ប្រធានាធិបតីចិន រៀបចំពិធីលៀងសាយភោជន៍ ជូនបណ្តាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ

AKP ភ្នំពេញ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ — នារាត្រីថ្ងៃទី២៦មេសា ឆ្នាំ២០១៩ នៅមហាវិមានប្រជាជនចិន ក្នុងទីក្រុងប៉េកាំង នៃសា​ធា​រ​​​ណ​រដ្ឋប្រជា​មានិតចិន ឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតី​ នៃសាធារណរដ្ឋប្រជាមានិតចិន បា​​ន​ប្រារព្ធ​រៀបចំ ពិធីលៀងសាយភោជន៍ជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយ និងជូន​ព្រះ​ចៅ​ស៊ុលតង់ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសជាដៃគូសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ ដែលបានយាង និង​អញ្ជើញចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី២ សម្រាប់កិច្ចសហ​ប្រតិ​បត្តិ​កា​រ​អន្តរជាតិ នៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។ ប្រភពពីទូរទស្សន៍ជាតិកម្ពុជាបានឱ្យដឹងថា  នៅចំពោះមុខបណ្តាមេដឹកនាំនៃប្រទេស​ជា​​​ដៃគូ សហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ ឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតី​ នៃសាធារ​ណ​រដ្ឋ​​​ប្រជា​មា​និតចិន បានមានប្រសាសន៍ថា ក្នុងនាមថ្នាក់ដឹកនាំកំពូល រដ្ឋាភិបាល និងប្រជា​ជនចិន ឯក​ឧត្តមពិតជាមានសេចក្តីសោមនស្សរីករាយជាអនេក ថ្វាយ និងធ្វើគារវកិច្ចដោយ​ស្មោះបំផុ​ត​ចំពោះព្រះចៅ ស៊ុលតង់ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងគណៈប្រតិភូនៃបណ្តា​ប្រទេសកិច្ច​ស​​​​ហប្រតិបត្តិការ​ខ្សែ​ក្រវាត់ និងផ្លូវ ដែលបានយាង ​និងអញ្ជើញចូលរួមវេទិកា​ខ្សែ​ក្រវាត់ និង​ផ្លូវ​លើ​កទី២ សម្រាប់កិច្ច​សហប្រតិបត្តិការអន្តរជាតិ នៅទីក្រុងប៉េកាំង នៃ​សាធារណរដ្ឋប្រជា​មានិត​ចិ​ន។ ឯកឧត្តមប្រធានា​ធិបតីបានបន្តថា មកដល់វេទិកាលើកទី២នេះ យើងមានប្រ​ទេ​​សចំនួនជាង​១០០ និង​អង្គ​ការចំនួនជាង២០ហើយ ដែលបានចុះហត្ថលេខា​ជាមួយនឹង​ប្រ​ទេ​សចិន ពោលគឺមានការរីក​ចម្រើន​យ៉ាងខ្លាំង ពិសេសការផ្តល់នូវទំនុកចិត្តគ្នា​ទៅវិញទៅ​មក​។​ ឯកឧត្តមប្រធានាធិបតីបានបន្ដទៀតថា តាមរយៈកិច្ចពិភាក្សារបស់យើងរយៈ​ពេល៣​ថ្ងៃ​ នៃវេទិកាខ្សែក្រវាត់ និងផ្លូវ​លើកទី២នេះ យើងនឹងផ្តល់នូវទំនុកចិត្តកាន់តែខ្លាំង​ឡើង​ថែម​ទៀ​ត សម្រាប់ប្រទេសទាំងអស់ ដែលបានធ្វើទំនាក់ទំនងជាមួយគ្នា។ ឯកឧត្តម​ប្រធានាធិបតី​ក៏​បានថ្វាយព្រះពរ និងជូននូវសព្វ​សាធុការពរជ័យបវរមហាប្រសើរ ថ្វាយ​និង​ជូនព្រះចៅស៊ុល​ត​ង់ សម្តេច ឯកឧត្តម លោកជំទាវ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេស​ជាដៃគូកិច្ចសហប្រ​តិ​​បត្តិ​ការខ្សែក្រវាត់ និងផ្លូវ សូមមានព្រះរាជសុខភាព សុខភាពល្អបរិបូរណ៍ សុខភាព​មាំ​មូ​ន​ ក្នុងការគង់ប្រថាប់ និងស្នាក់នៅទីក្រុងប៉េកាំង ដើម្បីពិភាក្សាលើ​របៀបវារៈ​នៃកិច្ចពិភាក្សាក្នុ​ង​​​​វេទិកាខ្សែក្រវាត់ និងផ្លូវលើកទី២ សម្រាប់កិច្ច​សហប្រតិបត្តិការអន្តរជាតិ ប្រកបដោយភាព​ជោ​គ​ជ័យ​សម្រាប់ប្រជាពលរដ្ឋ នៃយើង ទាំងអស់គ្នា។

សូមបញ្ជាក់ថា វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី២នេះ ក្រៅពីមេដឹកនាំប្រមុខរដ្ឋ ប្រមុខ​រដ្ឋា​ភិបាល គណៈប្រតិភូនៃបណ្តាប្រទេសនានាជាសមាជិក និងអង្គការអន្តរជាតិនានា ក៏ មាន​ប​ណ្តាអ្នករាយការណ៍ព័ត៌មានវិទ្យុ ទូរទស្សន៍ ទស្សនាវដ្ដី និងគ្រប់ប្រព័ន្ធផ្សាយប្រមាណ ៥.០០០​នាក់ មកពីទូទាំងពិភពលោក៕

ដោយ ជឹម ណារី