លោក​ស៊ី ជីនភីង ​សរសេរ​សំបុត្រឆ្លើយ​ទៅកាន់សិស្ស​វិទ្យា​ល័យ​អាមេរិក​ ដើម្បី​លើកទឹក​ចិត្ត​ឲ្យ​ខិតខំ​ប្រឹងប្រែង​ឆ្ពោះទៅកាន់​អនាគតដោយ​​មេត្រីភាព​​​

AKP ភ្នំពេញ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ — ពេល​ថ្មី​ៗ​នេះ​ លោក​ស៊ី ជីនភីង​ ប្រធានរដ្ឋ​ចិន ​បាន​សរសេរសំបុត្រ​ឆ្លើយ​ទៅកាន់​សិស្ស​ជាង​៤០នាក់ ​នៃ​ថ្នាក់​រៀន​ភាសាចិន​ ក្នុង​វិទ្យាល័យ​ North Niles រដ្ឋ​ Illinois ​សហរដ្ឋអាមេរិក​ ដើម្បី​ឆ្លើយ​នឹង​សំនួរក្នុង​សំបុត្រ​​របស់​ពួក​គេ​ ព្រមទាំង​លើកទឹក​ចិត្ត​ឲ្យ​សិស្ស​ទាំងឡាយ​រួម​ចំណែក​ដល់​ការ​ពង្រឹង ​និង​ពង្រីក​ទំនាក់ទំនង​រវាង​ប្រជាជន​នៃប្រទេស​ទាំងពីរ​ចិន និង​អាមេរិក​ ។

ឧទាហរណ៍​ ពេល​និយាយ​ដល់​កិច្ចការ​ ជីវភាព​រស់នៅ​ និង​ចំណង់​ចំណូល​ចិត្ត​បុគ្គល ​លោក​ ស៊ី ជីនភីង បានឆ្លើយ​​ថា កិច្ចការ​របស់​លោក​គឺ​បម្រើ​ប្រជាជន​ ទោះបី​នឿយ​ហត់យ៉ាង​ណា​ក្តី​ ប៉ុន្តែ​មាន​ភាព​សប្បាយរីក​រាយ ។ លោក​មាន​ចំណង់​ចំណូល​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ទស្សនវិជ្ជា​ ប្រវត្តិសាស្ត្រ​ អក្សរសាស្ត្រ​ វប្បធម៌ តន្ត្រី​ និង​កីឡា​ជាដើម​។ ជុំវិញ​បញ្ហា​ថា​លោក​ចូល​ចិត្ត​អាមេរិក​ឬអត់​? លោក ស៊ី ជីនភីង ​បាន​ឆ្លើយ​ថាលោក​ធ្លាប់​ទៅ​បំពេញទស្សនកិច្ច​នៅអាមេរិក​ជា​ច្រើន​លើកហើយ​​ ​បាន​បន្សល់​ការ​ចងចាំ​យ៉ាង​ខ្លាំង​ចំពោះ​ទេសភាព​ដ៏ស្រស់ស្អាត​ ប្រជា​ជន​ដែល​មានភាព​រាក់ទាក់ ​កក់ក្តៅ​ និង​ពហុ​វប្បធម៌នៅទីនោះ​ ព្រមទាំង​បាន​សេពគប់មិត្តភក្តិ​អាមេរិក​ជាច្រើន ក្នុងនោះរួម​ទាំង​យុវជន​អា​មេរិក​ផងដែរ ។

ព្រមពេល​ជាមួយគ្នា​ លោក ​ស៊ីជីនភីង ​បាន​លើកទឹកចិត្ត​សិស្ស​វិទ្យាល័យ ​North ​Niles ​ឲ្យ​ខិតខំ​រៀនភាសាចិន ​ហើយ​បានថែ្លងថា ​ជំនាន់​យុវជន​ក្រោយ​គឺជា​អនាគត​នៃ​ចំណងមិត្តភាព​រវាង​ចិន ​និង​អាមេរិក ​ហើយរំពឹងថា ​គេទាំងឡាយ​នឹង​រួមចំណែក​ដល់​ការបង្កើន​មិត្តភាព​រវាង​ប្រជាជន​ចិន ​និង​អាមេរិក ។ ​មូលដ្ឋាន​នៃ​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​របស់​រដ្ឋ ​គឺ​ឋិត​នៅលើ​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា ​និង​ការ​ស្វែងយល់​គ្នា​រវាង​ប្រជាជន ​គោលដៅ​ចុងក្រោយ​បំផុត​នៃ​ការ​ទំនាក់ទំនងគ្នា​គឺ ​បម្រើ​ដល់​សុខុមាលភាព​របស់​ប្រជាជន​​រៀងៗខ្លួន ។ ​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​រវាង​ប្រជាជន កាន់តែ​មាន​ភាពពេញលេញ​ និង​កាន់តែ​ស៊ីជម្រៅ ​គឺ​កាន់តែ​មានលទ្ធភាព​បង្កើត​មូលដ្ឋាន​ប្រជាមតិ​ដែល​នឹង​ជំរុញ​ការ​អនុវត្ត​គោល​នយោបាយ​មិត្តភាព​របស់​រដ្ឋាភិបាល ​ទិសដៅទូទៅ​នៃ​ការ​ធានា​រក្សា​នូវ​ស្ថិរភាព ​និង​ការ​អភិវឌ្ឍ​រវាង​ប្រទេស​និងប្រទេស​ នឹង​កាន់តែ​មិន​ផ្លាស់ប្តូរ​នោះទេ ។

