៣ ផ្លូវលេខ ៣៦០ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ឬតាមរយៈគេហ​ទំព័រ​ស្ថាន​ទូតជប៉ុនប្រចាំកម្ពុជា។  លោកបានលើកឡើងទៀតថា ការិយាល័យអាហារូបករណ៍​នឹងចាប់ផ្តើមទទួលពាក្យពីថ្ងៃទី០២ ខែឧសភា  រហូតដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩។ ចំពោះការដាក់ពាក្យស្នើសុំ ត្រូវបំពេញពាក្យស្នើសុំ និងឯកសារពាក់ព័ន្ធដែលចាំបាច់មកកាន់​ការិយាល័យអាហារូបករណ៍ឱ្យបានមុន ឬត្រឹមថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១៦៖០០។ កាលបរិច្ឆេទនៃការជ្រើស រើសការប្រឡងសរសេរ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ចំណែកការសម្ភាសន៍​នឹងត្រូវធ្វើឡើងនៅ​ស្ថាន​ទូតជប៉ុនប្រចាំកម្ពុជា តាមកាលបរិច្ឆេទដូចខាងក្រោម៖ ថ្នាក់ក្រោយឧត្តម​សិក្សា នាថ្ងៃ១៥ ខែមិថុនា ឆ្នាំ២០១៩។ ថ្នាក់ឧត្តមសិក្សា ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ ថ្នាក់មធ្យមសិក្សា​បច្ចេកទេស ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ និងថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩។ 

លោកបានបន្ថែមទៀតថា​ចំពោះលទ្ធផលចុងក្រោយនៃបេក្ខជនជាប់អាហារូបករណ៍​នឹងត្រូវប្រកាសតាមកាលបរិច្ឆេទដូចខាងក្រោម៖  ថ្នាក់ក្រោយឧត្តមសិក្សាចន្លោះចុងខែធ្នូ ឆ្នាំ២០១៩ ដល់ខែមករា ឆ្នាំ២០២០  ថ្នាក់ឧត្តមសិក្សាថ្នាក់មធ្យមសិក្សាបច្ចេក​ទេស និងថ្នាក់​បណ្តុះបណ្តាលវិជ្ជាជីវៈ ចន្លោះខែវិច្ឆិកា ដល់ខែធ្នូ ឆ្នាំ២០១៩។

សូមបញ្ជាក់ថា គិតមកដល់ពេលនេះមាននិស្សិតកម្ពុជាប្រមាណជាង​១.១០០នាក់​ហើយ ដែលបានទទួលអាហារូបករណ៍ទៅបន្តសិក្សានៅប្រទេសជប៉ុន។ បើតាមការបញ្ជាក់​របស់លោក កូហេ ហូរី បានឱ្យដឹងថា អតីតនិស្សិតអាហារូបករណ៍ បច្ចុប្បន្នកំពុងដើរតួនាទី​យ៉ាង​សំខាន់នៅក្នុងវិស័យផ្សេងៗ ដែលបានចូលរួមចំណែកដល់ការអភិវឌ្ឍ និងកំណើន​សេដ្ឋកិច្ចប្រកបដោយស្ថិរភាពក្នុងប្រទេសកម្ពុជា។ លោកឱ្យដឹងទៀតថា ការបង្កើតនូវជើង​ហោះ​ហើរ​ត្រង់រវាងទីក្រុងតូក្យូ និងរាជធានីភ្នំពេញ នៅខែវិច្ឆិកា ឆ្នាំ២០១៦កន្លងមក ក៏បាន​ជួយពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជននៃ​ប្រទេស​ទាំងពីរកម្ពុជា-ជប៉ុនផងដែរ។

ជាមួយគ្នានេះដែរ គិតត្រឹមខែមេសា ឆ្នាំនេះ មានប្រជាជនជប៉ុនប្រមាណ ៤.០០០នាក់ ដែលបានមករស់នៅក្នុងប្រទេសកម្ពុជា  និងមានក្រុមហ៊ុនជប៉ុនចំនួន១៨៥ ក្រុមហ៊ុន ដែល​បានចុះឈ្មោះក្នុងសមាគមពាណិជ្ជកម្មកម្ពុជា-ជប៉ុន(JBAC)។ តួលេខទាំងនេះ  គឺបានបង្ហាញ​ពីការកើនឡើងជិត ៤ដង បើធៀបនៅឆ្នាំ២០១០កន្លងមក៕

ដោយ ប៉ាល់ សុង