បុគ្គលិកសន្តិសុខអ៊ីរ៉ាក់៣នាក់ស្លាប់ដោយការវាយប្រហាររបស់ IS ក្នុងប្រទេសអ៊ីរ៉ាក់

AKP ភ្នំពេញ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ — ប្រភពសន្តិសុខថ្នាក់ខេត្តបាននិយាយពីថ្ងៃព្រហស្បតិ៍ថា បុគ្គលិកសន្តិសុខអ៊ីរ៉ាក់ សរុបទាំងអស់៣នាក់បានស្លាប់នឹង៤នាក់ទៀតរបួស នៅក្នុងការវាយប្រហារពីលើករបស់រដ្ឋអ៊ិស្លាម ( IS ) ក្នុងខេត្តគៀរគុក និង សាឡាហ៊ូឌីន របស់អ៊ីរ៉ាក់ ។

លោក មូហាម៉េដ អាល់-បាហ្ស៊ី មកពីបញ្ជាការប៉ូលិសខេត្តបានប្រាប់ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ ថា នៅក្នុងខេត្តសាឡាហ៊ូឌីនភាគកណ្តាលពួកសកម្មប្រយុទ្ធ IS បានវាយប្រហារកាលពីយប់ថ្ងៃពុធ លើចំណុចឆែកឆេររួមមួយរបស់ប៉ូលិស និងពួកយុទ្ធជនកុលសម្ព័ន្ធយោធាប្រតិពន្ធក្នុងទីក្រុង Yathrib ចម្ងាយប្រហែល៧០គីឡូម៉ែត្រខាងជើងរដ្ឋធានីបាក់ដាដ របស់អ៊ីរ៉ាក់ ។

លោក អាល់-បាហ្ស៊ី បាននិយាយថា ប៉ូលិស២នាក់ និងយុទ្ធជនកុលសម្ព័ន្ធម្នាក់បានស្លាប់នៅក្នុងការវាយប្រហារនេះ ដែលក៏បានធ្វើឱ្យរបួសប៉ូលិសម្នាក់ទៀតផងដែរ ដោយលោកនិយាយបន្ថែមថា កងកម្លាំងសន្តិសុខ បានបើកប្រតិបត្តិការរុករកពួកអ្នកវាយប្រហារនៅក្នុងតំបន់នោះ ។

លោក តាហា អាម៉េដ មកពីប៉ូលិសខេត្តនេះ បានប្រាប់ស៊ីនហួថា ក្នុងឧប្បត្តិហេតុដាច់ដោយឡែក មួយទៀត ប៉ូលិសហព័ន្ធ៣នាក់ ដែលរួមមានវសេនិយឯកម្នាក់ផង បានរងរបួសកាលពីព្រឹកថ្ងៃព្រហស្បតិ៍ នៅក្នុងខេត្តគៀរគុក នៅភាគខាងជើង នៅពេលដែលគ្រាប់បែកនៅលើចិញ្ចើមផ្លូវមួយបានផ្ទុះក្នុងតំបន់អាល់-រ៉ាសាដ ក្នុងភាគនិរតីរដ្ឋធានីខេត្តចម្ងាយប្រហែល២៥០គីឡូម៉ែត្រ ខាងជើងក្រុងបាកដាដ ។

ស្ថានការណ៍សន្តិសុខក្នុងប្រទេសអ៊ីរ៉ាក់ មានភាពប្រសើបន្ទាប់ពីកងកម្លាំងសន្តិសុខអ៊ីរ៉ាក់ បានធ្វើឱ្យពួកសកម្មប្រយុទ្ធជ្រុលនិយម IS បរាជ័យទាំងស្រុង នៅទូទាំងប្រទេសកាលពីចុងឆ្នាំ ២០១៧ ។ តែយ៉ាងណាក៏ដោយពួក IS ដែលនៅសេសសល់ចាប់តាំងពីពេលនោះ មកបានរំសាយទៅនៅក្នុង តំបន់ទីក្រុង ឬទៅនៅក្នុងតំបន់វាលខ្សាច់ និងរម៉ាំងរម៉ោកធ្វើជាជម្រកមានសុវត្តិភាព ដោយធ្វើការវាយប្រហារទ័ពព្រៃជារឿយៗនៅលើកងកម្លាំងសន្តិសុខ និងពួកជនស៊ីវិល៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)