ក្រសួងបរិស្ថានស្នើឱ្យប្រជាពលរដ្ឋបញ្ឈប់រាល់សកម្មភាពខុសច្បាប់លើករណីឈូលឆាយ កាប់ឆ្ការ រុករានទន្ទ្រានដីព្រៃរបស់រដ្ឋ

AKP ភ្នំពេញ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ — មន្រ្ដីជាន់ខ្ពស់ក្រសួងបរិស្ថានបានលើកឡើងថា ស្របពេលដែលទីផ្សារដីធ្លីនៅកម្ពុជា​មាន​តម្លៃខ្ពស់ ក្រុមមេខ្យល់ជាជនខិលខូចមួយចំនួនបានប្រើប្រាស់ប្រជាពលរដ្ឋជាខែល ដើម្បី រំលោភបំពានទន្ទ្រានកាន់កាប់ដីព្រៃរដ្ឋ ដែលស្ថិតនៅក្នុងឧទ្យានជាតិ និងតំបន់ការពារធម្មជាតិ នានាក្នុងប្រទេសកម្ពុជាដោយខុសច្បាប់ដើម្បីមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។  ទន្ទឹមនេះ ក្រុមជន​ខិលខូចបានប្រើប្រាស់ប្រជាពលរដ្ឋស្លូតត្រង់ឱ្យបំពានចូលកាន់កាប់ដីធ្លីដែលមានកម្មសិទ្ធិត្រឹមត្រូវដើម្បីយកមកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន។

ឯកឧត្តម នេត្រ ភក្រ្តា បានគូសបញ្ជាក់ថា ក្រុមជនខិលខូចបាននិងកំពុងអនុវត្តន៍ទ្រឹស្តី «ឈ្នះបានដី ចាញ់បានលុយ» ហើយពួកគេបានភូតកុហកបោកប្រាស់ពលរដ្ឋស្លូតត្រង់​ដោយ​យកដីរដ្ឋ ឬដីដែលមានកម្មសិទ្ធិមកធ្វើជារបស់ខ្លួន និងលក់ក្នុងតម្លៃថោកៗឱ្យពលរដ្ឋ។  ពេល ខ្លះពួកគេបានញុះញង់ពលរដ្ឋឱ្យសាងសង់ខ្ទមតូចៗ និងដាំដំណាំផ្សេងៗលើដី​របស់គេ ដែល មានកម្មសិទ្ធិដើម្បីតវ៉ាថាខ្លួនបានតាំងទីលំនៅជាយូរមកហើយ និងប្រសិនបើចង់ឱ្យរុះរើចេញ ត្រូវមានសំណង ឬផ្តល់ចំណែកដីណាមួយដល់ខ្លួនជាដើម។

ឯកឧត្តមរដ្ឋលេខាធិការបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋស្លូតត្រង់ សូមកុំចាញ់ បោកមេខ្យល់ខិលខូច និងសូមកុំចូលរួមក្នុងសកម្មភាពរំលោភបំពានច្បាប់ដែលនាំឱ្យមានការ ប្រឈមចំពោះ​មុខច្បាប់ ព្រោះគ្មានជនណាម្នាក់អាចយកដីរដ្ឋទៅលក់ដូរបានឡើយ។ ជាមួយ​គ្នានេះ បងប្អូនប្រជាពលរដ្ឋថា មុននឹងទិញលក់ដី ត្រូវប្រយ័ត្នប្រយែងក្រែង​ប៉ះចំដីរដ្ឋ ឬដីដែល​មានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវ ដែលនាំឱ្យបងប្អូនបាត់បង់ផលប្រយោជន៍។ ឯកឧត្តមបានបន្ដ ទៀតថា អាជ្ញាធរមានសមត្ថកិច្ចបាននិងកំពុងតែធ្វើការស៊ើបអង្កេតវែកមុខរកមេខ្យល់ទាំងអស់ និងចងសំណុំរឿងបញ្ជូនទៅតុលាការ ក៏ដូចជាការពិនិត្យ និងដកហូតមកវិញ​នូវដីរដ្ឋដែល ទន្ទ្រានកាន់កាប់ ដោយខុសច្បាប់ពីក្រុមជនខិលខូច។ ឯកឧត្តមបានបន្ថែមថា កន្លងទៅនេះ អាជ្ញាធររបស់រាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការច្បាប់ប្រឆាំងនឹងបទ​ល្មើសនេះ នៃការ​រុករានទន្ទ្រានកាន់កាប់ដីនៅក្នុងតំបន់ការពារ ហើយមេខ្លោងមួយចំនួន​ដែលនៅពីក្រោយ​បទ​ល្មើសនេះត្រូវបានចាប់ខ្លួន និងបានកសាងសំណុំរឿងបញ្ជូនទៅ​តុលាការ​ដើម្បីជំនុំជម្រះ​ក្តី​តាមច្បាប់បណ្តើរៗហើយ។

ជាមួយគ្នានេះ ក្រសួងបរិស្ថានបានប្រកាសឱ្យជនខិលខូចត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់ សកម្មភាព ខុសច្បាប់ជាអាទិ៍ការឈូលឆាយ ការកាប់ឆ្ការ ដុត រុករានទន្ទ្រានដីព្រៃ ការសាង សង់ខ្ទម ឬរោង ការដាំដំណាំ ឬការអាស្រ័យផលលើដីរបស់រដ្ឋ។ ចំណែកអាជ្ញាធរ ក៏បាន​ប្រកាសឱ្យឈប់ជាបន្ទាន់នូវរាល់ការទិញលក់ដីរដ្ឋ និងការបញ្ជាក់ការទិញលក់ដីរដ្ឋ ដោយ​ខុស​ច្បាប់។ ឯកឧត្តមបានបន្ថែមថា ជនដែលនៅតែរំលោភបំពាន នឹងត្រូវប្រឈមមុខ​ចំពោះច្បាប់ជាកំហិតយោងតាមច្បាប់ស្តីពីការការពារតំបន់ធម្មជាតិ ច្បាប់ព្រៃឈើ និងច្បាប់ភូមិបាល៕

ដោយ អ៊ុន រិទ្ធី