មន្រ្តីពន្ធដារអះអាងថា នៅក្នុងឆ្នាំ២០១៨ ការប្រមូលពន្ធប្រថាប់​ត្រាចំពោះការផ្ទេរសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យនៅ​ខេត្តសៀមរាប​មាន​ការកើនឡើង

AKP សៀមរាប ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ — ថ្លែងនៅក្នុង​សិក្ខាសាលា ស្តីពីការប្រមូលពន្ធប្រថាប់ត្រា ចំពោះការផ្ទេរសិទ្ធិ ឬសិទ្ធិកាន់ កាប់អចលនទ្រព្យនៅខេត្តសៀមរាបកាលពីថ្ងៃទី២៥ខែ ខែមេសា ឆ្នាំ២០១៩ លោក ហេង សុខណាង អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ បានមានប្រសាសន៍ថា កន្លងមកនេះរាជ រដ្ឋាភិបាល បានសម្រេចធ្វើបច្ចុប្បន្នភាពឡើងវិញនូវឧបសម្ព័ន្ធ ស្តីពីការបែងចែកភូមិសាស្ត្រ និង តម្លៃអចលនទ្រព្យ សម្រាប់មូលដ្ឋានគិតពន្ធប្រថាប់ត្រា ដែលបានកំពុងអនុវត្តន៍ជិត ១០ឆ្នាំមកនេះ ដើមី្បឱ្យស្របតាមការរីកចម្រើនខាងវិស័យអចលនទ្រព្យនៅកម្ពុជានាពេល បច្ចុប្បន្ន។ក្នុងនោះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានចេញប្រកាសស្តីពី ការកំណត់មូលដ្ឋាន គិតពន្ធប្រថាប់ត្រាចំពោះការផ្ទេរសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ដែលនឹងត្រូវចាប់ អនុវត្តន៍ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ខាងមុខ ដើមី្បពង្រឹងការប្រមូលចំណូលពន្ធ លើវិស័យអចលនទ្រព្យ ដែលជាចំណូលដ៏សំខាន់មួយសម្រាប់ថ្នាក់ក្រោមជាតិយកទៅ ធ្វើការអភិវឌ្ឍនៅមូលដ្ឋាន ឱ្យកាន់តែរីកចម្រើនថែមទៀត។

លោក ហេង សុខណាង បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៨កន្លងមកនេះ ខេត្តសៀមរាបទទួលបានចំណូលពីពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ អចលនទ្រព្យមានចំនួនប្រមាណ ៣៦ប៊ីលានរៀល ស្មើប្រមាណ ៩លានដុល្លារ លើចំនួន អចលនទ្រព្យប្រមាណ១១ពាន់១៨៤មូលដ្ឋាន លើសផែនការដែលបានគ្រោងទុក។លោកបានជំរុញឱ្យមន្រ្តីជំនាញ នៃស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ ត្រូវបន្តលើកកម្ពស់ កិច្ចសហការក្នុងការជំរុញកម្មសិទ្ធិករ ឬអ្នកទទួលសិទ្ធិកាន់កាប់អចលន ទ្រព្យសំខាន់ ចំពោះម្ចាស់អចលនទ្រព្យដែលពុំទាន់ចុះបញ្ជី ដែលបានផ្ទេរសិទ្ធិកាន់កាប់ នៅថ្នាក់ក្រុង ស្រុក ឃុំសង្កាត់ ឱ្យចូលទៅបង់ពន្ធប្រថាប់ត្រានៅរដ្ឋបាលសារពើពន្ធ និងពង្រឹងកិច្ចសហការប្រមូលពន្ធ ដែលជាគុណប្រយោជន៍សម្រាប់អភិវឌ្ឍន៍មូលដ្ឋាន របស់រដ្ឋបាលថ្នាក់ក្រោមជាតិឱ្យអស់សក្តានុពល ពន្ធលើដីធ្លីមិនបានប្រើប្រាស់ ពន្ធលើអចលនទ្រព្យ និងត្រូវលើកទឹកចិត្តឱ្យកម្មសិទ្ធិករ អ្នកកាន់កាប់អចលនទ្រព្យ ក្នុងមូលដ្ឋាន បានបំពេញកាតព្វ កិច្ចបង់ពន្ធបានទាន់ពេលវេលា។ ម៉្យាងទៀតមន្ត្រីពន្ធដារ ទាំងអស់ ត្រូវប្រកាន់ភ្ជាប់នូវក្រមសីលធម៌មន្ត្រីពន្ធដារ ក្នុងការពង្រឹងការផ្តល់សេវា ឱ្យកាន់តែល្អជូនប្រជាពលរដ្ឋ និងផ្លាស់ប្តូរផ្នត់គំនិតមន្ត្រីរាជការពីការត្រួតត្រា ទៅអ្នកផ្តល់សេវា បម្រើប្រជាពលរដ្ឋ គឺធ្វើបាន ធ្វើឱ្យលឿន និងមានតម្លាភាព។
លោក លី សំរឹទ្ធ អភិបាលរងខេត្តសៀមរាប បានថ្លែងធ្វើការកោតសរសើរចំពោះ សាខាពន្ធដារខេត្ត ដែលជាប្រតិបត្តិករមួយដ៏សំខាន់របស់ខេត្ត ក្នុងការប្រមូលនូវថវិកាពន្ធដារ ជូនជាតិ ក្នុងឆ្នាំ២០១៨កន្លងមកនេះបានលើសផែនការកំណត់។លោកអភិបាលរងបានបញ្ជាក់ថា ការងារបង់ពន្ធអចលនទ្រព្យនៅតាមមូលដ្ឋាន ទាំងដីធ្លី មានប័ណ្ណកម្មសិទ្ធិ និងប័ណ្ណកាន់កាប់ គឺត្រូវតែទៅបំពេញកាតព្វកិច្ចក្នុងការបង់ពន្ធ ទៅតាមការកំណត់របស់រដ្ឋ។ ដើមី្បគ្រប់គ្រងការងារដីធ្លីនេះបានល្អ លោកក៏បានអំពាវនាវ ឱ្យអាជ្ញាធរក្រុង ស្រុក ធ្វើការកំណត់ប្លង់មេ ក្នុងការងាយស្រួលដល់ការធ្វើកម្មសិទ្ធិ ជាលក្ខណៈប្រព័ន្ធ។ អាជ្ញាធរមូលដ្ឋានទាំងអស់ត្រូវធ្វើការផ្សព្វផ្សាយទៅ ប្រជាពលរដ្ឋឱ្យបានទូលំទូលាយ ដើម្បីឱ្យប្រជាពលរដ្ឋឬម្ចាស់អចលនទ្រព្យទាំងអស់ ចូលទៅបង់ពន្ធនៅសាខាពន្ធដារខេត្តឱ្យបានត្រឹមត្រូវទៅតាមច្បាប់កំណត់៕

ដោយ ឃុត សៅ