ក្រសួងព័ត៌មាន ជួបប្រជុំពិភាក្សាជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់លើការ​ផ្សាយគ្រឿងស្រវឹងតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ — ក្រសួងព័ត៌មានបានជួបប្រជុំពិភាក្សាជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ លើការ ផ្សាយគ្រឿងស្រវឹង និងការផ្សាយព័ត៌មានមិនពិត តាមប្រព័ន្ធផ្សព្វផ្សាយរួមមានវិទ្យុ ទូរទស្សន៍ កាសែត និងគេហទំព័រ ដើម្បីពង្រឹងការផ្សព្វផ្សាយឱ្យស្របតាមគោលការណ៍ និងច្បាប់ស្ដីពី របបសារព័ត៌មាននៅកម្ពុជា។ កិច្ចប្រជុំនេះ ធ្វើឡើង កាលពីព្រឹកថ្ងៃទី២៥ខែមេសាឆ្នាំ២០១៩ នៅវិមានសន្តិភាព។ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានមានប្រសាសន៍អំពី ទិដ្ឋភាព​ជាក់​ស្តែងចំពោះប្រសិទ្ធភាពនៃការទប់ស្កាត់ការផ្សាយ ព័ត៌មានមិនពិត រួមទាំងប្រសិទ្ធភាពនៃការ​ទប់ស្កាត់ការផ្សាយលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ សេពគ្រឿងស្រវឹង បង្កផលប៉ះពាល់ដល់​សន្តិជាតិ សុវត្ថិភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈ។ ឯកឧត្តមបានបញ្ជាក់ថា ចំពោះការ​ផ្សព្វផ្សាយគ្រឿងស្រវឹង ក្រសួងព័ត៌មាន បានធ្វើការជូនដំណឹងដល់ម្ចាស់ស្ថានីយវិទ្យុ ទូរ ទស្សន៍ កាសែត ទស្សនាវដ្តី និងអាហ្វីស ប៉ាណូ ទាំងអស់ដាក់ពាក្យស្លោកនៅ ក្រោមស្ពត ផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង បើស្រវឹងកុំបើកបរ ឬបើកបរកុំសេពគ្រឿងស្រវឹង។ ទន្ទឹមនេះ ត្រូវបញ្ចប់រាល់ការ ចាក់ផ្សាយស្បតពាណិជ្ជកម្មគ្រឿងស្រវឹង ផ្តល់រង្វាន់ និងធ្វើការចាប់រង្វាន់ ជាលុយ សម្ភារ ផ្សេងៗដល់អតិថិជន។ ជាមួយគ្នានេះ ឯកឧត្តមបានបន្ដថា ក្រសួងព័ត៌មាន ក៏បានចុះកិច្ចព្រមព្រៀងជាមួយសម្ព័ន្ធក្រុមហ៊ុនផលិតស្រាបៀរអន្តរជាតិប្រចាំតំបន់អាស៊ី​ប៉ាស៊ី​ហ្វិក ក្នុងគោលបំណងពង្រឹងក្រមប្រតិបត្តិ គឺដើម្បីធានាថារាល់ សកម្មភាពការ​ផ្សព្វ ផ្សាយ ទីផ្សារផ្សព្វផ្សាយ ពាណិជ្ជកម្ម និងការឃោសនា លក់ ផលិតផលគ្រប់បែបយ៉ាង ដែលទាក់ទង គ្រឿងស្រវឹង ឱ្យបានត្រឹមត្រូវ។ទន្ទឹមនេះ មន្រ្តីជំនាញរបស់ក្រសួងព័ត៌មាន បានធ្វើបទបង្ហាញ ពាក់ព័ន្ធទៅនឹង​បញ្ហាគ្រឿស្រវឹង និងការផ្សាព្វផ្សាយព័ត៌មាន មិនពិតដោយបានលើកនូវចំណុចសំខាន់ៗ មួយ ចំនួនទាក់ទងនឹងតួនាទីរបស់ក្រសួងព័ត៌មានក្នុងការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា បទ បញ្ញាត្តិ និងបទដ្ឋានគតិយុត្ត របស់ប្រព័ន្ធផ្សព្វផ្សាយ កិច្ចសហការជាមួយផ្នែក​ពាក់ព័ន្ធ សំខាន់ៗ។ តាមរយៈលទ្ធផលនៃការអនុវត្ត នៃប្រព័ន្ធផ្សព្វផ្សាយទាក់ទងគ្រឿងស្រវឹង ក៏ដូចជា ផលលំបាកនៃការទប់ស្កាត់នៃការផ្សាយព័ត៌មានមិនពិត។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្ដីបានលើកឡើងផងដែរថា សម្រាប់ការផ្សាយ​របស់​សារព័ត៌មានគឺមានច្បាប់ ការពារមានតែប្រភេទសារព័ត៌មានតាមទូរទស្សន៍ សារព័ត៌មានតាម វិទ្យុ និងកាសែត  ហើយការផ្សាយនៅតាមហ្វេសប៊ុក មិនមែនជាការ​ផ្សាយ​ព័ត៌មាននោះទេ។ ប៉ុន្តែបើសារព័ត៌មាន Online មានច្បាប់ គឺនឹងត្រូវអនុវត្តន៍តាមច្បាប់របប​សារព័ត៌មាន ជាធរ​មាន ហើយក៏ជា​មូលដ្ឋានដើម្បីតតាំងទៅតាមផ្លូវច្បាប់ផងដែរ។

ឯកឧត្តម ពេជ្រ សូដេថ្ថា ប្រធានប្តូរវេន នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់  មកពីគណបក្សហ្វ៊ុនស៊ិនប៊ិច បានសម្ដែងការអរគុណចំពោះឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន ដែលបានធ្វើ​កិច្ចសហការល្អក្នុងកិច្ចពិភាក្សាប្រកបដោយផ្លែផ្កា ដើម្បីសេចក្តីសុខ និងផលប្រយោជន៍ប្រជា ពលរដ្ឋ និងប្រទេសជាតិ៕

ដោយ អ៊ុន រិទ្ធី រូបថត៖ ខឹម សុវណ្ណារ៉ា