កិច្ចប្រជុំលើកទី១ក្រុមការងារបច្ចេកទេសវាយតម្លៃសក្តានុពលថាមពលពន្លឺព្រះអាទិត្យ

AKP ភ្នំពេញ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ -ថ្ងៃពុធ ៥រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងបរិស្ថាន អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច.) បានសហការជាមួយអង្គការ UNDP រៀបចំកិច្ចប្រជុំលើកទី១ ក្រុមការងារបច្ចេកទេសវាយតម្លៃសក្តានុពលថាមពលពន្លឺព្រះអាទិត្យ ។

ប្រភពព័ត៌មានពីក្រសួងបរិស្ថានបានឱ្យដឹងថា កិច្ចប្រជុំលើកទី១ ក្រុមការងារបច្ចេក ទេសវាយតម្លៃសក្តានុពលថាមពលពន្លឺព្រះអាទិត្យ ដឹកនាំដោយ ឯកឧត្តម ឯ វុឌ្ឍី អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន ក.ជ.អ.ច. និងមានការចូលរួមពីមន្រ្តីបង្គោល នៃអគ្គលេខាធិការដ្ឋាន ក.ជ.អ.ច. ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងរ៉ែនិងថាមពល អាជ្ញាធរអគ្គិសនីកម្ពុជា ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងក្រុមការងារ និងទីប្រឹក្សារបស់អង្គការ UNDP សរុបចំនួន១៦នាក់។

ប្រភពខាងលើដដែលបានគូសបញ្ជាក់ថា កិច្ចប្រជុំនេះរៀបចំឡើងដើម្បីពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងសេចក្តីសម្រេចស្តីពី ការបង្កើតក្រុមការងារបច្ចេកទេសវាយតម្លៃសក្តានុពលថាមពលពន្លឺព្រះអាទិត្យ (ផ្តោតលើតួនាទី និងការទទួលខុសត្រូវ) ពិភាក្សាលើជម្រើសម៉ូដែលសេដ្ឋកិច្ចដែលសមស្របសម្រាប់វាយតម្លៃលើសក្តានុពលថាមពលពន្លឺព្រះអាទិត្យនៅកម្ពុជា និង កំណត់ផែនការ និងទិសដៅដែលត្រូវធ្វើរបស់ក្រុមការងារ។ លើសពីនេះទៀត ក្រុមការងារបច្ចេកទេសនេះ នឹងមានវិសាលភាពការងារបន្ថែមទៀតដោយក្នុងនោះរួមមាន ការរៀបចំគោលនយោបាយពាក់ព័ន្ធថាមពលពន្លឺព្រះអាទិត្យ ការសិក្សាពីការខាតបង់ផ្នែកសេដ្ឋកិច្ចនៅពេលមានការផ្អាកផ្គត់ផ្គង់អគ្គិសនី (ដាច់ភ្លើង) និងការសិក្សាពីជម្រើសនៃថាមពលអគ្គិសនីសល់ដែលផលិតចេញពីប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលដែលមានស្រាប់នៅតាមឧស្សាហកម្ម និងកន្លែងពាណិជ្ជកម្មខ្នាតធំ។

ប្រភពខាងលើបញ្ជាក់ថា ការវាយតម្លៃសក្តានុពលថាមពលពន្លឺព្រះអាទិត្យដែលក្រុមការងារកំពុងរៀបចំសិក្សានេះមានគោលបំណងវាស់វែងអំពីផលប្រយោជន៍ នៃថាមពលព្រះអាទិត្យទៅលើផ្នែកសេដ្ឋកិច្ច និង ជីវភាពរស់នៅ ដោយគិតគូរដល់បរិស្ថាន ព្រមទាំងបង្ហាញនូវការវាយតម្លៃជាក់លាក់ជាងមុនខាងផ្នែកសេដ្ឋកិច្ច អំពីផលប្រយោជន៍ និងថ្លៃចំណាយ៕

ដោយ ពេជ្រ ណារិទ្ធ