រដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យមើលទ្វារ​ទឹក និងការងារសាងសង់ប្រព័ន្ធ ធារាសាស្ត្រលំហាច ស្ថិតក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង

AKP កំពង់ឆ្នាំង ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ — ឯកឧត្តម លឹម គាន​ហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយមន្រ្ដីជំនាញខេត្ដ​បានចុះទៅពិនិត្យវឌ្ឍនភាពនៃការងារសាងសង់ប្រព័ន្ធធារាសាស្ត្រលំហាច ស្ថិតក្នុងស្រុក បរិបូណ៍ ខេត្តកំពង់ឆ្នាំង  កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩។

លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹកនិងឧតុនិយម ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា  គម្រោងប្រព័ន្ធធារាសាស្ត្រលំហាច ត្រូវបានអនុវត្តន៍ក្រោមឥណទានសម្បទានរបស់ជប៉ុន ក្នុងទឹកប្រាក់ចំនួនប្រមាណ៣៣លានដុល្លារអាម៉េរិក សម្រាប់រយៈពេល០៣ឆ្នាំ (២០១៧-២០១៩)។ គម្រោងនេះ អនុវត្តន៍ដោយក្រុមហ៊ុនសាងសង់អន្តរជាតិ Tidal Marine Engineering Co. Ltd. និងត្រួតពិនិត្យការអនុវត្តគម្រោង ដោយក្រុមហ៊ុនជប៉ុន NIPPON KOEI។ លោក ប្រធានមន្ទីរបានឱ្យដឹងទៀតថា ការសាងសង់ប្រព័ន្ធធារាសាស្ត្រលំហាច រហូតមកដល់ពេល នេះ សម្រេចបានប្រមាណ៩៧.៥ភាគរយ និងគ្រោងនឹងបញ្ចប់ការងារទាំងស្រុងក្នុងខែមិថុនា ឆ្នាំ២០១៩។ លោកប្រធានមន្ទីរបានបន្ដថា តាមផែនការ ពេលដែលប្រព័ន្ធធារាសាស្រ្ត​លំហាច​សាងសង់រួច នឹងមានលទ្ធភាពស្រោចស្រពលើផ្ទៃដីដាំដុះបានចំនន ៣.២៨៩ ហិកតា នៅរដូវ​វស្សា និងចំនួន៣០០ហិកតា នៅរដូវប្រាំង។

ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានវាយតម្លៃ​ខ្ពស់​ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារអនុវត្តន៍គម្រោង និងវឌ្ឍនភាពការងារដែល​សម្រេចបាន និងបានស្នើឱ្យខិតខំបញ្ចប់ការងារប្រកបដោយគុណភាពស្របតាមបទដ្ឋាន​បច្ចេកទេសដែលបានកំណត់។ ឯកឧត្តមបានបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ពី រាជរដ្ឋាភិបាលដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជាប្រមុខ បានប្រែមុខប្រែមាត់ ធ្វើឱ្យប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ ពិសេសវិស័យកសិកម្មជាចម្បង។ ឯកឧត្តមរដ្ឋមន្រ្ដីបានបន្តថា បច្ចុប្បន្នការប្រែប្រួលអាកាសធាតុបានក្លាយជាគ្រោះមហន្តរាយ មួយ ដ៏គ្រោះថ្នាក់បំផុតសម្រាប់មនុស្សជាតិ និងជាអាទិភាពរសើបសម្រាប់សកលលោកក្នុង សតវត្សរ៍ទី២១នេះ។ ទន្ទឹមនេះ ស្របពេលដែល ភពផែនដីកាន់តែកើនឡើងកំដៅ ផលប៉ះ ពាល់​នៃការ ប្រែប្រួលអាកាសធាតុមានកម្រិតកាន់តែធ្ងន់ធ្ងរឡើង សម្រាប់ការអភិវឌ្ឍសេដ្ឋ​កិច្ចសង្គម និងនិរន្តរភាពបរិស្ថានពិភពលោក។ ឯកឧត្តមបានលើកឡើងថា ការប្រែប្រួលអា កាសធាតុត្រូវបានចាត់ទុក ជាបញ្ហាចម្បងដែលត្រូវដោះស្រាយតាមរយៈការរៀបចំគោលនយោបាយ យុទ្ធសាស្ត្រ និងសកម្មភាពសមស្របមួយ ដើម្បីឆ្លើយតបទាំងកម្រិតសកលលោក ថ្នាក់តំបន់និង ថ្នាក់ ជាតិ។ ឯកឧត្តមបានបន្ថែមទៀតថា ដើម្បីដោះស្រាយនូវចំពោះមុខជាបន្ទាន់រាជរដ្ឋាភិបាល កំពុងញាប់ដៃញាប់ជើង ស្ដារហេដ្ឋរចនាសម្ព័ន្ធលើគ្រប់វិស័យ ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្ត្រ នៅ ទូទាំងប្រទេស ដើម្បីសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាបលរដ្ឋឱ្យកាន់តែប្រសើរឡើង៕

ដោយ បៃ ស៊ីថុន