សម្ដេចតេជោហ៊ុនសែនអញ្ជើញដឹកនាំប្រតិភូទៅចូលរួមកិច្ចប្រជុំខ្សែក្រវាត់និងផ្លូវលើកទី២ និងកិច្ចប្រជុំសំខាន់ៗផ្សេងទៀតនៅទីក្រុងប៉េកាំង

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​ និង​លោក​ អ៊ូ​ កាណែល​៖

សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាតបតាមការអញ្ជើញរបស់ឯកឧត្តមស៊ីជីនពីងប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិននៅព្រឹកថ្ងៃទី២៥ខែមេសាឆ្នាំ២០១៩នេះបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលអញ្ជើញទៅចូលរួមវេទិកាខ្សែក្រវាត់និងផ្លូវលើកទី២សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិនិងកិច្ចប្រជុំសំខាន់ៗផ្សេងទៀតដែលប្រព្រឹត្តទៅពីថ្ងៃទី២៥ដល់ថ្ងៃទី២៩ខែមេសានៅទីក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន។

ឯកឧត្តមស្រ៊ីថាមរុង្គរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានបញ្ជាក់ឲ្យដឹងថាកិច្ចប្រជុំវេទិកាខ្សែក្រវាត់និងផ្លូវលើកទី២នេះបានប្រព្រឹត្តទៅបន្ទាប់ពីកិច្ចប្រជុំលើកទី១កាលពីឆ្នាំ២០១៣ដែលពេលនោះមានប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលតែជាង20 រូបប៉ុណ្ណោះដែលចូលរួមប៉ុន្តែពេលនេះកិច្ចប្រជុំលើកទី២នេះចំនួនប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលដែលនឹងចូលរួមមានចំនួនរហូតដល់ជិត៤០រូបនិងប្រតិភូរាប់ពាន់នាក់មកពីបណ្ដាប្រទេសជាដៃគូជាង១០០ប្រទេសចូលរួមរួមនឹងអង្គការអន្តរជាតិនានាផងដែរ។ឯកឧត្តមបន្តថាកិច្ចប្រជុំលើកទី២នេះក៏បង្ហាញពីការរីកចម្រើននិងការយកចិត្តទុកដាក់ជាមួយនិងប្រសិទ្ធភាពនៃគំនិតផ្ដួចផ្ដើមដែលរៀបចំឡើងដោយប្រធានាធិបតីចិនស៊ីជីនពីងដែលសហប្រតិបត្តិការគ្នាកាន់តែសកម្មនិងមានប្រសិទ្ធិភាពមានតម្លាភាពធ្វើពាណិជ្ជកម្មដោយសេរីមិនមានការគាំពារនិយមគឺមានតុល្យភាពនៅក្នុងទំនាក់ទំនងហើយជាងនេះទៀតគឺដើម្បីការរីកចំរើនទាំងអស់គ្នាគឺកសាងសហគមន៍មួយដែលមានសុខសន្តិភាពមានការរីកចម្រើនព្រមៗគ្នា។

ក្នុងសម័យប្រជុំជាន់ខ្ពស់នៃវេទិកាខ្សែក្រវាត់និងផ្លូវលើកទី២នៅថ្ងៃទី២៦ខែមេសាសម្ដេចតេជោនាយករដ្ឋមន្ត្រីនឹងថ្លែងសុន្ទរកថាពីមូលបទរបស់វេទិកាកិច្ចសហប្រតិបត្តិការខ្សែក្រវាត់និងផ្លូវបង្កើតជោគវាសនារួមដ៏ត្រចះត្រចង់។នៅថ្ងៃបន្ទាប់នៅក្នុងសម័យប្រជុំតុមូលរបស់ថ្នាក់ដឹកនាំសម្ដេចតេជោនាយករដ្ឋមន្ត្រីនឹងអញ្ជើញចែករំលែកទស្សនៈវិស័យលើមូលបទការជំរុញការតភ្ជាប់ដើម្បីស្វែងរកធនធានថ្មីសម្រាប់ការរីកចម្រើន

បន្ទាប់ពីអញ្ជើញចូលរួមវេទិកាខ្សែក្រវាត់និងផ្លូវលើកទីសម្តេចតេជោនាយករដ្ឋមន្ត្រីនិងប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលផ្សេងទៀតនឹងអញ្ជើញចូលរួមពិធីបើកពិព័រណ៍សាកវប្បកម្មអន្តរជាតិ២០១៩ដែលនៅក្នុងឱកាសនោះសម្ដេចតេជោនាយករដ្ឋមន្ត្រីនឹងសម្ពោធពន្លាជាតិរបស់កម្ពុជា។

ក្នុងអំឡុងពេលស្នាក់នៅប្រទេសចិនសម្តេចតេជោនាយករដ្ឋមន្ត្រីនឹងជួបទ្វេភាគីដាច់ដោយឡែកពីគ្នាជាមួយឯកឧត្តមប្រធានាធិបតីស៊ីជិនពីងឯកឧត្តមនាយករដ្ឋមន្ត្រីលីខឺឈាងឯកឧត្តមវ៉ាងហ៊ុននឹងសមាជិកការិយាល័យនយោបាយនិងជាលេខាធិការនៃលេខាធិការដ្ឋានបក្សកុម្មុយនិស្តចិន។សម្តេចតេជោនាយករដ្ឋមន្ត្រីក៏នឹងជួបជាមួយឯកឧត្តមលីយ៉ុងអគ្គនាយកអង្គការឧស្សាហកម្មអង្គការសហប្រជាជាតិព្រមទាំងទទួលការចូលជួបសំដែងការគួរសមពីតំណាងក្រុមហ៊ុនចិនមួយចំនួន។

ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះមានការរំពឹងថានឹងមានការចុះហត្ថលេខាលើឯកសារមួយចំនួនស្ដីពីជំនួយរបស់ចិនព្រមទាំងគម្រោងកិច្ចសហប្រតិបត្តិការនានាផងដែរ។លើសពីនេះទៅទៀតសម្តេចតេជោនាយករដ្ឋមន្ត្រីនឹងថ្លែងសុន្ទរកថាសំខាន់មួយនៅក្នុងពិធីជួបជាមួយនិស្សិតនិងសាស្ត្រាចារ្យនៅសាកលវិទ្យាល័យប៉េកាំងក្នុងឱកាសដ៏ឧត្តុង្គឧត្តមដែលសម្ដេចទទួលបាននូវការប្រគល់គោរម្យងារជាសាស្ត្រាចារ្យកិត្តិយសផ្នែកទំនាក់ទំនងអន្តរជាតិ។

សូមជម្រាបថាឥស្សរជនអញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្ត្រីរួមមានឯកឧត្តមឧបនាយករដ្ឋមន្ត្រីហោណាំហុងឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនរដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិឯកឧត្តមស៊ុនចាន់ថុលទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីសាធារណការនិងដឹកជញ្ជូនឯកឧត្តមវេងសាខុនរដ្ឋមន្ត្រីកសិកម្មរុក្ខាប្រមាញ់និងនេសាទឯកឧត្តមប៉ានសូរស័ក្កិរដ្ឋមន្ត្រីពាណិជ្ជកម្មឯកឧត្តមម៉មប៊ុនហេងរដ្ឋមន្ត្រីសុខាភិបាលឯកឧត្តមថោងខុនរដ្ឋមន្ត្រីទេសចរណ៍សមាជិកជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាផ្សេងទៀតនិងថ្នាក់ដឹកនាំធុរកិច្ចនៃសភាពាណិជ្ជកម្មកម្ពុជា៕