ប្រតិភូចិនខេត្តលាវនីង នៃសាធារណរដ្ឋប្រជាមានិតចិន គ្រោងវិនិយោគបង្កើតទីក្រុងសម្ព័ន្ធ ភាព និងសួនឧស្សាហកម្មលាវនីង នៅក្នុងខេត្តព្រះសីហនុ

AKP ភ្នំពេញ ថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០១៩ — ប្រតិភូខេត្តលាវនីងនៃសាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញចេតនាវិនិយោគបង្កើតទីក្រុង សម្ព័ន្ធភាព និងសួនឧស្សាហកម្មកម្ពុជា-លាវនីង នៅក្រុងព្រះសីហនុ ដើម្បីចូលរួមអភិវឌ្ឍន៍ វិស័យកម្មន្តសាល និងរឹតចំណងមិត្តភាពជាមួយខេត្តព្រះសីហនុ។ គម្រោងវិនិយោគនេះ ត្រូវ បានលើកឡើងនៅក្នុងជំនួបពិភាក្សារវាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក ជិន គួយហ្វា (Chen Qiufa) លេខាបក្សកុម្មុយនីស្ដខេត្តលាវនីង កាលពីល្ងាច ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ។ លោក ជិន គួយហ្វា បានជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រីអំពីកំណើនសេដ្ឋកិច្ច និងសក្តានុ​ពលសំខាន់ៗរបស់ខេត្តលាវនីង ព្រមទាំងគម្រោងសាងសង់ទីក្រុងសម្ព័ន្ធភាព (Sister City) ខេត្តលាវនីង និងខេត្តព្រះសីហនុ រួមមានទាំងសួនឧស្សាហកម្មកម្ពុជា-លាវនីង (Liaoning-Cambodia Industrial Park) ដែលអាចនាំមកនូវអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច និងពាណិជ្ជ កម្មទ្វេភាគីកម្ពុជា-ចិន។ លោកបានស្នើសុំ ឯកឧត្តមរដ្ឋមន្ត្រី ធ្វើការគាំទ្រគម្រោងវិនិយោគ​ខាង លើ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី រវាងខេត្តលាវនីង នៃប្រទេសចិន និងខេត្តព្រះសីហនុ នៃប្រទេសកម្ពុជា ស្របតាមគំនិតផ្តួច ផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ របស់លោកប្រធានាធិបតីចិន ស៊ី ជិនពីង។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានសម្តែងការគាំទ្រ ចំពោះសំណើ​របស់ លោក ជិន គួយហ្វា និងបានសន្យាជួយសម្របសម្រួលគម្រោ ងវិនិយោគរបស់ខេត្ត លាវនីង ឱ្យលេចរូបរាងឡើងប្រាកដនាពេលអនាគត ដើម្បីបង្កើតឱកាសការងារ និងប្រាក់ ចំណូលបន្ថែមជូនប្រជាជន ជាពិសេសជំរុញការអភិវឌ្ឍកំណើនសេដ្ឋកិច្ចរបស់ខេត្ត ព្រះ សីហនុ ឱ្យកាន់តែមានវឌ្ឍនភាពខ្ពស់ថែមទៀត។ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើសុំ លោក ជិន គួយហ្វា និងប្រតិភូ ធ្វើការវិនិយោគសាងសង់ឡសម្ងួត ដើម្បីរក្សាទុកកសិផលខ្មែរ សម្រាប់ ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងបម្រើឧស្សាហកម្មកែច្នៃម្ហូបអាហារ សំដៅនាំចេញទៅកាន់ប្រទេស ចិន និងទីផ្សារអន្តរជាតិ ដោយសារតែកម្ពុជា គឺជាប្រទេសកសិកម្មដែលសម្បូរដោយ ភោគ ផលធម្មជាតិមានដូចជា៖ ស្រូវ ស្វាយ ចេក ពោត ផ្លែមាន និងដំឡូងមី ជាដើម។ល។ បន្ថែម លើនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើលោកលេខាបក្សខេត្តលាវនីង ជួយគាំទ្រកម្ពុជា ក្នុងការ បង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មនៅខេត្តលាវនីង និងការចូលរួមព្រឹត្តិការណ៍ពិព័រណ៍ ព្រមទាំង វេទិកាធុរកិច្ច និងវិនិយោគផ្សេងៗ ដើម្បីបង្កើនទំហំពាណិជ្ជកម្មរវាងកម្ពុជា និងខេត្តលាវ នីង៕

ដោយ ម៉ៅ ចរិយា