ក្រុមការងារចម្រុះខេត្តសៀមរាប ចុះត្រួតពិនិត្យ និងទប់ស្កាត់ការដឹកជញ្ជូនដីចូលក្រុង

AKP សៀមរាប ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ -ដើមី្បលុបបំបាត់នូវភាពអាណាធិបតេយ្យចំពោះរថយន្ត និងគោយន្តកែច្នៃដឹកដី ដែលមិន​គោរពទៅតាមការណែនាំរបស់អាជ្ញាធរ ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថាន អនាម័យ សុខភាពប្រជាពលរដ្ឋ ដោយការធ្លាក់ដី ដែលជាប់កង់រថយន្ត និងដីហៀរធ្លាក់ពីរថយន្តតាម ដងផ្លូវនោះ។

លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានដឹកនាំក្រុមការងារចម្រុះចុះត្រួត​ពិនិត្យ និងទប់ស្កាត់ការដឹកជញ្ជូនដី នៅតាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតត្រង់ភូមិរលួស​ខាងលិច ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩។

លោក ពិន ប្រាកដ បាន​លើកឡើងថា នៅក្នុងសកម្មភាពរបស់ក្រុមការងារចម្រុះចុះ ត្រួតពិនិត្យ និងទប់ស្កាត់ការដឹកជញ្ជូនដីនេះ យើងបានឃើញថា មានរថយន្តមួយចំនួន បាន ចូលមកឲ្យធ្វើការត្រួតពិនិត្យ ពីក្រុមគណៈកម្មការចម្រុះខេត្ត ហើយមួយចំនួន ក៏បានធ្វើការ បើកគេចពីសមត្ថកិច្ច ធ្វើការត្រួតពិនិត្យទៀតផង។ ក្នុងដែរក្រុមការងារជំនាញនីមួយៗ បាន ធ្វើការអប់រំណែនាំ ដល់អ្នកបើកបរ និងម្ចាស់រថយន្ត ក៏ដូចក្រុមហ៊ុនធ្វើអាជីវកម្ម ដឹកជញ្ជូន ដីឆ្ពោះទៅកាន់គោលដៅ ក្នុងបំណងពាណិជ្ជកម្មរបស់ខ្លួន ដែលបានបង្កឱ្យមានការប៉ះពាល់ ដល់បរិស្ថានធ្ងន់ធ្ងរ និងការដឹកជញ្ជូនហួសការកំណត់ ដែលធ្វើឱ្យធ្លាក់ជ្រុះដីនៅតាមដងផ្លូវ និងប៉ះពាល់សុវត្ថិភាព សុខភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ ព្រមទាំងបង្ក ដល់គ្រោះថ្នាក់ចរាចរណ៍ផងដែរ។

នៅក្នុងសកម្មភាពនេះក្រុមការងារ ក៏បានធ្វើការឃាត់នូវរថយន្តបានចំនួន១៣គ្រឿង ក្នុងនោះរថយន្តអត់មានឈៀកចំនួន ០៤គ្រឿង ដែលបានដឹកជញ្ជូន(ដីស ដីក្រហម ខ្សាច់ ថ្ម ) ដែលខុសលក្ខណ:បច្ចេកទេស ដូចជាដឹកលើសទម្ងន់ ហៀរកម្ពប់ធ្លាក់តាមដងផ្លូវ។

ក្នុងឱកាសនោះដែរ មន្រ្តីនគរ​បាលគ្រឿងញៀន ក៏បានធ្វើតេសទឹកនោម ចំពោះអ្នក​បើកបរទាំង១៣នាក់ ដោយរកឃើញ​មានអ្នកផ្ទុកសារធាតុញៀនក្នុងខ្លួន១នាក់ ហើយត្រូវបាន​កម្លាំងនគរបាលជំនាញធ្វើការ​ឃាត់ខ្លួន ដើមី្បធ្វើការបញ្ជូនទៅកាន់មជ្ឈមណ្ឌលបន្សាបគ្រឿង ញៀន។ ចំពោះបងប្អូនដែល គ្មានសារធាតុញៀនក្នុងខ្លួន ត្រូវបានក្រុមការងារធ្វើការ​ណែនាំ ឱ្យបានយល់អំពីច្បាប់ ក្នុងការ​ដឹកជញ្ជូនច្បាប់ធ្វើអាជីវកម្ម និងបានធ្វើកិច្ចសន្យាជាមួយម្ចាស់ រថយន្តរួច ហើយឱ្យយករថ​យន្ត​ត្រឡប់​ទៅកាន់ការដ្ឋានវិញ ដោយកាយទំលាក់អាចម៌ដី ដែល​លើសនោះ ឱ្យនៅត្រឹម​ត្រូវតាមលក្ខណ:បច្ចេកទេសមុន នឹងដឹកចេញពីការដ្ឋានចូល​ទៅក្នុង​ក្រុង។ ជាមួយគ្នានេះ ​ក្រុមការងារ ក៏បានណែនាំឱ្យម្ចាស់ និងអ្នកបើកបររថយន្តដឹកជញ្ជូនដី​ទាំងអស់ ពេលដែល​រថយន្តរបស់ខ្លួនដឹកជញ្ជូនដីចេញពីការដ្ឋាន មកដល់ផ្លូវជាតិ គឺត្រូវធ្វើ​ការបោសជម្រះដីនៅ​ជាប់រថយន្ត មុនពេលបន្តដំណើរដឹកជញ្ជូនចូលទៅក្នុងក្រុង ដើមី្បចៀស​វាងការធ្លាក់ដី នៅ​តាមដងផ្លូវ ដែលធ្វើឱ្យខូចនូវសោភណភាពក្រុងប្រវត្តិសាស្ត្រ ដែលជា គោលដៅ​របស់​ភ្ញៀវទេសចរណ៍នៅលើពិភពលោក ចូលមកទស្សនាកម្សាន្ត ហើយក៏ជាប្រភព​ចំណូលមិន​ចេះរីង​ស្ងួតរបស់ជាតិ ក៏ដូចប្រជាពលរដ្ឋខេត្តសៀមរាបផងដែរ ៕

ដោយ ឃុត សៅ