ក្រសួងការងារសម្រេចកែសម្រួលបញ្ញត្តិនៃមាត្រាមួយចំនួនក្នុងច្បាប់ស្តីពីសហជីព

វិទ្យុជាតិកម្ពុជាអត្ថបទ៖ជួន បូណា
ភ្នំពេញ៖ក្រសួងការងារ សម្រេចកែសម្រួលបញ្ញត្តិនៃមាត្រាមួយចំនួនក្នុងច្បាប់ស្តីពីសហជីព ដើម្បីធ្វើយ៉ាងណាឲ្យសិទ្ធិរបស់សហជីព និងរាជរដ្ឋាភិបាលមានការប្រទាក់ក្រឡាគ្នា សម្រាប់បង្កភាពងាយស្រួល ក្នុងការដោះស្រាយវិវាទការងារឲ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត
ថ្លែងសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីថ្នាក់ជាតិ លើសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីសហជីព នាព្រឹកថ្ងៃទី ២៥ ខែមេសា នៅសណ្ឋាគារសាន់វ៉េ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានប្រសាសន៍ថា ក្រុមការងារជំនាញរបស់រាជរដ្ឋាភិបាល និងសហជីពបានពិភាក្សាពិគ្រោះយោបល់ និងផ្តល់ធាតុចូលបន្ថែមលើ ៣មាត្រា មាត្រា១០ មាត្រា១៧ មាត្រា២០ មាត្រា២១ មាត្រា២៧ មាត្រា២៨ មាត្រា២៩ មាត្រា៥៤ និងមាត្រា៥៩ ។
ឯកឧត្តមបានឲ្យដឹងថា ការកែសម្រួលឡើងវិញលើមាត្រាទំាងអស់នេះ បានធ្វើឡើង ឆ្លើយតបទៅនឹងសំណូមពររបស់ក្រុមសហជីព ដើម្បីធានាឲ្យគ្រប់ភាគីចូលរួមដោះស្រាយវិវាទការងារអោយកាន់តែមានប្រសិទ្ធិភាព និងធានាឧត្តមប្រយោជន៍របស់កម្មករ។
លោក អាត់ ធន ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា បានគាំទ្ររាជរដ្ឋាភិបាល ក្នុងការកែសម្រួលបញ្ញត្តិនៃមាត្រាមួយចំនួនក្នុងច្បាប់ស្តីពីសហជីពនេះ ដែលជា តម្រូវការចាំបាច់ក្នុងការជួយការពារកម្មករ។
សូមបញ្ជាក់ថា ច្បាប់ស្តីពីសហជីពមាន ១៧ជំពូក និង១០០មាត្រា ត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥១៦/០០៧ ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ ក្នុងគោលបំណងផ្តល់សិទ្ធិនិងសេរីភាពដល់សហគ្រាសឬគ្រឹះស្ថាន និងជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ស្របតាមច្បាប់ស្តីពីការងារ ព្រមទាំងអនុសញ្ញាអន្តរជាតិខាងការងារលេខ៨៧ និង៩៨ ដែលកម្ពុជាបានផ្តល់សច្ចាប័ន៕