ក្រសួងមហាផ្ទៃជ្រើ​សរើសស្រុកចំនួន២៩ ក្នុងខេត្តចំនួន២១ ជាគោលដៅបង្កើតច្រកចេញ-ចូលតែមួយ

AKP ភ្នំពេញ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ — ក្រសួងមហាផ្ទៃ តាមរយៈសេចក្តីសម្រេចចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ បានជ្រើសរើស ស្រុកចំនួន២៩ ក្នុងខេត្តចំនួន២១របស់កម្ពុជា ធ្វើជាគោលដៅបង្កើតច្រកចេញ-ចូលតែមួយ ដើម្បីផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានភាពងាយស្រួល។

ស្រុកចំនួន២៩ ក្នុងខេត្តចំនួន២១នោះ រួមមាន៖ ស្រុកកណ្តាលស្ទឹង ស្រុកកោះធំ ស្រុកពញាឭ និងស្រុកមុខកំពូល ក្នុងខេត្តកណ្តាល។ ស្រុកព្រៃឈរ ស្រុកបាធាយ និងស្រុកចំការលើ ក្នុងខេត្តកំពង់ចាម។ ស្រុកអង្គរជ័យ និងស្រុកកំពង់ត្រាច ក្នុងខេត្តកំពត។ ស្រុកប្រាសាទ បាគង និងស្រុកបន្ទាយស្រី ក្នុងខេត្តសៀមរាប។ ស្រុកថ្មពួក និងស្រុកម៉ាឡៃ ក្នុងខេត្ត បន្ទាយមានជ័យ។ សម្រាប់ស្រុក ក្នុងខេត្តដទៃទៀតនោះរួមមាន៖ ស្រុកកំពង់សិលា ក្នុងខេត្ត ព្រះសីហនុ។ ស្រុកភ្នំព្រឹក ក្នុងខេត្តបាត់ដំបង។ ស្រុកគិរីវង់ ក្នុងខេត្តតាកែវ។ ស្រុកគងពិសី ក្នុងខេត្តកំពង់ស្ពឺ។ ស្រុកបរិបូរណ៍ ក្នុងខេត្តកំពង់ឆ្នាំង។ ស្រុកក្រគរ ក្នុងខេត្តពោធិ៍សាត់។ ​ស្រុក មេមត់ ក្នុងខេត្តត្បូងឃ្មុំ។ ស្រុកសន្ទុក ក្នុងខេត្តកំពង់ធំ។ ស្រុកជាំក្សាន្ត ក្នុងខេត្តព្រះវិហារ។ ស្រុកកោះញែក ក្នុងខេត្តមណ្ឌលគិរី។ ស្រុកឆ្លូង ក្នុងខេត្តក្រចេះ។ ស្រុកកំពង់ត្របែក ក្នុង ខេត្តព្រៃវែង។ ស្រុកមណ្ឌលសីមា ក្នុងខេត្តកោះកុង។ ស្រុកថាឡាបរីវ៉ាត់ ក្នុងខេត្តស្ទឹងត្រែង។ ស្រុកកូនមុំ ក្នុងខេត្តរតនគិរី និងស្រុករមាសហែក ក្នុងខេត្តស្វាយរៀង។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ បានណែនាំឱ្យ ស្រុកគោលដៅ ក្នុងខេត្តខាងលើនេះ ត្រូវរៀបចំការិយាល័យច្រកចេញចូលតែមួយឱ្យ​បានសម ស្របតាមប្រកាសរបស់ក្រសួង ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០០៩ ស្តីពីការរៀបចំ និងការ ប្រព្រឹត្តទៅនៃការិយាល័យច្រកចេញចូលតែមួយនៅក្នុងក្រុង ស្រុក ខណ្ឌគោលដៅ។

សូមរម្លឹកថា បើតាមការលើកឡើងរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋ មន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ធ្លាប់បានលើកឡើងថា ការបង្កើត​មានច្រកចេញ-ចូល នៅតាមស្រុក ខណ្ឌ ក្នុងខេត្តនៅទូទាំងប្រទេស​នេះ បានផ្តល់នូវអត្ថប្រយោជន៍ច្រើន ដល់ការ ផ្តល់សេវាសាធារណៈកាន់តែមានភាពងាយស្រួលដល់ប្រជាពលរដ្ឋ និងកាត់បន្ថយការប្រព្រឹត្ត អំពើពុករលួយផងដែរ។ ទន្ទឹមនេះ ការបង្កើតឱ្យមានច្រកចេញ-ចូលតែមួយនេះ គឺជាការបង្ខិត សេវាសាធារណៈ​ឱ្យកាន់តែជិតប្រជាពលរដ្ឋ ក្នុងនោះចំណេញទាំងពេលវេលា និងកាត់បន្ថយ ការចំណាយក្រៅ ផ្លូវការផងដែរ៕

ដោយ ចាន់ សុធីវង្ស