ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន៤ពាក់ព័ន្ធ បេឡាជាតិរបបសន្ដិសុខសង្គម

AKP ភ្នំពេញ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ — ឯកឧត្តមអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គមបានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាជាតិ គាំពារសង្គមលើកទី២ដើម្បីពិនិត្យនិងពិភាក្សាលើរបៀបវារៈចំនួន៤ពាក់ព័ន្ធបេឡាជាតិរបបសន្ដិសុខសង្គម(ប.ស.ស)។ កិច្ចប្រជុំនេះធ្វើឡើងកាលពីថ្ងៃទី២៣ ខែ មេសា ឆ្នាំ ២០១៩ នៅ​ទីស្ដី ការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ របៀបវារៈចំនួន៤ រួមមាន៖ ទី១. វឌ្ឍនភាព​ការងារ​របស់​បេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស.) គិតត្រឹមឆមាសទី១ ឆ្នាំ២០១៩ ផ្នែកថែទាំ សុខភាព​របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព បានគ្រប់ដណ្តប់ប្រជាជនចំនួន ២.០២៤.៣៤០នាក់ ដោយរួមបញ្ចូលទាំងកម្មករ និយោជិក អតីតមន្រ្តីរាជការ និងអតីតយុទ្ធជន។ ក្នុងការអនុវត្ត​របបនេះ ប.ស.ស. បានចុះកិច្ចព្រមព្រៀងជាមួយមូលដ្ឋានសុខាភិបាលទូទាំង ២៥ រាជធានី-ខេត្តចំនួន ១.៣៣៥ (ក្នុងនោះមាន មន្ទីរពេទ្យ ថ្នាក់ជាតិ៥, មន្ទីរពេទ្យបង្អែក ១០៩, មណ្ឌល សុខភាព១.១៧៨ និងគ្លីនិកឯកជន៤៣) ដើម្បីបង្ខិតសេវាឱ្យកាន់តែកៀកដល់​សមាជិក ប.ស.ស.។ ចំពោះផ្នែកហានិភ័យការងារ ប.ស.ស. បានអនុវត្តន៍របបសន្តិសុខសង្គម ផ្នែក ហានិភ័យការងារសម្រាប់វិស័យឯកជនដោយសម្រេចបានការចុះបញ្ជីសហគ្រាស ចំនួន ១.៣០៩ ក្នុងនោះមានកម្មករ និយោជិតចំនួន ១.៧១២.០៣៤ នាក់ ។ ការផ្តល់ប្រាក់ឧបត្ថម្ភ សម្រាប់កម្មការិនីសម្រាលកូន ក្នុងឆ្នាំ២០១៨, ប.ស.ស. បានឧបត្ថម្ភសាច់ប្រាក់ សម្រាប់កម្ម ការិនីសម្រាលកូនក្នុងឆ្នាំ២០១៨ មានចំនួន៦៥.៨៨៤នាក់ ដែលមានកូនចំនួន៦៥.៩៦៥ នាក់។ក្នុងត្រីមាសទី១ ឆ្នាំ ២០១៩, កម្មាការិនីចំនួន១៩.១០២ នាក់ ក៏បានសម្រាលកូន ដោយទទួលបានប្រាក់ឧបត្ថម្ភនេះដែរ។ ក្នុងរបៀបវារៈទី២. ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពី របបសន្តិសុខសង្គម៖ ក្រុមប្រឹក្សាជាតិគាំពារសង្គមបានអនុម័តលើ “សេចក្តីព្រាងច្បាប់ស្តីពី របបសន្តិសុខសង្គម” និងបានប្រគល់ភារកិច្ចជូនក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបំពេញនីតិវិធីបន្ត។ សេចក្តីព្រាងច្បាប់នេះ មានគោលដៅ ចម្បង គឺការដាក់ឱ្យដំណើរ ការរបបសោធនសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីការងារ ដោយរួមបញ្ចូលបុគ្គលិកធ្វើការតាមផ្លូវអាកាស និងនាវាសមុទ្រជាដើម និងបានធ្វើ សមា ហរណកម្មរបបសោធនសម្រាប់និយោជិតនៃវិស័យសាធារណៈឱ្យស្ថិតក្នុងប្រព័ន្ធតែមួយ។

