អភិបាលរងខេត្ដបាត់ដំបង អញ្ជើញចូលរួមបិទពិធីផ្សព្វផ្សាយអនុសំវច្ឆរមហាសន្និបាតមន្រី្ដ​សង្ឃទូទាំខេត្តលើកទី២៧

AKP បាត់ដំបង ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ -ឯកឧត្តមបណ្ឌិត  ប៊ុត គឹមស៊ាន អភិបាលខេត្តស្តីទីខេត្ដបាត់ដំបង  បានអញ្ជើញ ក្នុង​ពិធីបិទផ្សព្វផ្សាយអនុសំវច្ឆរមហាសន្និបាត មន្ត្រីសង្ឃទូទាំងប្រទេស លើកទី២៧ សាលាអនុ​គណក្រុងបាត់ដំបង​។​ ក្នុងពិធីនេះ មានការនិមន្ត និងអញ្ជើញពី ព្រះមេគណខេត្ត​ព្រះមន្ត្រី​សង្ឃ​គ្រប់លំដាប់ថ្នាក់ និងមន្ត្រីរាជការក្រោមឱវាទមន្ទីរធម្មការ និងសាសនាខេត្ត អាចារ្យ​គណៈកម្មការ​វត្ត​តំណាងចៅសង្កាត់ក្នុងក្រុងបាត់ដំបង កាលពីថ្ងៃព្រហស្បតិ៍ ៦ រោច ខែចេត្រ ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹង ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩។ នេះបើយោងតាម​ការចេញផ្សាយរបស់ រដ្ឋបាលខេត្តបាត់ដំបង។

ឯកឧត្តមបណ្ឌិត  ប៊ុត គឹមស៊ាន បានសម្តែងនូវការកោតសរសើរចំពោះព្រះរាជាគណៈ ព្រះមេគណ ព្រះអនុគណ ព្រះចៅអធិការព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងពុទ្ធសាសនិក ទាំង អស់ ព្រមទាំងពុទ្ធបរិស័ទដែលបានរួមគ្នាទ្រទ្រង់ព្រះពុទ្ធសាសនាឱ្យ មានការរីកចម្រើនសម ស្របទៅនឹងការអភិវឌ្ឍរបស់សង្គមជាតិយើងជាពិសេសការចូលរួមឧបត្ថម្ភគាំទ្រជាសម្ភារ ថវិកាជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង។ ឯកឧត្តមសម្ដែងនូវក្តីរីករាយដោយ​​បានឃើញនូវកម្លាំងសាមគ្គីធម៌ដ៏ល្អប្រសើររបស់ព្រះសង្ឃទាំងពីរគណៈ ពុទ្ធសាសនិក​ជន រួម សាមគ្គីក្រោមព្រះរាជកិច្ចដឹកនាំរបស់សម្តេចព្រះអគ្គសង្ឃរាជទាំងពីរព្រះអង្គ។ ទន្ទឹមនេះ នៅ តាម​ទីវត្ត អារាមលោកតាជី លោកយាយជីលោកមានសន្តានចិត្តជ្រះថ្លាបានលះបង់ កម្លាំង កាយចិត្តបូជា ចំពោះព្រះរតនត្រ័យនិងបានជួយអប់រំកូនចៅឱ្យប្រតិបត្តិតែអំពើល្អដែលជាការ រួមចំណែកកសាងមនុស្សល្អរបស់សង្គមជាតិ។

ឯកឧត្តមបានគូសបញ្ជាក់ថា ស្របទៅនឹងការរីកចម្រើនទាំងនេះ ក៏នៅមានបញ្ហា មួយចំនួនដែលត្រូវរួមគ្នាដោះស្រាយដោយឈរលើទស្សនៈថាព្រះពុទ្ធសាសនាជាកម្លាំងដឹកនាំចរិយាធម៌សង្គម។ ការពិគ្រោះពិភាក្សាលើបញ្ហាបច្ចុប្បន្នភាពដែលមហាសន្និបាតនឹង លើក ឡើង គឺជាប្រការមួយសមស្របនិងចាំបាច់ត្រូវដោះស្រាយចំពោះមុខ។ ជាមួយគ្នានេះ ក្នុង​នាម​រដ្ឋបាលខេត្តក៏បានជំរុញដល់ភាគីពាក់ព័ន្ធ ជួយបន្តធ្វើការផ្សព្វផ្សាយអប់រំលើកកម្ពស់​ការ​យល់ដឹងអំពីផលលំបាកនៃការប្រើប្រាស់គ្រឿងញៀន  ការចូលរួមផ្សព្វផ្សាយអំពីគោរពច្បាប់ ចរាចណ៍ផ្លូវគោក ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានក្នុងខេត្តបាត់ដំបង នៅឱ្យឆ្ងាយពីគ្រឿង ញៀន និងចូលរួមគោរពច្បាប់ចរាចណ៍ទាំងអស់គ្នា៕

ដោយ ណយ នឿន