ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា លោកជំទាវ Aung San Suu Kyi នឹងអញ្ជើញមកបំពេញ​ទស្សន​កិច្ចផ្លូវការនៅកម្ពុជា ពីថ្ងៃទី ២៩ ខែមេសា ដល់ ០១ ខែឧសភាខាងមុខ

AKP ភ្នំពេញ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ -តបតាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា លោកជំទាវ អោង សានស៊ូជី (Aung San Suu Kyi) ទីប្រឹក្សារដ្ឋ នៃ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ​ នឹងដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិ​ច្ចផ្លូវ​ការ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី ២៩ ខែមេសា ដល់០១ ខែឧសភា ឆ្នាំ២០១៩ ​​។ នេះបើ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ។

ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោកជំទាវ អោង សានស៊ូជី នឹងចូលបង្គំគាល់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល នៅក្នុងព្រះប​រមរាជវាំង ។

ជាមួយគ្នានេះ លោកជំទាវ អោង សានស៊ូជី ក៏នឹងចូលជួបសម្តែង​ការគួរសមជាបន្ត​បន្ទាប់ជាមួយសម្តេច​វិបុលសេនាភក្តី សាយ ឈុំ ​ប្រធាន​ព្រឹទ្ធសភា​ និងសម្តេចអគ្គមហា​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋ​សភា​។ លោកជំទាវ ក៏នឹងមានជំនួបពិភាក្សាទ្វេភាគី​ជាមួយ​សម្តេច​អគ្គមហា​សេនាបតីតេជោ ហ៊ុន​ សែន នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​​រាជាណាចក្រ​កម្ពុជា។

ក្រៅពីនេះ លោកជំទាវទីប្រឹក្សារដ្ឋ នឹងអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធ​នៅ​ស្តូប​វិមានឯករាជ្យ និងព្រះមណ្ឌបព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រកម្ពុជា។ នៅចុង​បញ្ចប់នៃដំណើរទស្សនកិច្ច លោកជំទាវ នឹងអញ្ជើញទៅទស្សនាប្រាសាទមួយចំនួន នៅខេត្ត​សៀមរាប។

តាមរយៈដំណើរទស្សនកិច្ចផ្លូវការរបស់ លោកជំទាវ អោង សានស៊ូជី នៅព្រះរាជា​ណា​ចក្រ​កម្ពុជា នឹងពង្រឹង និងពង្រីកថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេ​ភាគី​លើគ្រប់វិស័យ ព្រមទាំងក្នុងក្របខ័ណ្ឌអាស៊ាន​ និងពហុភាគី ៕

ដោយ ជឹម ណារី