ជនមានពិការភាពក្រីក្រក្នុងខេត្តចំនួន៥បន្ថែមទៀតនឹងទទួលបានរបបឧបត្ថម្ភ​គោលនយោ បាយពីរាជរដ្ឋាភិបាលកម្ពុជាឆ្នាំ២០១៩នេះ

AKP បន្ទាយមានជ័យ ថ្ងៃទី២៥ ខែមេសា ​ឆ្នាំ២០១៩ -ជនមានពិការភាពក្រីក្រក្នុងខេត្តចំនួន​៥បន្ថែមទៀតនឹងទទួលបានរបបឧបត្ថម្ភគោល​នយោបាយពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ជីវភាពរស់នៅឱ្យកាន់តែមានភាព​ប្រសើរឡើងថែមទៀត ក្នុងពេលឆាប់ៗខាងមុខនេះ។ នេះបើតាមការលើកឡើងរបស់ ​​ឯកឧត្តម ហាច ហ៊ាន អនុរដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ​ ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយដាក់ឱ្យអនុវត្តន៍របបគោលនយោបាយ ចំពោះជនពិការ ក្រីក្រនៅតាមសហគមន៍ ​កាលពីថ្ងៃពុធ ៥រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ នៅ​សាលាខេត្តបន្ទាយមានជ័យ។

ឯកឧត្តម ហាច ហ៊ាន បានឱ្យដឹងទៀតថា សម្រាប់ឆ្នាំ២០១៩នេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដាក់ឱ្យដំណើរការអនុវត្តន៍របបគោលនយោបាយនេះ ចំនួន ៥ខេត្តថ្មីបន្ថែមទៀត រួមមាន៖ ខេត្តកំពត តាកែវ កំពង់ឆ្នាំង បន្ទាយមានជ័យ និងខេត្ត ឧត្តរមានជ័យ។

ឯកឧត្តមបន្តទៀតថាជាមួយនឹងការអនុវត្តគោលនយោបាយខាងលើនេះ គិតចាប់ពីឆ្នាំ ២០១៦មក ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានធ្វើអត្តសញ្ញាណកម្មជន ពិការក្រីក្រ និងបានផ្តល់របបគោលនយោបាយជូនជនពិការក្រីក្រ ចំនួន ១១.៦២៨នាក់ ក្នុង ខេត្តចំនួន១០ គឺខេត្តត្បូងឃុំ ព្រៃវែង ស្វាយរៀង ប៉ៃលិន កំពង់ចាម កណ្តាល កំពង់ធំ កំពង់ស្ពឺ បាត់ដំបង និង ខេត្តពោធិ៍សាត់។

​ឯកឧត្តមអនុរដ្ឋលេខាធិការ បានបន្ថែមទៀតថា បច្ចុប្បន្នជនមានពិការភាពមិនត្រូវ បានគេរើសអើង និងត្រូវបានយកចិត្តទុកដាក់ពីគ្រប់មជ្ឈដ្ឋាន ក្នុងឆ្នាំ២០១៨កន្លងទៅ ជន ពិការចូលបម្រើការងារ ក្នុងក្រសួង ស្ថាប័នរដ្ឋចំនួន៤០ មានជនពិការចំនួន ២.៨៣៩នាក់ ក្នុងនោះស្រ្តីពិការចំនួន ៧៥៦នាក់ ​។

ដោយឡែក វិស័យឯកជន (ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ រោងចក្រ) ស្ថិតិក្រសួង បានសាកល្បង លើរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តសៀមរាប លើ៧៧ អង្គភាព គឺមានជនពិការចូលបម្រើការងារចំនួន ៣.០៥៥នាក់ ក្នុងមានស្រ្តី ១.៩៤៧នាក់ ​សរុប ទាំងស្ថាប័នរដ្ឋ និងឯកជនទូទាំងប្រទេស ទាំងមូល មានចំនួនជនពិការ ៥.៨៦៨នាក់។ ជាមួយ គ្នានេះដែរ ក្រសួងបានជំរុញការលើកកម្ពស់ជនពិការក្រីក្រ តាមរយៈគោលនយោបាយ លិខិត បទដ្ឋាន និងយន្តការនានា ដែលបាន និងកំពុងដាក់ឱ្យអនុវត្តន៍។

អភិបាលរងខេត្តបន្ទាយមានជ័យលោក អ៊ុំ រាត្រី បានលើកឡើងថា ខេត្តបន្ទាយមាន ជ័យកន្លងមកក៏ដូចជាបច្ចុប្បន្នបានយកចិត្តទុកដាក់ខ្ពស់លើវិស័យពិការភាពនៅទូទាំងខេត្តព្រោះថា ការងារពិការភាព គឺជាការងារពហុវិស័យដែលទាមទារឱ្យយើងទាំងអស់គ្នាយកចិត្ត ទុកដាក់ការពារនិងលើកកម្ពស់សិទ្ធិជនពិការព្រោះថាជនពិការក៏ជាប្រភពធនធានមួយនៃការចូលរួម​អភិវឌ្ឍន៍ប្រទេសជាតិផងដែរ។

លោក អភិបាលរងខេត្តមានជំនឿយ៉ាងមុតមាំថា តាមរយៈការផ្តល់របបគោលនយោ បាយដល់ជនពិការក្រីក្រក្នុងសហគមន៍គឺជាការលើកកម្ពស់ជីវភាពដល់ជនមានពិការភាពក្នុងខេត្តបន្ទាយ​មានជ័យ ឱ្យ​មានជីវភាពកាន់តែប្រសើរឡើងមួយកម្រិត​ថែមទៀត៕

ដោយ ឈុន សារ៉ាត