សម្ដេចតេជោ ហ៊ុន សែនអញ្ជើញទៅចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី២សម្រាប់កិច្ច សហប្រតិបត្តិការអន្តរជាតិ នៅប្រទេសចិន

AKP ភ្នំពេញ ថ្ងៃទី២៥ ខែមេសា ​ឆ្នាំ២០១៩ -ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដឹកនាំ គណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយនាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ​ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស​២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩នេះ តាមជើងយន្តហោះពិសេស ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីទៅចូលរួម «វេទិកាខ្សែក្រវាត់ និងផ្លូវលើកទី២ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ» និងកិច្ចប្រជុំសំខាន់ៗផ្សេងៗទៀត ដែលប្រព្រឹត្តទៅពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ ដែលជាការឆ្លើយតបតាមការ អញ្ជើញរបស់ ឯកឧត្ដម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន។

អញ្ជើញជូនដំណើរគណៈប្រតិភូជាន់ខ្ពស់នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ មាន វត្តមានសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចពិជ័យ សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឥស្សរជនជាន់ខ្ពស់របស់​រាជរដ្ឋាភិបាលជាច្រើនរូបទៀត។ ដោយឡែកមន្ត្រីស្ថានទូតចិនប្រចាំកម្ពុជា ក៏មានវត្តមានក្នុង ឱកាសនោះដែរ។

ឯកឧត្ដម ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានប្រាប់អ្នកយព័ត៌មាន នៅ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថា ឥស្សរជនអញ្ជើញអមដំណើរសម្ដេចតេជោនាយករដ្ឋ មន្ត្រី រួមមាន៖ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ឯកឧត្ដម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រម ទាំងសមាជិកជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជាផ្សេងទៀត និងថ្នាក់ដឹកនាំធុរកិច្ចសភាពាណិជ្ជ កម្មកម្ពុជា។

នៅក្នុងសម័យប្រជុំជាន់ខ្ពស់នៃវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី២ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ សម្ដេចតេជោនាយករដ្ឋមន្ត្រីនឹងថ្លែងសុន្ទរកថា ពីមូលបទរបស់វេទិកា «កិច្ចសហ ប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវៈ បង្កើតជោគវាសនារួមដ៏ត្រចះត្រចង់»។ នៅថ្ងៃបន្ទាប់ក្នុងសម័យ ប្រជុំតុមូលរបស់ថ្នាក់ដឹកនាំ សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញចែករំលែកទស្សនវិស័យ លើមូលបទ«ការជំរុញការតភ្ជាប់ ដើម្បីស្វែងរកធនធានថ្មីសម្រាប់ការរីកចម្រើន»។ បន្ទាប់ពី អញ្ជើញចូលរួមវេទិកាខ្សែក្រវាត់និងផ្លូវលើកទី២ សម្ដេចតេជោនាយករដ្ឋមន្ត្រី និងប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលផ្សេងទៀត នឹងអញ្ជើញចូលរួមពិធីបើកពិព័រណ៍សាកវប្បកម្មអន្តរជាតិ២០១៩ ដែលនៅក្នុងឱកាសនោះ សម្ដេចតេជោនាយករដ្ឋមន្ត្រីនឹងសម្ពោធពន្លាជាតិរបស់កម្ពុជា។ ក្នុងអំឡុងពេលស្នាក់នៅប្រទេសចិន សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងមានជំនួបទ្វេភាគីដាច់ ដោយឡែកពីគ្នា ជាមួយឯកឧត្ដមប្រធានាធិបតី ស៊ី ជីនពីង ឯកឧត្ដមនាយករដ្ឋមន្ត្រី លី ខឺឈាង ឯកឧត្ដម វ៉ាង ហ៊ុននីង សមាជិកការិយាល័យនយោបាយ និងជាលេខាធិការដ្ឋាន បក្សកុម្មុយនីស្តចិន។ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏នឹងជួបជាមួយ ឯកឧត្ដម លី យ៉ុង អគ្គ នាយកអង្គការឧស្សាហកម្ម អង្គការសហប្រជាជាតិ ព្រមទាំងទទួលការជួបសម្ដែងការគួរ សមពីតំណាងក្រុមហ៊ុនចិនចំនួន៥ផងដែរ។ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ មាន ការរំពឹងថា នឹងមានការចុះហត្ថលេខាលើឯកសារមួយចំនួនស្ដីពីជំនួយរបស់ចិន ព្រមទាំង គម្រោងកិច្ចសហប្រតិបត្តិការនានាផងដែរ។ លើសពីនេះទោទៀត សម្ដេចតេជោនាយករដ្ឋ មន្ត្រីនឹងថ្លែងសុន្ទរកថាសំខាន់មួយ នៅក្នុងពិធីជួបជាមួយនិស្សិតនិងសាស្ត្រាចារ្យ នៅសាកល វិទ្យាល័យប៉េកាំង ក្នុងឱកាសដ៏ឧត្ដុង្គឧត្ដមដែលសម្ដេចតេជោនាយករដ្ឋមន្ត្រីទទួលបាននូវការ ប្រគល់គោរមងារ ជាសាស្ត្រាចារ្យកិត្តិយសផ្នែកទំនាក់ទំនងអន្តរជាតិ។

គណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងធ្វើមាតុភូមិនិវត្តន៍មកកាន់ កម្ពុជាវិញ នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩៕

ដោយជឹម ណារី