ចាប់តាំងពី​ចិន និង​សហរដ្ឋអាមេរិក​បង្កើត​ទំនាក់ទំនង​ការទូត​ជាង៤០ឆ្នាំ​កន្លងទៅនេះ​ ពីការបង្កើត​ការទូត​កូនឃ្លីលើតុ​ដល់​ការផ្លាស់ប្តូរ​និស្សិត​ទៅ​វិញទៅមក​ដោយរដ្ឋ​ពីការដែល​តារាកីឡា​ NBA ​ជាដើម​ចូលក្នុង​ថ្នាក់រៀននៃ​សាលា​បឋមសិក្សា​ និង​វិទ្យាល័យ​របស់ចិន​ រហូតដល់​វិទ្យាស្ថាន​ខុងជឺ​បង្រៀន​ភាសាចិន​ និង​ឧទ្ទេសនាមអំពី​វប្បធម៌​ចិនចំពោះ​ប្រជាជន​អាមេរិក ​ចិននិង​សហរដ្ឋអាមេរិក​ផ្លាស់ប្តូរ​កាន់តែ​ស៊ីជម្រៅ​និង​ទូលំទូលាយ​ក្នុងវិស័យ​ជាច្រើន​ដូចជា​អប់រំ​ វិទ្យាសាស្ត្រ ​និងបច្ចេកទេស​ វប្បធម៌ ​សុខាភិបាល ​កីឡា​​ជាដើម ​បានដើរ​តួនាទី​ជាម៉ាស៊ីន​ជំរុញការអភិវឌ្ឍ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ ។

លោក ស៊ី ជីនភីង ​ធ្លាប់​សង្កត់ធ្ងន់ថា ការផ្លាស់ប្តូរ​វប្បធម៌​មនុស្សជាតិ​ជា​មូលដ្ឋាន​នៃទំនាក់ទំនង​រវាង​ចិន និងអាមេរិក ព្រមទាំង​បាន​ផ្តែផ្តាំ​យុវជនជំនាន់ក្រោយ​ឲ្យបន្ត​បុព្វហេតុ​មេត្រីភាព​រវាង​ចិន និង​អាមេរិក ។ ពេល​បំពេញទស្សនកិច្ច​នៅអាមេរិក​កាលពីមុន លោក ស៊ី ជីនភីង ​ធ្លាប់​ទៅទស្សនា​វិទ្យាល័យ​តំបន់នោះ ហើយបាន​អញ្ជើញ​សិស្សអាមេរិក​មកទស្សនា​ប្រទេសចិន ។ ក្នុងសំបុត្រ​ឆ្លើយតប​លើកនេះ លោក ស៊ី ជីនភីង ​បាន​ថ្លែងថាយុវជន​គឺជា​អនាគត​នៃ​មេត្រីភាព​រវាង​ចិន និងអាមេរិក និងបានបង្ហាញពី​ការយកចិត្តទុកដាក់ខ្ពស់​របស់លោក​ចំពោះ​អនាគត​ចិន និង​អាមេរិក ​ព្រមទាំង​សុខុមាលកិច្ច​ប្រជាជន​ប្រទេស​ទាំងពីរ ។

ពិភពលោក​កំពុង​ប្រឈមនឹង​សភាពការណ៍​ប្រែប្រួល​ដែល​កាល​ពី​មុន​មិន​ធ្លាប់​មាន ​ទំនាក់ទំនងរវាងប្រទេសទាំង​ពីរ​ ​ចិន ​និង​អាមេរិក ​ក៏​មាន​ការ​ផ្លាស់​ប្តូរ ​និង​សម្របសម្រួល​យ៉ាង​ស៊ីជ្រមៅ​ដែរ ។ ​ប្រជាជន​ចិន​កាន់តែ​ស្វែង​យល់​ពី​ប្រទេស​អាមេរិក ​ប៉ុន្តែ​មាន​ប្រជាជន​អាមេរិក​ជា​ច្រើន​នៅ​មាន​អារម្មណ៍​មិន​ត្រឹមត្រូវ​ចំពោះ​ប្រទេស​ចិន​ដដែល​ដោយ​សារ​រង​ឥទ្ធិពលពី​ប្រព័ន្ធ​សារ​ព័ត៌មាន​អាមេរិក ។ ​ស្ថិតក្នុង​ស្ថានការណ៍​នេះ ​ ការ​ផ្លាស់ប្តូរ​ផ្នែក​វប្បធម៌​​​រវាង​ចិន​ និង​អាមេរិក ​កាន់តែ​​ដើរតួនាទីសំខាន់ ជា​ពិសេស​គឺ​ជំរុញ​ការ​ស្វែងយល់​ និង​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​រវាង​​យុវជន ។

នៅ​ចុងបញ្ចប់នៃសំបុត្រ ​លោកប្រធាន​រដ្ឋចិន ​ស៊ី ជីនភីង ​បាន​ផ្តល់​សេចក្តី​អញ្ជើញចំពោះ​សិស្ស​អាមេរិក​ថា ​ស្វាគមន៍​អ្នក​ទាំង​ឡាយ​មាន​ឱកាស​មក​ទស្សនា​ប្រទេស​ចិន​ ។ ​តាម​ការពិត ​ប្រទេសចិន​ស្វាគមន៍​ឥស្សរជន​អាមេរិក​ទាំងអស់​ដែល​មាន​បំណង​ស្វែង​យល់​ពី​ប្រទេស​ចិន ​និង​មាន​ឆន្ទៈក្នុង​ការ​បង្កើន​ការ​យោគយល់ ​និងការ​ជឿទុកចិត្តគ្នា​ទៅវិញទៅមក រវាង​ចិន​ និង​អាមេរិក ​។

ប្រភព៖ ស្ថានទូតចិន ប្រចាំកម្ពុជា