ក្រសួងបរិស្ថានសហការជាមួយ UNEP ពង្រឹងការអនុវត្តសកម្មភាពមួយចំនួនសម្រាប់កាត់ បន្ថយសារធាតុហាយដ្រូភ្លុយអរ៉ូកាបូន

AKP ភ្នំពេញ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ -ថ្ងៃពុធ ៥រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ នាយកដ្ឋានគ្រប់គ្រងគុណភាពខ្យល់ និងសំឡេង នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន សហការជាមួយអង្គការកម្មវិធីបរិស្ថានសហប្រជាជាតិ (UNEP) បានរៀបចំកិច្ចប្រជុំជាមួយស្ថាប័នពាក់ព័ន្ធ ស្តីពីការអនុវត្តសកម្មភាពមួយចំនួនសម្រាប់កាត់បន្ថយសារធាតុហាយដ្រូភ្លុយអរ៉ូកាបូន និងរបាយការណ៍វាយតម្លៃតម្រូវការរបស់កម្ពុជា នៅរាជធានីភ្នំពេញ។

តាមអត្ថបទព័ត៌មានដែលផ្សព្វផ្សាយលើបណ្តាញសង្គមរបស់ក្រសួងបរិស្ថានបានឱ្យ​ដឹងថា នៅក្នុងអង្គប្រជុំ ឯកឧត្តម ហេង ណារ៉េត អគ្គនាយក នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន បានលើកឡើងថា ក្នុងនាមរដ្ឋភាគី ក្រសួងបរិស្ថានដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា យើងបានបញ្ឈប់ការប្រើប្រាស់សារធាតុក្លរ៉ូភ្លុយអរ៉ូកាបូន ទាំងស្រុងនៅឆ្នាំ២០១០ បាននិងកំពុងអនុវត្តន៍ផែនការគ្រប់គ្រងសារធាតុហាយដ្រូក្លរ៉ូភ្លុយអរ៉ូកាបូន ស្របតាមផែនការលុបបំបាត់សារធាតុបំផ្លាញស្រទាប់អូហ្សូនរបស់ពិធីសារម៉ុងរ៉េអាល់។

ឯកឧត្តម ហេង ណារ៉េត បន្ថែមថា កម្ពុជាតែងតែគាំទ្រយ៉ាងពេញទំហឹងចំពោះការធ្វើវិសោធនកម្មលើពិធីសារម៉ុងរ៉េអាល់ ក្នុងការបញ្ចូលសារធាតុហាយដ្រូភ្លុយអរ៉ូកាបូន (HFC) ទៅក្នុងបញ្ជីសារធាតុដែលត្រូវត្រួតពិនិត្យដែលសារធាតុនេះជាសារធាតុមានសក្ដានុពលនៃការកើនកំដៅផែនដីខ្ពស់។ យ៉ាងណាមិញការធ្វើវិសោធនកម្មនេះត្រូវបានអនុម័តនាកិច្ចប្រជុំលើកទី២៨ នៃរដ្ឋភាគីនៃពិធីសារម៉ុងរ៉េអាល់ ដែលបានប្រព្រឹត្តទៅពីថ្ងៃទី០៨ ដល់១៤ ខែតុលា ឆ្នាំ២០១៦ នៅទីក្រុងគីហ្គាលី ប្រទេសរ៉ូវ៉ាន់ដា ផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម ហេង ណារ៉េត បានសង្កត់ធ្ងន់ថា ដើម្បីនិរន្តរភាពបរិស្ថាន កម្ពុជាក៏បានប្តេជ្ញាបន្តអនុវត្តន៍ឱ្យបានជោគជ័យនូវរាល់ភារកិច្ចរបស់ខ្លួន ក្នុងការគ្រប់គ្រងទប់ស្កាត់ និងលុបបំបាត់ការប្រើប្រាស់សារធាតុបំផ្លាញស្រទាប់អូហ្សូន ធ្វើយ៉ាងណាសំដៅរួមចំណែកដល់បេសកកម្ម និងយុទ្ធនាការរបស់អង្គការសហប្រជាជាតិ ដើម្បីធានាឱ្យបាននូវសុវត្ថិភាពនៃស្រទាប់អូហ្សូន ការរស់នៅដោយចីរភាព និងភាពសុខុដុមរមនារបស់មនុស្ស សត្វ និងរុក្ខជាតិនៅលើភពផែនដី។

ប្រភពខាងលើបានបញ្ជាក់ឱ្យដឹងថា កិច្ចប្រជុំជាមួយស្ថាប័នពាក់ព័ន្ធ ស្តីពីការអនុវត្តសកម្មភាពមួយចំនួនសម្រាប់កាត់បន្ថយសារធាតុហាយដ្រូភ្លុយអរ៉ូកាបូន ដឹកនាំដោយឯកឧត្តម ហេង ណារ៉េត អគ្គនាយក នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន លោក Pipat Poopeesurapong តំណាងការិយាល័យថ្នាក់តំបន់ នៃអង្គការកម្មវិធីបរិស្ថានសហប្រជាជាតិ(UNEP) និងមានការចូលរួមពីមន្រ្តីនៃក្រសួងបរិស្ថាន តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងក្រុមហ៊ុននាំចូលសារធាតុធ្វើឱ្យត្រជាក់ និងបរិក្ខារត្រជាក់ អ្នកជំនាញការជាតិ និងអន្តរជាតិ ជាច្រើននាក់ ដើម្បីពិភាក្សា និងទទួលអនុសាសន៍ ដើម្បីបញ្ចូលក្នុងរបាយការណ៍ចុងក្រោយ នៃការវាយតម្លៃតម្រូវការរបស់កម្ពុជា ឈានទៅអនុវត្តន៍ការលុបបំបាត់សារធាតុ HFCs ក្រោមវិសោធនកម្មទីក្រុងគីហ្គាលី នៃពិធីសារម៉ុងរ៉េអាល់ ស្តីពីសារធាតុបំផ្លាញស្រទាប់អូហ្សូន ៕

ដោយ ពេជ្រ ណារិទ្ធ