គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តព្រះសីហនុ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទីមួយ ឆ្នាំ២០១៩

AKP ព្រះសីហនុ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ — គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តព្រះសីហនុ បើកកិច្ចប្រជុំបូក សរុបលទ្ធផលការងារប្រចាំត្រីមាសទីមួយ ដើមឆ្នាំ២០១៩ ក្រោមអធិបតីភាពលោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត និងជាប្រធានលេខាធិការគណៈកម្មាធិការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្សខេត្តព្រះសីហនុ នាព្រឹកថ្ងៃសុក្រ ៧រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ ។

តាមរបាយការណ៍របស់គណៈកម្មាធិការប្រឆាំងអំពើជួញដូរមនុស្ស ខេត្តព្រះសីហនុ បានឱ្យដឹងថា ក្រុមការងារបង្ការ ទប់ស្កាត់បានចុះអប់រំផ្សព្វផ្សាយអំពើ ជួញដូរមនុស្ស ដល់សហគមន៍ប្រជាពលរដ្ឋបានចំនួន ៩១លើក ដែលមានសមាសភាពចូលរួម ៤.២៤៥នាក់ ក្នុងនោះស្រី ២.០១៨នាក់។ លទ្ធផលចុះបង្ក្រាប បាន១១ករណី ឃាត់ខ្លួន១៦មុខសញ្ញា ក្នុងនោះបង្ក្រាបជាក់ស្តែងបានចំនួន១១ករណី មានករណីប្រទូស្តកេរ្តិ៍២ករណី  ប៉ុន ប៉ងរំលោភសេពសន្ថវៈ២ករណី  ការរំលោភសេពសន្ថវៈ៤ករណី សច្ចាកម្ម៣ករណី និងកិច្ចសហប្រតិបត្តិការជួយសង្គ្រោះជនរងគ្រោះបាន១១លើក ព្រមទាំងបានបញ្ជូន សំណុំរឿងទៅសាលាដំបូងខេត្ត ១១ករណី ស្មើនឹង១៦មុខសញ្ញាផងដែរ។

លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត និងជាប្រធានលេខាធិការគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តព្រះសីហនុ បានជំរុញឱ្យក្រុមការងារជំនាញអន្តរមន្ទីរ អង្គភាពស្ថាប័នពាក់ព័ន្ធនានា មានភារកិច្ចស្នូល ក្នុងការប្រមូលផ្ដុំ តាមដានសកម្មភាពការ ងារជួញដូរមនុស្ស ពិសេសនៅតាមតំបន់ដាច់ស្រយាលនៅតែមានករណី រំលោភបំពានផ្លូវ ភេទលើកុមារដោយសារប្រើប្រាស់ជាតិស្រវឹង។ ត្រូវបង្កើនបើកវគ្គអប់រំ ផ្សព្វផ្សាយតាម មូលដ្ឋាន សហគមន៍ ស្ដីពីការរំលោភបំពាន ការកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអ៊ីនធឺណិត។ អនុវត្តន៍តាមដាន និងស្រាវជ្រាវមុខសញ្ញា ជនសង្ស័យនៅតាមសណ្ឋាគារ ផ្ទះសំណាក់ ខារ៉ាអូខេ ក្លឹបកម្សាន្តរាត្រី កាស៊ីណូ បង្កើតការងារផ្ដល់ព័ត៌មានបម្រើឱ្យការងារបង្ការ បង្ក្រាប បទល្មើសអំពើជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីឈានទៅការលុបបំបាត់ នឹងកាត់បន្ថយអំពើជួញដូរមនុស្សនៅក្នុងខេត្តព្រះ សីហនុឱ្យមានប្រសិទ្ធភាព៕

ដោយ ងូ សុមុនី