ទន្ទឹមនេះ សេចក្តីព្រាងច្បាប់នេះ ក៏កំណត់ផងដែរនូវក្របខ័ណ្ឌអភិបាលកិច្ចថ្នីដែលរួម មាន កម្រិតគោលនយោបាយ កម្រិតនិយ័តករ និងប្រតិបត្តិករស្របទៅតាមក្របខ័ណ្ឌ គោល នយោបាយជាតិគាំពារសង្គម២០១៦-២០២៥។ របៀបវារៈទី៣. កម្មវិធីការឧបត្ថម្ភសាច់ប្រាក់​ជូនស្រី្ដ​មានផ្ទៃពោះ និងកុមារអាយុក្រោម២ ឆ្នាំ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ គឺផ្តោតការយកចិត្តទុកដាក់ជាបឋម លើស្ត្រីមានផ្ទៃពោះ នៃគ្រួសារ ក្រីក្រដែលមានប័ណ្ណសមធម៌ និងស្ត្រីមានផ្ទៃពោះក្រីក្រដែលកាន់ប័ណ្ណ Post-ID របស់ក្រសួង​សុខាភិបាលទោះបីជាស្រ្តីទាំងនោះជាកម្មករនិយោជិតក៏ដោយ។ កម្មវិធីនេះគ្រោងនឹងដាក់ឱ្យ ដំណើរការនៅក្នុងខែមិថុនាខាងមុខ។ កិច្ចប្រជុំ ក៏បានពិភាក្សា និងសម្រេចជាគោលការណ៍ លើការផ្តល់ប្រាក់ឧបត្ថម្ភដល់ស្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ដែលត្រូវភ្ជាប់ទៅ​នឹង​លក្ខខ័ណ្ឌនៃការមកទទួលសេវាសុខភាពនៅតាមមូលដ្ឋានសុខាភិបាលក្នុងគោលបំណងក្នុងការលើកកម្ពស់អាហារូបត្ថម្ភរបស់កុមារក្នុងគ្រួសារក្រីក្រ សំដៅជំរុញការលូតលាស់ ទាំងកាយ សម្បទា និងបញ្ញាស្មារតី។

ការឧបត្ថម្ភនេះធ្វើឡើងជា៣ដំណាក់កាល៖ដំណាក់កាលទី ១៖ ផ្តល់ការឧបត្ថម្ភចំនួន៤០.០០០ រៀលក្នុង១ដង សម្រាប់ការមកទទួលសេវាពិនិត្យផ្ទៃពោះចំនួន ៤ដង មុនពេលសម្រាលកូន។ ដំណាក់កាលទី ២៖ ផ្តល់ការឧបត្ថម្ភចំនួន ២០០.០០០ រៀល ក្នុង១ដងគត់ នៅពេលសម្រាលកូន។ ដំណាក់កាលទី៣៖ ផ្តល់ការឧបត្ថម្ភចំនួន ៤០.០០០ រៀល ក្នុង១ដង នៅពេលមកទទួលសេវាពិនិត្យសុខភាពក្រោយពេលសម្រាលចំនួន០៤ដង និងចំនួន០៦ដង ចុងក្រោយ សម្រាប់ការនាំកូនមកចាក់ថ្នាំបង្ការ ក្នុង០១លើកៗ រហូត ដល់ អាយុ២ឆ្នាំ។ របៀបវារៈទី៤. វឌ្ឍនភាពនៃការអនុវត្តការងារផ្សេងទៀត​ក្រុមប្រឹក្សាជាតិគាំពារ​សង្គម ក៏បានពិភាក្សាអំពីវឌ្ឍនភាព ក្នុងឆ្នាំ២០១៨ នៃការអនុវត្តក្របខ័ណ្ឌគោលនយោបាយ​ជាតិគាំពារសង្គម ២០១៦-២០២៥ និងទិសដៅសម្រាប់សកម្មភាពបន្ត ក្នុងការអនុវត្តកម្មវិធី​ជំនួយ​សង្គម, កម្មវិធីសន្តិសុខសង្គម និងការធ្វើសុខុដុមនីយកម្មប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រង​ទិន្ន​ន័យ​គាំពារសង្គមដែលត្រូវមានសង្គតភាពជា មួយប្រព័ន្ធទិន្នន័យអត្តសញ្ញាណកម្មជាតិ ។ កិច្ចប្រជុំ ក៏បានពិភាក្សាអំពីយន្តការក្នុងការសម្របសម្រួលរវាងរាជរដ្ឋាភិបាល និងដៃគូ​អភិវឌ្ឍន៍​លើវិស័យ គាំពារសង្គម និងការរៀបចំយន្តការត្រួតពិនិត្យ និងវាយតម្លៃក្របខ័ណ្ឌ​ជាតិគាំពារសង្គម ក៍ដូចជាបានកំណត់នូវផែនការ សកម្មភាពដែលត្រូវអនុវត្តន៍បន្ដក្នុង​ឆ្នាំ២០១៩-២០២០ ផងដែរ ៕

ដោយ គង់ សិរីរ័ត្ន