ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត គាត ឈន់៖ កម្ពុជាគាំទ្រដល់ការអភិវឌ្ឍដែលមានការផ្តល់​តម្លៃបន្ថែម​ទៅក្នុងខ្សែចង្វាក់នៃផលិតកម្ម

AKP ភ្នំពេញ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ — ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិកិត្តិបរិរក្សបណ្ឌិត គាត ឈន់ ប្រធានកិត្តិយសឧត្តម​ក្រុម​ប្រឹក្សា សេដ្ឋកិច្ចជាតិបានប្រកាសជំហថា កម្ពុជាស្វាគមន៍រាល់ការវិនិយោគទាំងឡាយ ជាពិសេសការ វិនិយោគដែលផ្តល់ការគាំទ្រដល់ការអភិវឌ្ឍដែលមានការផ្តល់តម្លៃបន្ថែមទៅ ក្នុងខ្សែចង្វាក់ នៃផលិតកម្មដែលនឹងធ្វើឱ្យកម្ពុជាក្លាយជាផ្នែកមួយនៃខ្សែចង្វាក់ផលិតកម្មពិភពលោក ហើយ ការវិនិយោគនេះត្រូវមានលក្ខណៈការអភិវឌ្ឍផង និងអភិរក្សផង ដោយធ្វើឱ្យមានចីរភាព នៃ​ការអភិវឌ្ឍ។ ឯកឧត្តម កិត្តិបរិរក្សបណ្ឌិត គាត ឈន់ ប្រធានកិត្តិយសឧត្តមក្រុម ប្រឹក្សា សេដ្ឋកិច្ច​ជាតិបានថ្លែងដូច្នេះ ខណៈគណៈប្រតិភូវិនិយោគរបស់ប្រទេសជប៉ុន មួយក្រុម ដែល ដឹកនាំដោយលោកស្រី KAWAAI NINKO ប្រធានក្រុមហ៊ុន Design Kolo របស់ប្រទេសជប៉ុន ជាប្រធានប្រតិភូ និងបណ្តាក្រុមហ៊ុនមួយចំនួនទៀត ចូលរួមជួបពិភាក្សាការងារ កាលពីព្រឹក​ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ នៅឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ។ឯកឧត្តម កិត្តិបរិរក្សបណ្ឌិត គាត ឈន់ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បានដាក់ ចេញនូវយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និងគោលនយោបាយអភិវឌ្ឍន៍ វិស័យ ឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ ដែលជាផែនទីចង្អុលទិសក្នុងការអភិវឌ្ឍប្រទេស ដោយ​ធ្វើការពង្រីកវិស័យឧស្សាហកម្មដែលបច្ចុប្បន្នមានលក្ខណៈចង្អៀតនៅឡើយដោយបង្កើត តម្លៃបន្ថែមនៅក្នុងវិស័យកែច្នៃកសិឧស្សាហកម្មនិងវិស័យឧស្សាហកម្មពាក់ព័ន្ធ។ ដោយឡែក ការវិនិយោគវិស័យកសិកម្ម និងវិស័យថាមពលស្អាត រាជរដ្ឋាភិបាលកម្ពុជា​មានគោលនយោ បាយលើកទឹកចិត្តដល់ការវិនិយោគប្រភេទនេះ និងបានណែនៃឱ្យ​ក្រុមហ៊ុនធ្វើការទាក់ទង​ដោយផ្ទាល់ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដើម្បីឈានទៅលើកគម្រោងវិនិយោគ និង ទទួល បានការលើកទឹកចិត្តតាមច្បាប់ជាធរមាន។
លោកស្រី KAWAAI NINAKO ប្រធានគណៈប្រតិភូបានសម្តែងនូវអំណរគុណយ៉ាង​ជ្រាលជ្រៅចំពោះ កិត្តិបរិរក្ស​បណ្ឌិត គាត ឈន់ ដែលបានអនុញ្ញាតឱ្យគណៈប្រតិភូក្រុម ហ៊ុនរបស់លោកស្រីក៏ដូចជាបណ្តាក្រុមហ៊ុន ជប៉ុនមួយចំនួនទៀតបានចូលជួបសម្តែងការ គួរ​សម និងពិភាក្សាការងារ ដោយក្រុមហ៊ុនអាចមានឱកាសបានបង្ហាញពីគម្រោងវិនិយោគ របស់​ខ្លួនជូនប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានជ្រាប ដើម្បីស្នើសុំឱ្យផ្តល់ការ គាំទ្រចំពោះគម្រោងទាំងនោះ។ លោកស្រីបានវាយតម្លៃខ្ពស់ចំពោះសេដ្ឋកិច្ចកម្ពុជា ដែល កំពុងមានសន្ទុះរីកចម្រើន​លើគ្រប់វិស័យគួរឱ្យកត់សម្គាល់ ជាពិសេសកម្ពុជាមានកំណើន សេដ្ឋកិច្ចប្រចាំឆ្នាំជាមធ្យមក្នុងរង្វង់ ៧ភាគរយ និងនៅតែរក្សាសន្ទុះកំណើននេះជាបន្តទៀត។ លោកស្រីបានលើកឡើងថា ឈរលើមូលដ្ឋាននេះ បណ្តាក្រុមហ៊ុនវិនិយោគរបស់ជប៉ុនមួយ ចំនួនមានគម្រោងចូលរួមចែករំលែកបទពិសោធន៍ដែលខ្លួនមាន ដែលធ្លាប់បានធ្វើរួច ហើយ នៅ​តាមបណ្តាប្រទេសមួយចំនួន ដើម្បីរួមចំណែក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជា ប្រយោជន៍ជំរុញការអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែ មានការរីកចម្រើនខ្លាំងឡើងថែមទៀត ជាពិសេសជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព សំដៅលើកកម្ពស់កម្រិតជីវភាពរបស់ ប្រជាជនកម្ពុជា។ លោកស្រីប្រធានប្រតិភូបានបន្ថែមថា ជាជំហានដំបូងក្រុមហ៊ុនរបស់លោក ស្រីមានបំណងវិនិយោគលើរោងចក្រផលិតបន្ទះសូទ្បា និងវិនិយោគលើការដាំដុះបន្លែផ្លែឈើ ដោយប្រើប្រាស់ប្រព័ន្ធទឹកដាំដុះនៅក្នុងអគារ និងនាំមកនូវប្រព័ន្ធបច្ចេកវិទ្យាដ៏ទំនើប​ក្នុងការ​ដាំដុះមកកម្ពុជា។ លោកស្រីក៏បានគោរពស្នើសុំការ ជួយគាំទ្រ លើគម្រោងទាំងពីរ​ខាងលើនេះ​ពីសំណាក់ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត ដើម្បីឱ្យឆាប់បានចេញជាផ្លែផ្កាក្នុង ពេលខាងមុខនេះ។

