គណៈប្រតិភូ​​ក្រសួង​បរិស្ថានកម្ពុជា​នឹង​អញ្ជើញ​​ចូលរួម​កម្មវិធី Thematic Forums នៃវេទិកាខ្សែក្រវាត់និងផ្លូវលើកទី២ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ នៅទីក្រុង​ប៉េកាំង​

AKP ភ្នំពេញ ថ្ងៃទី​២៥ ខែ​មេសា ឆ្នាំ​២០១៩ -ប្រភពពីក្រសួង​​បរិស្ថាន​បាន​ឱ្យដឹងថា កាលពី​​ថ្ងៃពុធ ៥រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក   ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំគណៈប្រតិភូក្រសួងបរិស្ថាន និងអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពចូលរួមកម្មវិធី Thematic Forums នៃវេទិកាខ្សែក្រវាត់និងផ្លូវលើកទី២ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (the 2nd Belt and Road Forum for International Cooperation) ដែល​នឹង​ប្រព្រឹត្តទៅ​នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩។

ប្រភពដដែល​បាន​គូសបញ្ជាក់ថា​ គណៈប្រតិភូក្រសួងបរិស្ថាននិងអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព នឹង​ចូលរួមកម្មវិធីចំនួន២គឺ កម្មវិធីទំនាក់ទំនងប្រជាជន និងប្រជាជន (Thematic Forum on People-to-People Connectivity) និងកម្មវិធីស្តីពីវិថីសូត្របៃតង (Thematic Forum on Green Silk Road)។

នៅ​ក្នុងឱកាសនោះ​ គណៈប្រតិភូក្រសួងបរិស្ថាននិងអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព នឹងត្រូវជួបពិភាក្សាទ្វេភាគីជាមួយក្រសួងធនធានធម្មជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីបន្តពិភាក្សាលើកិច្ចសហប្រតិបត្តិការបន្ថែមក្រោមវិសាលភាពអនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការវិស័យសមុទ្រ (MOU on Marine Cooperation) រវាងក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបាលសាគរ នៃសាធា     រណរដ្ឋប្រជាមានិតចិន ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៦ កន្លងទៅ។

សូមបញ្ជាក់ថា​ សម្រាប់វេទិកាខ្សែក្រវាត់និងផ្លូវលើកទី២ ឆ្នាំ២០១៩នេះ កម្មវិធីចំនួន ១២ ត្រូវបានរៀបចំឡើងដោយរួមមាន៖ ការតភ្ជាប់គោលនយោបាយ (Policy Connectivity) ការតភ្ជាប់ហិរញ្ញវត្ថុ (Financial Connectivity) ការតភ្ជាប់ប្រជាជននិងប្រជាជន (People-to-People Connectivity) វេទិកាផ្លាស់ប្តូរគំនិត (Think-tank Exchanges) វិថីសូត្រប្រណិត (Clean Silk Road) ការលើកកម្ពស់តំបន់សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម (Economic and Trade Cooperation Zone Promotion) ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ (Infrastructure Connectivity) ការតភ្ជាប់ពាណិជ្ជកម្ម (Trade Connectivity) វិថីសូត្របច្ចេកវិទ្យា (Digital Silk Road) វិថីសូត្របៃតង (Green Silk Road) វិថីសូត្រនៃរបកគំហើញថ្មី (Silk Road of Innovation) និងកិច្ចសហប្រតិបត្តិការថ្នាក់ក្រោមជាតិ (Sub-national Cooperation)។

នៅថ្ងៃទី២៦-២៩ ខែមេសា ឆ្នាំ២០១៩ គណៈប្រតិភូក្រសួងបរិស្ថាននិងអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពនឹងត្រូវបន្តចូលរួមជាមួយគណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកម្មវិធីផ្លូវការមួយចំនួនទៀត នៃវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី២ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ៕

ដោយ ទេស ច័ន្ទសុធារី