មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែងរៀបចំវិធានការការពារ ជំងឺប៉េស្តជ្រូកអាហ្រិក

វិទ្យុជាតិកម្ពុជា៖ដោយលោក អ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង៖

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែងបានរៀបចំយន្តការ ដើម្បីទប់ស្កាត់ ជំងឺប៉េស្តជ្រូកអាហ្រិក កុំឱ្យមានការឆ្លងចូលមកក្នុងខេត្ត ស្ទឹងត្រែង។


លោក លៀង សេង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបានអះអាងថា៖វិធានការនេះមន្ទីរបានចាត់ឲ្យមន្ត្រីជំនាញ ចុះសហការជាមួយមន្ត្រីកងកម្លាំង ឈរយាមកាមតាមដងផ្លូវ ដើម្បីធ្វើការត្រួតពិនិត្យចំពោះរថយន្ត និងយាន្តជំនិះផ្សេងៗទៀត ដែលសង្ស័យថា មានដឹកសត្វជ្រូក ឫបំណែកសាច់ជ្រូកចេញពីខេត្តរតនគីរី ចូលមកក្នុងខេត្តស្ទឹងត្រែង ត្រូវឃាត់ទុក និងរាយការណ៍មកមន្ត្រីជំនាញ។


ជាមួយនេះដែរលោកបានចាត់ឲ្យមន្ត្រីចុះសហការជាមួយអាជ្ញាធរមូលដ្ឋានមួយចំនួនដែលនៅកៀកនិងខេត្តរតនគីរីធ្វើការពន្យល់ណែនាំបងប្អូនប្រជាពលរដ្ឋឲ្យបានយល់ដឹងពីផលប៉ះពាល់ជំងឺប៉េស្តជ្រូកអាហ្រិក ដោយបានហាមឃាត់ពួកគាត់មិនអោយទទួលទានសាច់សត្វជ្រូកឈឺ ឬងាប់ និងត្រូវយកសត្វជ្រូកទាំងនោះទៅដុត ឬកប់ចោល ហើយបើសង្ស័យថាសត្វជ្រូករបស់ពួកគាត់បានឆ្លងជំងឺត្រូវរាយការណ៍ជូនមន្ទីរកសិកម្មជាបន្ទាន់។ វិធានការនេះធ្វើឡើង ក្នុងពេលដែលប្រជាពលរដ្ឋ ប្រកបរបរចិញ្ចឹម ជ្រូកលក់មានការព្រួយបារម្ភខ្លាចក្រែងជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះឆ្លងមកសត្វជ្រូកនៅខេត្តស្ទឹងត្រែង។


តាមការឱ្យដឹងពីប្រជាពលរដ្ឋនៅខេត្តរតនគីរី ដែលជាខេត្តជាប់ព្រំប្រទល់ជាមួយខេត្តស្ទឹងត្រែង បានអះអាងដែរថា៖ ជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះបានផ្ទុះឡើងក្នុងខេត្តរតនគីរី ចាប់ពីអំឡុងខែកុម្ភៈ រហូតមកដល់ចុងខែមេសាឆ្នាំ២០១៩នេះ បានសម្លាប់សត្វជ្រូកកើនឡើងរហូតដល់ជាង៧០០ក្បាល នៅក្នុងឃុំចំនួន៣ ក្នុងស្រុកចំនួន២ គឺឃុំសោម-ឃុំយ៉ាទង់- ក្នុងស្រុកអូរយ៉ាដាវ និងឃុំល្អក់ ក្នុងស្រុកអូរជុំ។


អាត្រាការស្លាប់របស់សត្វជ្រូកនៅពេលនេះ ធ្វើឲ្យប្រជាកសិករមានការព្រួយបារម្ភ យ៉ាងខ្លាំង បើទោះជាអ្នកជំនាញថ្នាក់ខេត្ត ក្រសួង អាជ្ញាធរខេត្ត ចុះណែនាំដល់ប្រជាពលរដ្ឋ និងបាញ់ថ្នាំការពារពីសំណាក់មន្ត្រីជំនាញបសុព្យាបាលសត្វ យ៉ាងណាក៏ដោយ។
សូមបញ្ជាក់ថា៖ មន្ត្រីជំនាញ ផ្នែកកសិកម្មបង្ហាញថាជម្ងឺប៉េស្តជ្រូកអាហ្វ្រិកនេះ មិនមានរោគសញ្ញាទេ ហើយក៏មិនឆ្លងដល់មនុស្សដែរ គ្រាន់តែវាឆ្លង ទៅសត្វដូចគ្នា អាចបណ្តាលឱ្យស្លាប់ភ្លាមៗ និងធ្វើឲ្យប្រជាពលរដ្ឋដែលចិញ្ចឹមជ្រូកមានការខាតបង់ថវិកាតែប៉ុណ្ណោះ ។ ចំណែកជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះពុំទាន់មានបង្កផលប៉ះពាល់ណាមួយមកដល់សត្វជ្រូករបស់ប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែងនោះទេ ទោះបីជាខេត្តស្ទឹងត្រែងនិងខេត្តរតនគីរីមានព្រំប្រទល់ជាប់គ្នាក៏ដោយ៕