លោកជំទាវ ទេព បូរមីន អញ្ជើញជាអធិបតីក្នុងពីធីសិក្ខាសាលាស្តីពីការ លើកកម្ពស់ការយល់ដឹងពីជំងឺអេដស៍ មេរោគអេដស៍ និងឥទ្ធិពលគ្រឿងញៀននៅខេត្តក្រចេះ

AKP ក្រចេះ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ — លោកជំទាវ  ទេព បូរមីន  រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និង សំណង់បានអញ្ជើញជាអធិបតី ក្នុងពិធីសិក្ខាសាលាស្តីពីការលើកកម្ពស់ការយល់ដឹងពីជំងឺ អេដស៍ មេរោគអេដស៍ និងឥទ្ធិពលគ្រឿងញៀននៅខេត្តក្រចេះ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩។ សិក្ខា សាលានេះធ្វើឡើងរយៈពេលមួយថ្ងៃមានការអញ្ជើញចូលរួមពីមន្រ្តីរាជការ កងកម្លាំង ប្រដាល់អាវុធ សិស្សនិសិ្សត និងសមាជិកសមា ជិកាសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តក្រចេះ ប្រមាណជាង ៤០០នាក់។

លោកជំទាវ ទេព បូរមីន រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានមានប្រសាសន៍ថា មេរោគអេដស៍ គឺជាវីរុស និងជាចង្កោមមេរោគ ដែលធ្វើឱ្យប្រព័ន្ធ ភាពសុំារបស់មនុស្សចុះខ្សោយ ហើយវាឆ្លងតាមរយៈការរួមភេទ រវាងបុរសនិងស្រី្ត ការប៉ះ ពាល់ឈាម ឬបញ្ចូលឈាម ការប្រើប្រាស់ឧបរកណ៍មុតរួមគ្នា ក្នុងនោះរួមទាំងការប្រើប្រាស់ គ្រឿងញៀន និងការឆ្លងពីម្តាយទៅកូន ពេលសម្រាលកូន និងបំបៅដោះកូនផងដែរ។

លោកជំទាវបញ្ជាក់ថា បញ្ហានេះត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ ធ្វើការផ្សព្វផ្សាយ បញ្ជ្រាបការយល់ដឹងពីការការពារ និងទប់ស្កាត់ពីការឆ្លង និងការស្លាប់ដោយជំងឺ អេដស៍ដល់ប្រជាពលរដ្ឋពិសេសក្នុងស្រទាប់យុវជន។ លោកជំទាវ ទេព បូរមីន បានឱ្យដឹងដែរថា ស្ថានភាពការរីករាលដាលមេរោគអេដស៍ ជំងឺអេដស៍ នៅកម្ពុជានាពេលបច្ចុប្បន្នគឺនៅត្រឹមអត្រា ០.៦ភាគរយ ក្នុងចំណោមមនុស្សពេញវ័យ ដែលមានអាយុពី ១៥ ទៅ ៤៩ ឆ្នាំ ដែលមានចំនួន ៦៨.៦៧៨នាក់។

លោកជំទាវបានបញ្ជាក់ទៀតថា ក្រុមប្រឈមមុខខ្ពស់បំផុតក្នុងការឆ្លងមេរោគអេដស៍ គឺមាន ក្រុមស្រី្តធ្វើការនៅ កន្លែងកម្សាន្ត ក្រុមបុរសរួមភេទជាមួយបុរស ក្រុមមនុស្សបម្លែងភេទនិងក្រុមយុវជនប្រើប្រាស់គ្រឿងញៀន។     តាមរយៈសិក្ខាសាលានេះ លោកជំទាវ ក៏ បានជំរុញឱ្យមានការចូលរួម ផ្សព្វផ្សាយ និងទប់ស្កាត់ ពីគ្រប់ស្ថាប័នពាក់ព័ន្ធ រួមនិងយុវជន កុំឱ្យមានការកើតថ្មី ការចម្លង និងការស្លាប់ដោយបញ្ហាជំងឺអេដស៍ នៅក្នុងមូលដ្ឋានក៏ដូចជាក្នុងប្រទេសកម្ពុជាយើងតទៅទៀត៕

ដោយ ជួន សុជាតិ