បង់ក្លាដេស គ្រោងមកវិនិយោគវិស័យកាត់ដេរបន្ថែមទៀតនៅកម្ពុជា

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ជួន បូណា ៖


រដ្ឋាភិបាលបង់ក្លាដេសបានបង្ហាញថា ក្រុមអ្នកជំនួញរបស់ខ្លួន គ្រោងមកវិនិយោគបន្ថែមទៀតនៅកម្ពុជា លើវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ខណៈដែលវិស័យមានផល ចំណូលច្រើនសម្រាប់ការជំរុញកំណើនសេដ្ឋកិច្ចជាតិ។


ឯកឧត្តម Nazmul Quaunine ឯកអគ្គរដ្ឋទូតបង់ក្លាដេសប្រចាំកម្ពុជាបានជំរាបជូន ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈឲ្យដឹងថា ក្រុមអ្នកជំនួញបង់ក្លាដែសជាច្រើនបានមើលឃើញពីសក្តានុពលវិនិយោគជាច្រើននៅកម្ពុជា ពិសេសលើវិស័យកាត់ដេរសម្លៀកបំពាក់។
ឯកឧត្តមឯកអគ្គរាជទូតបង់ក្លាដេសប្រចាំកម្ពុជាបានអះអាងថា ការចាប់អារម្មណ៍របស់ក្រុមអ្នកជំនួញមកកាន់ប្រទេសកម្ពុជានេះដោយសារការមើលឃើញថាកម្ពុជាមានសន្តិភាពស្ថិរភាព សម្បូរកម្លាំងពលកម្ម និងមានការសម្រួលដល់ការវិនិយោគជាដើម។
ជាការឆ្លើយតប ឯកឧត្តមអ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្ហាញការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះអ្នកវិនិយោគបង់ក្លាដែស ដែលមានបំណងចង់មកវិនិយោគនៅកម្ពុជា។ឯកឧត្តមរដ្ឋមន្រ្តីបានបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាមានគោលនយោបាយគាំពារអ្នកវិនិយោគមកពីក្រៅប្រទេស និងជួយសម្រួលគ្រប់មធ្យោបាយដល់ពួកគេ ដើម្បីទាក់ទាញអ្នកវិនិយោគឱ្យមកវិនិយោគនៅកម្ពុជាកាន់តែច្រើន៕