សូមបញ្ជាក់ថា ក្រុមហ៊ុនវិនិយោគរបស់ប្រទេសជប៉ុនចំនួន៥ ដែលបានមកជួបពិភាក្សា​ការងារជាមូយឯកឧត្តម កិត្តិបរិរក្សបណ្ឌិត គាត ឈន់ ប្រធានកិត្តិយសឧត្តមក្រុម ប្រឹក្សា សេដ្ឋកិច្ច​ជាតិ រួមមាន ទី១. ក្រុមហ៊ុន Design Kolo ដែលមាន​លោកស្រី​ជាប្រធានក្រុមហ៊ុន និងមានជំនាញខាងផ្នែកខាងដាំដុះបន្លែដោយប្រើប្រាស់​ប្រព័ន្ធទឹកដាំដុះនៅក្នុងអគារ​ និងជា​អ្នក​បណ្តុះបណ្តាលផ្នែកធនធានមនុស្ស។ ទី២. ក្រុមហ៊ុន Shibeide មានជំនាញផ្នែក​វិជ្ជសាស្រ្ត កសិកម្មដាំដុះ។ ទី៣. ក្រុមហ៊ុន JHJ Global Pty Co. Ltd មានជំនាញខាងនាំចូល​និងនាំចេញ​សម្ភារសាងសង់។ ទី៤. ក្រុមហ៊ុន Chean Thai Co. Ltd មានជំនាញផ្នែកផលិតបន្ទះសូទ្បា និង ទី៥. ក្រុមហ៊ុនអចលនទ្រព្យ METAYA ៕

ដោយ គង់ សិរីរ័ត្ន