ឯកឧត្តម ជាវ តាយ ចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីបទបញ្ញតិ្តពាក់ព័ន្ធការប្រមូលពន្ធប្រថាប់ត្រា ចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ

AKP កំពត ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ — នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩នេះ ឯកឧត្តម ជាវ តាយ អភិបាលនៃ គណៈអភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី បទបញ្ញតិ្តពាក់ព័ន្ធការប្រមូលពន្ធប្រថាប់ត្រា ចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលន ទ្រព្យនៅខេត្តកំពត។លោក អ៊ូច គឹមស៊ាន ប្រធានសាខាពន្ធដារខេត្តកំពតបានឱ្យដឹងថា បច្ចុប្បន្នសាខាពន្ធដារខេត្តបានពង្រឹងការលើកកម្ពស់កិច្ចសហការក្នុងការជំរុញកម្មសិទ្ធិករ ឬអ្នកទទួលសិទ្ធិកាន់កាប់អចលនទ្រព្យ ជាពិសេសចំពោះម្ចាស់អចលនទ្រព្យពុំទាន់ចុះបញ្ជី ដែលបានផ្ទេរសិទ្ធិកាន់កាប់នោះ ធ្វើនៅត្រឹមថ្នាក់ក្រុង/ស្រុក សង្កាត់/ឃុំ ឱ្យមកបង់ពន្ធប្រថាប់ត្រានៅរដ្ឋបាលសារពើពន្ធជាធរមាន។ ក្រៅពីនោះសាខាពន្ធដារ ខេត្តបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការពង្រឹងកិច្ចសហការប្រមូលពន្ធមួយចំនួនទៀត ដែលជាគុណប្រយោជន៍សម្រាប់អភិវឌ្ឍន៍មូលដ្ឋានរដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យអស់សក្តា នុពល មានជាអាទិ៍៖ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ និងពន្ធលើអចលនទ្រព្យជាដើម។
ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានមានប្រសាសន៍ថា ចំណូលពន្ធដារជាប្រភពចំណូលយ៉ាងសំខាន់របស់រាជរដ្ឋាភិបាលដើម្បីបំពេញនូវតម្រូវការចំណាយរបស់រដ្ឋ “សម្រាប់កិច្ចការពារជាតិ សន្តិសុខ សណ្តាប់ធ្នាប់សង្គម កិច្ចការសង្គមកិច្ច ការអភិវឌ្ឍជាតិលើគ្រប់វិស័យ ការបើកផ្តល់ប្រាក់បៀវត្សរ៍ជូនកងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ គ្រូបង្រៀន”។ល។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អ្នកជាប់ពន្ធទាំងអស់ ចូលរួមគោរពប្រតិបត្តិច្បាប់ បទបញ្ញត្តិ និងនីតិវិធីពាក់ព័ន្ធនានា ឱ្យបានត្រឹមត្រូវ គ្រប់គ្រាន់ និងឱ្យបានទាន់ពេលវេលា ដើម្បីងាយស្រួលដល់កាតព្វកិច្ច បង់ពន្ធនេះឱ្យ កាន់តែមានប្រសិទ្ធភាពខ្ពស់។

សូមបញ្ជាក់ថា សិក្ខាសាលានេះក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី ជាក្រុមប្រឹក្សាខេត្ត លោក លោកស្រី ជាអភិបាលរងខេត្ត កងកម្លាំងទាំង៣ប្រភេទ លោក លោកស្រី ប្រធានមន្ទីរជុំវិញខេត្ត លោក លោកស្រីជាអភិបាលក្រុង ស្រុក លោកគ្រូ អ្នកគ្រូ មន្រ្តីពន្ធដារ មេឃុំ ចៅសង្កាត់ ស្មៀន និងប្រជាពលរដ្ឋក្នុងក្រុងកំពតសរុបចំនួន ៦២៧នាក់៕

ដោយ ប្រាក់ លាង