លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ស្នើឱ្យខេត្តលាវនីង នៃសាធារណរដ្ឋប្រជាមានិត​ចិន បន្ដជួយកម្ពុជាលើវិស័យអប់រំ និងសុខាភិបាលបន្ថែមទៀត

AKP ភ្នំពេញ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ —  លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ ទំនង​ជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចបានស្នើគណៈប្រតិភូខេត្តឡៅនីញ នៃ​សាធារណ​រដ្ឋប្រជាមានិតចិន បន្ដជួយដល់កម្ពុជាលើវិស័យអប់រំ និងសុខាភិបាល ដើម្បីជំរុញ​លើកកម្ពស់​ដល់​វិស័យអប់រំនៅកម្ពុជា ​ឱ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត។ក្នុងជំនួបពិភាក្សាការងារ ជាមួយគណៈប្រតិភូខេត្តឡៅនីញ ដែលដឹកនាំដោយ ឯកឧត្តម ឈីវ ហ្វាចេន លេខាបក្សកុម្មុយនីស្ដ ខេត្តលាវនីងនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី២៦  ខែមេសា ឆ្នាំ២០១៩ នៅសណ្ឋាគារ សូហ្វីតែល  លោកជំទាវកិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែគាំទ្រដល់ការវិនិ​យោគ​​របស់​អ្នកវិនិយោគិនចិន ហើយគោលនយោបាយ ខ្សែក្រវាត់១ ផ្លូវ១ របស់ចិន  ពិតជា​បានផ្តល់ផលប្រយោជន៍ជាច្រើនដល់កម្ពុជា ក៏ដូចជាពិភពលោកទាំងមូលផងដែរ។

ឯកឧត្តម ឈីន ហ្វាចេន បានថ្លែងអំណរគុណ ចំពោះលោកជំទាវ ដែលបានគាំទ្រ​ចំពោះ​ខេត្តលាវនីង ហើយឯកឧត្តមបានលើកឡើងថា ខេត្តលាវនីង និងខេត្តព្រះសីហនុ គឺជាខេត្តដែលបានចងសម្ព័ន្ធមេត្រីភាពនឹងគ្នា ដែលបច្ចុប្បន្នបាន និងកំពុងបង្កើតឱ្យ​មានតំបន់​សេដ្ឋកិច្ចពិសេសនៅទីនោះ។ ជាមួយគ្នានេះ រាល់ការវិនិយោគរបស់ខេត្តលាវនីង គឺបាន​បង្កើតឱកាសការងារយ៉ាងច្រើនជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុក៏ដូចជាប្រ ទេសកម្ពុជា៕

ដោយ សួស សំរិត