រាជរដ្ឋាភិបាល ជំរុញឲ្យមន្ទីរពេទ្យឯកជនចូលរួមពង្រឹងវិស័យសុខាភិបាលនៅកម្ពុជាឲ្យកាន់តែល្អប្រសើរ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជួន បូណា ៖

រាជរដ្ឋាភិបាល ជំរុញឲ្យមន្ទីរពេទ្យឯកជនចូលរួមពង្រឹងវិស័យសុខាភិបាលនៅកម្ពុជាឲ្យកាន់តែល្អប្រសើរ ដើម្បីធានាឲ្យការព្យាបាលកាន់តែមានទំនុកចិត្ដពីប្រជាពលរដ្ឋ និងកាត់បន្ថយការទៅព្យាបាលនៅក្រៅប្រទេស។
ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពហុព្យាបាល និងសម្ភព អរៀនដា ស្ថិតក្នុងរាធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែមេសា លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា~ព្រឹទ្ធសភា និងអធិការកិច្ចមានប្រសាសន៍ថា ការអភិវឌ្ឍន៍របស់វិស័យឯកជន បាននឹងកំពុងទទួលបានការគាំទ្រយ៉ាងពេញទំហឹង ពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈយុទ្ធសាស្រ្ដចតុកោណដំណាក់កាលទី៣ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព ដែលបានកំណត់យកការអភិវឌ្ឍន៍វិស័យឯកជនក្នុងបេសកកម្ម អភិវឌ្ឍសេដ្ឋកិច្ច-សង្គម។
លោកជំទាវបានវាយតម្លៃខ្ពស់ចំពោះការបង្កើតមន្ទីរពហុព្យាបាល និងសម្ភពនៅភ្នំពេញនេះ នឹងរួមចំណែកលើកកម្ពស់គុណភាពសេវាថែទាំសុខភាពសម្រាប់ប្រជាពលរដ្ឋ តាមរយៈការពិគ្រោះ ការស្រាវជ្រាវ ការវិភាគ និងការព្យាបាលជំងឺទៅតាមស្តង់ដារជាតិ និងអន្តរជាតិ ធានាសុវត្ថិភាព សក្តិសិទ្ធភាព និងភាពជឿទុកចិត្ត ។
លោកស្រី គួន ធីតា អគ្គនាយិកាមន្ទីរពហុព្យាបាល និងសម្ភពអរៀនដា បានប្ដេជ្ញាពង្រឹងវិស័យសុខាភិបាលឲ្យមានលក្ខណៈស្ដង់ដា និងមានវិជ្ជាជីវៈ ស្របតាមយុទ្ធសាស្រ្ដចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។
លោកស្រីបន្ដថា ការបង្កើតមន្ទីរពហុព្យាបាល និងសម្ភពនៅភ្នំពេញនេះ នឹងរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា ឲ្យកាន់តែល្អប្រសើរដោយមន្ទីរបានបំពាក់នូវសម្ភារ បរិក្ខាទំនើប ដូចនៅតាមបណ្ដាប្រទេសមួយចំនួននៅក្នុងតំបន់ ដែលមានសេវាកម្មព្យាបាលជំងឺដូចជា លំបាកមានកូន សម្ភព រោគស្រ្ដី ជំងឺកុមារ ជំងឺទូទៅ ជំងឺបេះដូង សេវាសង្គ្រោះបន្ទាន់ សេវាថែទាំអ្នកជំងឺតាមផ្ទះ និងសេវាសង្គ្រោះបន្ទាន់តាមយន្ដហោះ២៤ម៉ោងទៅការមន្ទីរអន្ដរជាតិនានាផងដែរ៕