ក្រុមអ្នកអភិរក្សសត្វព្រៃកម្ពុជាលែងកូនកន្ធាយក្បាលកង្កែបជាង ៥០០ក្បាលទៅក្នុងជម្រកធម្មជាតិវិញ

វិទ្យុជាតិអត្ថបទ៖ លោក វ៉ែន សុវុទ្ធី
ភ្នំពេញ៖ ក្រុមអ្នកអភិរក្សសត្វព្រៃកម្ពុជាលែងកូនកន្ធាយក្បាលកង្កែបជាង ៥០០ក្បាលទៅក្នុងជម្រកធម្មជាតិវិញ ដើម្បីការពារកុំអោយសត្វកម្រមួយប្រភេទនេះផុតពូជនៅក្នុងប្រទេសកម្ពុជា។

លោក សោម ស៊ីថា មន្ត្រីជំនាញបច្ចេកទេសរបស់អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជាប្រចាំខេត្តក្រចេះបានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថាកូនកន្ធាយក្បាលកង្កែបចំនួន ៥៣៤ក្បាលនេះ ត្រូវបានលែង នៅទីតាំងចំនួនពីរកន្លែងតាមដងទន្លេមេគង្គក្នុងស្រុកសំបូរ ខេត្តក្រចេះដើម្បីឲ្យរស់នៅក្នុងដែនជម្រកធម្មជាតិវិញ។
លោកបានបន្តថា ការលែងសត្វកន្ធាយក្បាលកង្កែបទំាងនេះមានសារះសំខាន់ណាស់ពីព្រោះដើម្បីឲ្យពួកវារស់នៅក្នុងដែនជម្រកធម្មជាតិនិងអាចមានលទ្ឋភាពបន្តពូជបានកាន់តែច្រើន ហើយមួយផ្នែកទៀតសត្វកន្ធាយក្បាលកង្កែបកំពុងតែរងគ្រោះជិតផុតពូជនៅលើសកលលោកផងដែរ។
(សំឡេង) សត្វកន្ធាយក្បាលកង្កែបកាន់តែថយចុះចឹងយើងចង់ លែងកូនទៅវិញ ដើម្បីឲ្យវាបន្តពូជ ដើម្បីឲ្យកើនចំនួន ហើយមួយទៀតទៅថ្ងៃក្រោយគឺល្អសម្រាប់មុខមាត់ប្រទេសយើង ហើយសហគមន៍មូលដ្ឋានក៏គាត់មានផលចំណេញពីការអភិរក្សនិងដែរ។ តាមរយៈការយកគាត់មកចូលរួមការងារអភិរក្សនិងយើងផ្ដល់ផលប្រយោជន៍មួយចំនួនដូចជាប្រាក់ប្រចាំថ្ងៃប្រចាំខែឲ្យសហគមន៍មូលដ្ឋានក៏មានការទទួលបានផលនិងដែរដោយសារ មានការងារអភិរក្សនិងទៅយើងទាក់ទាញភ្ញៀវទេសចរគាត់ចូលមកអញ្ចឹងគឺគាត់បានចំណូលនៅក្នុងសហគមន៍មូលដ្ឋានជាពិសេសសហគមន៍នេសាទតែម្ដង។
សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៧ មកដល់ឆ្នាំ២០១៩នេះ អង្គការសមាគមអភរិក្សសត្វព្រៃកម្ពុជា ដែលហៅកាត់ថា WCS និងរដ្ឋបាលជលផល បានលែងកូនកន្ធាយក្បាលកង្កែបមានចំនួនជាង១០០០០ក្បាលចូលក្នុងដែនជម្រធម្មជាតិក្នុងខេត្តក្រចេះ៕