ភ្ញៀវទេសចរប្រទះឃើញកូនត្រីផ្សោតទើបកើតថ្មីមួយក្បាលទៀត នៅក្នុងអន្លង់ផ្សោតកាំពី ខេត្តក្រចេះ

វិទ្យុជាតិកម្ពុជា៖ដោយ លោក អ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង

ស្ទឹងត្រែង៖  កូនត្រីផ្សោតនៅអន្លង់ អភិរក្សកំាពី បានបង្ហាញខ្លួនសារជាថ្មី ហើយក្រុមឆ្មាំនិងផ្នែកអង្កការអភិរក្សត្រីផ្សោតបានចាត់ទុកថា វត្តមានកូនត្រីផ្សោតនេះបានកើតបន្ថែមទៀត ជាសញ្ញាមួយធ្វើឱ្យយើងមោទនភាពនិងបានជួយជំរុញឱ្យតំបន់ទេសចរណ៍កាំពីកាន់តែទាក់ទាញភ្ញៀវទេសចរមកទស្សនាបានកាន់តែច្រើន។
លោក រិទ្ធ ណារឿន ប្រធានប្រតិបត្តិរបស់អង្គការមូលនិធិសាកលសម្រាប់អភិរក្សធនធានធម្មជាតិហៅកាត់ថា (អង្គការWWF )ប្រចាំនៅខេត្តក្រចេះបានឲ្យដឹងថា៖ កាលពីថ្ងៃទី១៨ ខែមេសា កន្លងទៅ នេះ ភ្ញៀវទេសចរបានប្រទះឃើញកូនផ្សោតទើបកើតថ្មីមួយក្បាល ដែលមានអាយុកាលប្រហែលជាប្រាំពីរថ្ងៃ ប៉ុណ្ណោះបើគិតមកដល់ថ្ងៃទី២៥ខែមេសានេះ។ លោកថា៖នៅក្នុងក្រុមហ្វូងត្រីផ្សោតធំៗដែលមានចំនួនប្រមាណ៥ក្បាល ស្ថិតក្នុងអន្លង់ផ្សោតកាំពី ក្នុងភូមិកាំពី ឃុំសំបុក ស្រុកចិត្របូរី ខេត្តក្រចេះកូនផ្សោតដែលគេបានប្រទះឃើញថ្មីនេះ គឺជាកូនផ្សោតទី ៦ ហើយ ដែលត្រូវបានកត់ត្រាថាបានកើតនៅក្នុងដើមឆ្នាំ ២០១៩ ចាប់ពីខែ មករា រហូតដល់ខែ មេសា នេះ ។ លោកបន្តថា៖ កូនត្រីផ្សោតទើបតែកើតនេះ ជាលទ្ធផលថ្មីមួយទៀតបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការអភិរក្សត្រីផ្សោតទន្លេមេគង្គ ក្នុងប្រទេសកម្ពុជា ព្រោះវាជាពពួកសត្វដ៍កម្រនៅលើពិភពលោកយើងនេះ ហើយភ្ញៀវទេសចរកំពុងពេញនិយមចង់ឃើញនិងចង់ស្គាល់វា។
លោកទុយ សុវណ្ណា អាជ្ញាធរឃុំសំបុក ស្រុកចិត្របូរី ខេត្តក្រចេះបានចាត់ទុកថា៖នេះជាលទ្ធផលមួយឆ្លុះបញ្ចាំងពីកិច្ចសហការដ៏ល្អប្រសើរក្នុងការងារអភិរក្សរវាង អង្គការ WWF-កម្ពុជា និងដៃគូអភិរក្សនានា នៅខេត្តក្រចេះនេះ។លោកបន្តថា៖ ពិសេសជាងនេះទៀត អាជ្ញាធរមូលដ្ឋាន ម្ចាស់ផ្តល់មូលនិធិ អង្គការដៃគូ ប្រជាសហគមន៍ សាធារណជនទូទៅ និងខណ្ឌ រដ្ឋបាលជលផលខេត្ត នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ និងអាជ្ញាធរថ្នាក់ខេត្តផ្តល់លទ្ធភាពបង្ក លក្ខណៈធ្វើឱ្យធនធានត្រីផ្សោតនេះមានការវិវឌ្ឍន៍ឡើងវិញ។
សូម បញ្ជាក់ថា៖ បើតាមការអះអាង របស់អង្គការ (WWF) ថា បច្ចុប្បន្ននេះសត្វផ្សោតនៅទន្លេ មេគង្គរបស់កម្ពុជាមានចំនួនសរុបជិត ១០០ក្បាល ស្ថិតក្នុងខេត្តក្រចេះ និង ខេត្តស្ទឹងត្រែង៕